(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ដំណើរអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជាបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបង្ហាញវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងជាការលើកកេត្យានុភាព និងកិត្តិយសរបស់ជាតិកម្ពុជាលើឆាកអន្តរជាតិផងដែរ។

ក្នុងដំណើរចូលរួមកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសេចក្តីថ្លែងការណ៍មួយនៅចំពោះមុខមេដឹកនាំលើពិភពលោក ដែលចូលរួមនៅក្នុងមហាសន្និបាតនោះផងដែរ។ សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងថ្លែងនៅថ្ងៃទី២៨ ខែកញ្ញា នោះ នឹងផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួមផងដែរ។

ឆ្លៀតពេលក្នុងកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍របស់ពិភពលោកដ៏សំខាន់នេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិរបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ដែលរៀបរាប់សង្ខេបដោយលោក យោង ចាន់សុភារ អតីតអ្នកការទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ៖

កម្ពុជា នៅក្នុងឆ្នាំ១៩៥២ ពោលមុនកម្ពុជាទទួលបានឯករាជ្យពីបារាំងមួយឆ្នាំនោះ ក្រោមការដឹកនាំរបស់ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ​សហប្រជាជាតិ។ តាមរយៈសំណើរបស់កម្ពុជា ដែលបានធ្វើឡើងនៅមុនពេលកម្ពុជាទទួលបានឯករាជ្យពីបារាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា អ្នកដឹកនាំសម័យនោះ មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អាយុជីវិតនៃប្រទេសដ៏តូចមួយនេះ និងយល់ពីសារៈសំខាន់ នៃការភ្ជាប់ខ្លួនជាមួយក្លិបពហុភាគីដ៏ធំនេះ ព្រោះធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រៅពីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏បានឲ្យសារៈសំខាន់លើគោលការណ៍របស់សហប្រជាជាតិ។ ជាពិសេសប្រទេសមិនថា ធំឬតូច មានចំនួនប្រជាជនរាប់កោដ្ឋ ឬតិចជាងកន្លះលាននាក់ គឺមានសំឡេង១ដូចគ្នានៅមហាសន្និបាត។ ជាងនេះទៀត ធម្មនុញ្ញសហប្រជាជាតិ បានចែងអំពីគោលការណ៍មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋមួយ។

ដោយយល់ពីគោលការណ៍ដ៏សំខាន់ទាំងនេះហើយ បានជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ រដ្ឋមន្រ្តីការបរទេសលោក ហ៊ុយ កន្ធុល (Huy Kanthoul) របស់កម្ពុជា បានសរសេរលិខិតទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ឌេក ហាម៉ាហ្សូល ដែលតាមរយៈលិខិតនោះ កម្ពុជាបានខិតខំបញ្ចុះបញ្ចូលនូវចំណុចសំខាន់ៗដូចជា៖

• កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព និងមានការទទួលស្គាល់ដោយ ៣២ប្រទេស។

• កម្ពុជា មានអ្នកតំណាងនៅបណ្តារដ្ឋធានីឯទៀត។ រហូតដល់ពេលនេះ អាម៉េរិក ចក្រភពអង់គ្លេស ថៃ អ៉ីតាលី និងអូស្រ្តាលី បានប្រគល់សារតាំងថ្វាយ ព្រះមហាក្សត្សកម្ពុជារួចហើយ។ ទោះមិនទាន់ក្លាយជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជា ជាសមាជិករបស់អង្គការភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ដូចជាអង្គការ WHO (ឆ្នាំ១៩៥០) FAO (ឆ្នាំ១៩៥០) UNESCO (ខែធ្នូ ឆ្នាំ១៩៥០) UPU (ឆ្នាំ១៩៥១) ITU (ឆ្នាំ១៩៥១) និងអង្គការអន្តរជាតិឯទៀត។

