(ភ្នំពេញ)៖ លោកស្រី Lida Lan តំណាងក្រុមហ៊ុន Beijing Urban Construction Group Co Ltd., របស់ចិន ដែលដៃគូរបស់ក្រុមហ៊ុន OCIC ផងដែរនោះ, នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចូលជួបពិភាក្សាការងារជាមួយនាយឧត្ដមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

Facebook ផ្លូវការរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចុះផ្សាយថា ក្នុងជំនួបនោះ លោកស្រី Lida Lan បានធ្វើបទបង្ហាញជូន អំពីសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការសាងសង់អាកាសយានដ្ឋាននៅប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក និងស្នើសុំការពិចារណាក្នុងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីផងដែរ។

ក្នុងជំនួបលោកស្រី Lida Lan ក៏បានអញ្ជើញ លោក ម៉ៅ ហាវណ្ណាល់ ទៅទស្សនកិច្ចការសាងសង់អាកាសយានដ្ឋាន ថ្មីនៅទីក្រុងប៉េកាំង និងនៅកោះ Maldives នាពេលឆាប់ៗខាងមុខ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្តាល ដើម្បីឆ្លើយតបនឹងកំណើតអ្នកធ្វើដំណើរតាមផ្លូវអាកាស ខណៈព្រលានយន្តហោះភ្នំពេញបច្ចុប្បន្នមិនអាចពង្រីកទៀតបាន។

គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC លោក ពុង ខៀវសែ និងក្រុមហ៊ុនចិនផងដែរ។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី ឲ្យទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ និងព្រលានយន្តហោះរបស់សិង្ហបុរី៕