(បន្ទាយមានជ័យ​)​៖ លោក​ ហ៉ឹល​ រ៉ាយ៉ា​ អភិបាលក្រុង​សិរីសោភ័ណ​ នៅព្រឹកថ្ងៃទី​២៧ ខែកញ្ញា​ ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ ដោយ​មានការចូលរួមពីអភិបាលរងក្រុង​ ក្រុមប្រឹក្សា​ក្រុង​ មន្ត្រី​សាលាក្រុង​ កងកម្លាំងសមត្ថកិច្ច​ អាជ្ញាធរមូលដ្ឋាន​ ភូមិ​-ឃុំ​ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅក្នុងសាលប្រជុំសាលាក្រុងសិរីសោភ័ណ​។

លោក​ ហ៊ឹល​ រ៉ាយ៉ា​ ​បានថ្លែងថា ក្រុមមន្ត្រីពាក់ព័ន្ទ នឹងចាត់វិធានការទៅលើម្ចាស់ដី ដែលបានពុះដីឡូតិ៍ដើម្បីលក់​ ដោយមិនមានការសុំអនុញ្ញាតច្បាប់ ជាក់ស្តែង​ក្រសួងរៀបចំដែនដី ក៏បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ទាំងឡាយ ករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។​

លោកអភិបាលក្រុងសិរីសោភ័ណ​ បានបញ្ជាក់ថា​ កន្លងមកម្ចាស់ដីនៅក្នុងក្រុងសិរីសោភ័ណ​ មានការ​ព្រួយបារម្ភពីការលក់ដី ហើយមិនទាន់ទទួលបានការបង់ប្រាក់គ្រប់ចំនួន​ បែរជាឈ្មួញ​ដែលបានទិញ យកទៅពុះដីឡូតិ៍លក់បន្ត ដើម្បីបានប្រាក់ចំណេញ​ ដោយមិនបានធ្វើសុំច្បាប់ឲ្យបានត្រឹមត្រូវឡើយ​ ធ្វើឲ្យមានការប្តឹងផ្តល់គ្នាជាបន្តបន្ទាប់​។

លោកបន្តថា​ ជាគោលការណ៍ ច្បាប់ភូមិបាលបានផ្តល់កម្មសិទ្ធិ ហើយរាជរដ្ឋាភិបាលបាន រៀបចំប្រព័ន្ធចុះបញ្ជី ទី១៖​ មានការចុះបញ្ជីជាប្រព័ន្ធ បន្ទាប់មកគោលដៅអនុវត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយទី២៖​ ការចុះបញ្ជីដាច់ដោយឡែក។ លោកអភិបាលក្រុងថា ប្រជាពលរដ្ឋត្រូវតែពិនិត្យមើលមុននឹងទិញដី ថាដីនោះពិតជាមានការចុះបញ្ជីត្រឹមត្រូវ ហើយជាដីរបស់អ្នកដែលបានលក់ ពិតប្រាកដឬអត់?

ទាក់ទឹនរឿងនេះ លោក​ ហ៊ឹល​ រ៉ាយ៉ា​ បានចាត់មន្ត្រីក្រោមឱវាទ​ ត្រូវធ្វើការចុះពិនិត្យឲ្យបានជាប្រចាំ​ ចុះស្រង់ឈ្មោះ​ម្ចាស់ទីតាំងដីឡូតិ៍ ទាំងមានច្បាប់​ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ​ទាំងអស់ក្នុងក្រុង​ ដើម្បីឲ្យម្ចាស់ដីឡូតិ៍ ដែលមិនទាន់មានច្បាប់អនុញ្ញាត​ មកសុំច្បាប់ឲ្យបានត្រឹមត្រូវ​ បើមិនដូច្នោះទេអាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់​។

គូរបញ្ជាក់ថា​ ក្រោយពីមានភាពរីកចម្រើនលើវិស័យអចលទ្រព្យ ពិសេសការពុះដីឡូតិ៍លក់​ ដែលចំណុចទាំងនេះ បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ពីសំណាក់អាជ្ញាធរ​ ដោយអាជីវកម្មពុះដីឡូតិ៍លក់នេះ​ ខ្លះមានច្បាប់អនុញ្ញាតត្រឹមត្រូវ​ និងមួយចំនួនទៀត មិនបានធ្វើការអនុញ្ញាតច្បាប់។ នៅក្នុងខេត្តបន្ទាយមានជ័យ​ ពិសេសនៅក្នុងក្រុងសិរីសោភ័ណ​ មានទីតាំង​ពុះដីឡូតិ៍លក់ជាង៤០ទីតាំង​៕