ក្រោយពីលិខិតនេះ បានទៅដល់ដៃលោកអគ្គលេខាធិការហើយ គេត្រូវរង់ចាំដល់ទៅ៣ឆ្នាំ ទើបកម្ពុជាបានក្លាយជាសមាជិកអង្គការ​សហប្រជាជាតិ។ ការរង់ចាំរហូតដល់ទៅ៣ឆ្នាំនេះ ដោយសារដំណើរបញ្ចូលប្រទេសមួយ ជាសមាជិកអង្គការសហប្រជាជាតិមួយ ជាដំបូងត្រូវអនុម័តយល់ព្រមដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបន្ទាប់មកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវផ្តល់អនុសាសន៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដោយ សំឡេង២/៣ នៃសមាជិកទាំងអស់ ៥១ប្រទេសនាសម័យនោះ។

សូមបញ្ជាក់ថា នៅពេលនោះក្រៅពីកម្ពុជាមានប្រទេសជាង ១០ទៀត រួមទាំងប្រទេសជប៉ុនផង ត្រូវបានយកមកពិចារណាក្នុងពេលតែមួយ។ ប៉ុន្តែនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសជប៉ុន ត្រូវបានបោះឆ្នោតវេតូដោយសហភាពសូវៀត។ វេតូនេះធ្វើឲ្យប្រទេសអាម៉េរិក ដែលគាំទ្រជប៉ុនបានតវ៉ា ដោយប្រើពាក្យសម្តីធ្ងន់ៗជាមួយសហភាពសូវៀត។ រហូតដល់អាម៉េរិកនិយាយថា ពាក្យសម្តីរបស់សហភាពសូវៀតទាំងប៉ុន្មាន និងការជំទាស់ នឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្រ្តរបស់អង្គការសហប្រជាជាតិ។

គេដឹងថា ក្រោយចប់សង្គ្រាមលោកលើកទី២នៅឆ្នាំ១៩៤៥ សង្គ្រាមត្រជាក់រវាង​មនោគមន៍វិជ្ជាសហភាពសូវៀត និងអាម៉េរិក បានអូសបន្លាយដល់ឆ្នាំ១៩៩០។ ក្រោយមកទៀត ក្រោមការសម្របសម្រួលពីសំណាក់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ប្រទេសជប៉ុន ត្រូវបានដកចេញពីបញ្ជីបេក្ខភាព និងត្រូវយកទៅ ពិភាក្សាពេលក្រោយ។ សូមបញ្ជាក់ថា ១ឆ្នាំក្រោយមកទើបជប៉ុន បានក្លាយជាសមាជិកអង្គការសហប្រជាជាតិ។

កម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ ព្រមគ្នាជាមួយប្រទេសឯទៀតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥។ ក្រោយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិរួចរាល់ លោក នង គឹមនី ដែលជាតំណាងឲ្យកម្ពុជា ក្រៅពីថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានបញ្ចូលកម្ពុជាជាសមាជិក ក៏បានសម្តែងការខកចិត្ត ចំពោះការខ្ទាស់បេក្ខភាពក្នុងបញ្ជីតែមួយ ដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។

លោក នង គីមនី បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ការជំទាស់នេះបានធ្វើឲ្យប្រជាជនកម្ពុជា មានការសោកស្តាយទូទាំងប្រទេស ព្រោះយើងដឹងច្បាស់ថា កម្ពុជាបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ហើយស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក នង គឹមនី មិនបានប្រកាសពីបន្ទាត់នយោបាយអព្យាក្រឹតភាពរបស់កម្ពុជានៅឡើយទេ ទោះកម្ពុជាបានចូលរួមសន្និសីទទីក្រុងបាន់ដុង ជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធនាឆ្នាំ១៩៥៥ មុនពេលប្រកាសនេះប៉ុន្មានខែនោះ។

