(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បានបើកសម្ពោធជាផ្លូវការ នូវការិយាល័យថ្មីរបស់ខ្លួន នៅកណ្តាលរាជធានីភ្នំពេញ។

ការផ្លាស់ប្តូរមកកាន់ទីតាំង ដែលមានទំហំធំជាងមុន និងស្ថិតនៅចំកណ្តាលទីក្រុងនាពេលនេះ គឺជាការឆ្លុះជាបញ្ចាំងឲ្យឃើញ ពីភាពរីកចម្រើននៃការធ្វើប្រតិបត្តិការ របស់បុគ្គលិកក្រុមហ៊ុនមួយនេះ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការវិវឌ្ឍន៍មួយជំហ៊ានថ្មី ដែលនឹងធ្វើឲ្យក្រុមហ៊ុនមួយនេះ អាចបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួន បានកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត។

ការិយាល័យថ្មីនេះ មានទីតាំងស្ថិតនៅអគារ Keystone ខណ្ឌចំការមន រាជធានីភ្នំពេញ ការិយាល័យដ៏ថ្មីសន្លាង ដែលមានសមត្ថភាពដាក់បុគ្គលិក បានចំនួន៦០នាក់ នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការ យ៉ាងល្អប្រសើររបស់បុគ្គលិកអ៊ីដតខូ ខេមបូឌា ទាំងមូល។

ការផ្លាស់ប្តូរនេះ នឹងជួយឲ្យក្រុមការងារ អ៊ីដតខូ ខេមបូឌា អាចបម្រើ និងគាំទ្រអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អប្រសើរឡើង ក្នុងរយៈពេលខ្លី ដែលមានមនុស្សម្នាជាច្រើន កំពុងធ្វើប្រតិបត្តិការ នៅទីតាំងកណ្តាលរាជធានីភ្នំពេញ។

លោក Phillip Wong នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារ នៃក្រុមហ៊ុន edotco Group បានបញ្ជាក់ថា «ការបើកការិយាល័យថ្មីរបស់យើងនាពេលនេះ គឺជាការចាប់ផ្តើមនៃសករាជថ្មី ឬអាចនិយាយបានថា វាជាជំហ៊ានថ្មីមួយទៀត នៃការបម្រើសេវាកម្មរបស់យើងឲ្យបានល្អបំផុត ហើយវាក៏បានបង្ហាញឲ្យឃើញ ពីការរីកចម្រើនឥតឈប់ឈរ នៃប្រតិបត្តិការរបស់យើងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងដែរ»។

តាមរយៈការិយាល័យថ្មីរបស់យើង ដែលស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត ពោលគឺកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទង ជាមួយអតិថិជនរបស់យើងបានយ៉ាងងាយស្រួល ហើយក៏អាចផ្តល់ឲ្យពួកគេនូវសេវាកម្ម និងការគាំទ្រផ្សេងៗ ប្រកបដោយគុណភាពខ្ពស់ និងបានទាន់ពេលវេលាផងដែរ។

យើងប្តេជ្ញាបន្តផ្តល់ជូនដំណោះស្រាយទាំងឡាយ តាំងពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់ ជូនដល់អតិថិជនរបស់យើង និងខិតខំធ្វើឲ្យមានការតភ្ជាប់ទំនាក់ទំនាក់ កាន់តែប្រសើរនៅទូទាំងប្រទេស។ នេះជាការគូសបញ្ជាក់បន្ថែមពីនាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារ នៃក្រុមហ៊ុន edotco Group។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនរបស់ អ៊ីដតខូ ខេមបូឌា បាននឹងកំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ ផលប័ត្ររបស់ក្រុមហ៊ុននេះ មានការរីកចម្រើនជាបន្តបន្ទាប់។ រហូតមកដល់ពេលបច្ចុប្បន្ន អ៊ីដតខូ មានបង្គោលអង់តែនជាង ៣,៥៥០បង្គោល ហើយបង្គោលអង់តែនជាង ២,២៥០បង្គោល ត្រូវបានគ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ដោយអ៊ីដតខូ។

លើសពីនេះទៀត អ៊ីដតខូ ក៏បានបានផ្តល់សេវាកម្ម គ្រប់គ្រងលើបង្គោលអង់តែនចំនួន ១,៣០០ បន្ថែមទៀត។ បង្គោលអង់តែនដែល អ៊ីដតខូ គ្រប់គ្រងដោយផ្ទាល់មានប្រហែល២៥% នៃចំនួនបង្គោលអង់តែន សរុបនៅក្នុងប្រទេសកម្ពុជា៕