ថ្លែងក្នុងឋានៈជាសមាជិកពេញសិទ្ធិនៅមហាសន្និបាតជាលើកដំបូង នាខែកញ្ញា ឆ្នាំ១៩៥៦ ទើបលោក នង គឹមនី បានបញ្ជាក់ពីអព្យាក្រឹតភាពរបស់កម្ពុជា ដែលមានព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានយាងចូលរួមសន្និសីទចលនាមិនចូលបក្សសម្ព័ន្ធនាទីក្រុងបាន់ដុងនាឆ្នាំ១៩៥៥។

សម្រាប់បច្ចុប្បន្ននេះវិញ ការបញ្ចូលប្រទេសមួយជាសមាជិក ត្រូវការយ៉ាងហោចណាស់ ៩សំឡេង (លើ១៥សំឡេង) នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ។ តាមនីតិវិធីប្រសិនបើមានការជំទាស់ ឬហៅថា វេតូ ពីប្រទេសមហាអំណាចណាមួយ ដូចជា៖ អាម៉េរិក ចិន បារាំង ចក្រភពអង់គ្លេស ឬសហភាពសូវៀតនោះ ការសើ្នសុំចូលជាសមាជិកត្រូវបរាជ័យ។ រីឯមហាសន្និបាតអង្គការសហប្រជាជាតិត្រូវការសំឡេង២/៣។

ចុះចំណែកការព្យួរ ឬបណ្តេញចេញពីអង្គការសហប្រជាជាតិ តើមានប្រទេសណាមួយ ត្រូវជួបនឹងបទពិសោធន៍នេះ ឬទេ? ជាចម្លើយខ្លី រហូតដល់ពេលនេះមិនមានប្រទេសណាត្រូវបានគេបណ្តេញចេញទេ។

ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ អនុញ្ញាតឲ្យមានលទ្ធភាពព្យួរប្រទេសមួយពីសមាជិកភាព។ តាមនីតិវិធីត្រូវផ្តើមដោយ​ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ និងបន្ទាប់មកត្រូវបញ្ជូនទៅមហាសន្និបាតអនុម័តដោយយកសំឡេង២/៣។ ក្នុងប្រវត្តិអង្គការសហប្រជាជាតិ មានតែប្រទេសអាហ្រ្វិកខាងត្បូងមួយគត់ ដែលត្រូវបានព្យួរសមាជិកភាព។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍អាហ្រ្វិកខាងត្បូងនៅញូវយ៉កឲ្យដឹងថា អាហ្រ្វិកខាងត្បូង ត្រូវបានព្យួរនៅឆ្នាំ១៩៧៤ មិនឲ្យចូលរួមការងារអង្គការសហប្រជាជាតិ ដោយសារកាលនោះ មានបញ្ហាពាក់ព័ន្ធការរើសអើងពូជសាសន៍។ ១២ឆ្នាំក្រោយ មកទើបប្រទេសនេះ ត្រូវបានឲ្យចូលក្នុងអង្គការសហប្រជាជាតិឡើងវិញ។

ចំពោះបញ្ហាស្តីពីការដកខ្លួនវិញនៅឆ្នាំ១៩៦៥ ឥណ្ឌូណេស៊ី បានជ្រើសរើសយកការដកខ្លួនចេញពីអង្គការសហប្រជាជាតិ ដោយសារតែខ្លួនមិនសប្បាយចិត្ត នឹងការណ៍ដែលម៉ាឡេស៊ី ក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ប៉ុន្តែ១៨ខែក្រោយមកទើបឥណ្ឌូណេស៊ី បានចូលអង្គការ សហប្រជាជាតិវិញ ដោយមិនមានការដាក់ពាក្យសុំចូលជាសមាជិកភាពជាថ្មីនោះទេ។

ចំណែកឯកម្ពុជាវិញ ពេញមួយប្រវត្តិ ៦២ឆ្នាំរហូតដល់ថ្ងៃនេះ អង្គការសហប្រជាជាតិ មិនដែលបានចេញសេចក្តីសម្រេចចិត្តណាព្យួរ ឬ ដកអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិទេ។ សូមបញ្ជាក់ថា ការប្តូរពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយ មិនបានធ្វើឲ្យអាសនៈរបស់រដ្ឋមួយនៅអង្គការសហប្រជាជាតិបាត់បង់នោះទេ។

ប៉ុន្តែបើយោងតាម លោក បេន្នី វីដ្យូណូ អ្នកការទូតអាជីពបម្រើការជាមួយអង្គការសហប្រជាជាតិ នាសម័យអ៊ុនតាក់ ដែលបានសរសេរសៀវភៅក្រោមចំណងជើងថា «រេរាំក្នុងស្រមោល សីហនុ ខ្មែរក្រហម និងអង្គការសហប្រជាជាតិ ក្រោយសម័យប្រល័យពូជាសាសន៍នៅកម្ពុជា» បានរៀបរាប់ពីការប្រទាញប្រទង់អាសនៈកម្ពុជា រវាងរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយ ហើយបានបណ្តាលឲ្យអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ត្រូវបានទុកនៅទំនេរ២លើក។

លើកទី១ គឺក្រោយរដ្ឋាភិបាលរដ្ឋកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសន៍នាឆ្នាំ១៩៧៩ រដ្ឋាភិបាលខ្មែរក្រហម នៅតែបន្តកាន់កាប់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អាសនៈកម្ពុជាត្រូវបានទុកឲ្យនៅទំនេរនាឆ្នាំ១៩៩០ ដែលកាលនោះឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដែលតំណាងឲ្យបណ្តាភាគីជម្លោះ។ នៅខែកញ្ញា ឆ្នាំ១៩៩១ ឧត្តមក្រុមប្រឹក្សាជាតិ ដែលដឹកនាំដោយ អតីតព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានផ្តល់អាសនៈនៅមហាសន្និបាតអង្គការសហប្រជាជាតិ។

សូមកត់សម្គាល់ថា ចាប់ពីឆ្នាំ១៩៧៩ រដ្ឋាភិបាលខ្មែរក្រហម ជាតំណាងស្របច្បាប់ នៅអង្គការសហប្រជាជាតិ។ តំណាងខ្មែរក្រហមតែងឡើងថ្លែង នៅមហាសន្និបាតអង្គការសហប្រជាជាតិរាល់ខែកញ្ញា រហូតដល់ឆ្នាំ១៩៨៩ គឺលោក ស៊ឺន សាន ជាតំណាងឲ្យកម្ពុជាប្រជាធិបតេយ្យ បានមកថ្លែង នៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ប៉ុន្តែនៅឆ្នាំ១៩៩០ ជាពេលដែលអាសនៈ កម្ពុជាត្រូវទុកឲ្យនៅទំនេរនៅពេលដែលកម្ពុជាកំពុងស្ថិតក្នុងអន្តរកាល។ រហូតដល់ឆ្នាំ១៩៩១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឯកភាពលើការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខ ទើបអាសនៈកម្ពុជានៅមហាសន្និបាតត្រូវប្រគល់ឲ្យឧត្តមក្រុមប្រឹក្សាជាតិនេះឯង។ ដូច្នេះហើយ ទើបគេឃើញសម្តេច នរោត្តម សីហនុ បានឡើងថ្លែងនៅមហាសន្និបាតក្នុងឋានៈជាប្រធានឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា នៅខែកញ្ញា ឆ្នាំ១៩៩១។

លើកទី២ ដោយសារការវាយប្រយុទ្ធគ្នាដោយប្រដាប់អាវុធ នៅកណ្តាលក្រុងភ្នំពេញរវាងគណបក្សធំ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ីនប៉ិច នាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ អាសនៈកម្ពុជា ត្រូវបានប្រទាញប្រទង់ម្តងទៀត នៅមហាសន្និបាតអង្គការសហប្រជាជាតិ ព្រោះនាយករដ្ឋមន្ត្រីទី១ និងនាយករដ្ឋមន្រ្តីទី២ បានបញ្ជូនគណៈប្រតិភូផ្លូវការ ដោយឡែកពីគ្នាចូលរួមកិច្ចប្រជុំនាខែកញ្ញា។ ដើម្បីរកច្រកចេញអាសនៈកម្ពុជាត្រូវបានទុកនៅទំនេរ ជាថ្មីនៅឆ្នាំនោះ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការសារតាំងរបស់អង្គការសហប្រជាជាតិ។

សម្រាប់ខែកញ្ញា ឆ្នាំ១៩៩៧ និងខែកញ្ញា ឆ្នាំ១៩៩៨ មិនមានតំណាងកម្ពុជាណាឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិទេ។ ក្រោយមានរដ្ឋាភិបាលចម្រុះមួយថ្មី ទើបគេឃើញសម្តេច ហ៊ុន សែន បានអញ្ជើញមកថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញា ឆ្នាំ១៩៩៩។

សូមបញ្ជាក់បន្ថែមថា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកអង្គការសហប្រជាជាតិ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានមកទស្សនកិច្ចនៅកម្ពុជា ៣ដង ។ លើកទី១ គឺលោក ឌេក ហាម៉ាសហ្សូល ដែលបានមកកម្ពុជានៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៥៩ បន្ទាប់ពី ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានចូលរួមថ្លែងនៅមហាសន្និបាតអ.ស.ប ខែកញ្ញា ឆ្នាំ១៩៥៨។ លើកទី២ គឺលោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី នៅខែមេសា ឆ្នាំ១៩៩៣ និងលើកទី៣ គឺលោក បាន គីមូន នៅខែតុលា ឆ្នាំ២០១០។

ជាការវាយតម្លៃ កម្ពុជាជាប្រទេសតូច និងក្រ ដែលប្រទេសនេះចាំបាច់ត្រូវស្ថិតក្នុងក្លិប ឬស្ថិតក្នុងក្រុមជាមួយគេឯង ជាពិសេសដូចជាអង្គការតំបន់ អាស៊ាន និងអង្គការសហប្រជាជាតិ ឬអង្គការធំៗឯទៀត ទោះជាត្រូវរងការលំបាកក្នុងការបង់វិភាគទានប្រចាំឆ្នាំក៏ដោយ នេះគឺដើម្បីថែរក្សាអធិបតេយ្យ និងមានសំឡេងដូចគេ នៅលើឆាកអន្តរជាតិ។ ការរស់នៅដាច់ពីគេ នឹងធ្វើឲ្យកម្ពុជាចុះខ្សោយ និងអាចរងការទន្ទ្រានពីប្រទេសជិតខាង និងអាណានិគម។ ដូច្នេះកម្ពុជា ត្រូវឈរជើងឲ្យបានរឹងមាំក្នុងអង្គការសហប្រជាជាតិនេះ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។

ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិនេះ កម្ពុជា បានដើរតួនាទីជាអនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ចំនួនពីរលើកហើយ។ លើកទី១ នៅក្នុងសម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ២០០១-២០០២​ និងលើកទី២ នៅក្នុងសម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ អាណត្តិ​ឆ្នាំ២០១៨-២០១៩។ តាមរយៈតួនាទីនេះ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើរ​របស់​ប្រធាន​។

លើស​ពីនេះ កម្ពុជា ក៏​នឹង​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែលមាន​មុខងារ ដូចជា​ពិនិត្យ​របៀបវារៈ​បណ្ដោះអាសន្ន និង​បញ្ជី​បន្ថែម​ចំនុច​ពិភាក្សា ផ្ដល់​អនុសាសន៍​ដល់​ម​ហាស​ន្និបាត និង​ជួយ​ដល់​ប្រធាន​នឹង​មហាសន្និបាត​ក្នុង​ការរៀបចំ​របៀបវារៈសម្រាប់​កិច្ចប្រជុំពេញអង្គ​នីមួយៗ។ ជាពិសេស​ការងារ​ទូទៅ​របស់​មហាសន្និបាត​ជាដើម​៕