(កំពង់ស្ពឺ)៖ គោរព​តាមអនុសាសន៍​​​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, ​ទេសរដ្ឋមន្រ្តី​ គន់​ គីម​ បាន​នាំយកប័ណ្ណបេឡាសន្តិសុខសង្គម​ សម្រាប់ការព្យាបាលជំងឺដោយឥតគិត​ថ្លៃ​របស់​​សម្តេច ​ទៅចែកជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ស្ពឺ​ ចំនួន​​២៩១១នាក់។

ក្នុងពិធីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ក៏មានការប្រកាស​តែងតាំង​ លោក ​ម៉ាន់​ ម៉ាច​ ជាប្រធាន​សមាគម​អតីត​យុទ្ធជន​ខេត្តកំពង់ស្ពឺ​ ជំនួសលោកឧត្តមសេនីយ៍ត្រី ជូ​ សារុន។ ក្នុងពិធីនេះ ក៏មានការចូលរួមពី​ឧត្តមសេនីយ៍​ឯក​ យឿង​ សុខុន​ មេបញ្ជាការ​រងកងទ័ពជើងគោក​ និងជាមេបញ្ជាការ​យោធភូមិភាគ​ទី៣​ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ ​​ទេសរដ្ឋមន្រ្តី​ គន់ គីម បាននាំមកនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ ពីសម្តេចតេជោ​ ហ៊ុន សែន ​​ជូនដល់​​​សមាជិកសមាគមអតីតយុទ្ធជនកម្ពុ​ជាទាំងអស់​គ្នា និង​បានថ្លែងអំណរគុណដល់​សមាជិក​អតីត​យុទ្ធជន​ ដែល​បានទៅបោះឆ្នោតនឹងបោះឆ្នោតគាំទ្រគណក្សប្រជាជន​កម្ពុជា។

បន្ទាប់ពីបានបញ្ជាក់អំពីសារៈសំខាន់នៃ​ប័ណ្ណ​បេឡាសន្តិសុខសង្គម​ ដែល​ជាផ្នែកមួយ ​នៃលទ្ធផលក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ​ដែលដឹកនាំដោយ​សម្តេចតេជោ​ ហ៊ុន សែន រួចមក ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឋានៈជា​​អគ្គលេខាធិការ​សមាគម ក៏បានណែនាំឲ្យសមាជិកទាំងអស់​ត្រូវ​បន្តនូវ​ប្រពៃណី​របស់ខ្លួន ធ្វើជាគំរូល្អនៅមូលដ្ឋានដែលខ្លួនរស់នៅ​ មានការអ្វីត្រូវរាយការណ៍មកនាយប៉ុស្តិ៍រដ្ឋបាល​ ដែលជាប្រធាសាខា​ សមាគម​ នៅថ្នាក់​ឃុំ​ ជាមួយគ្នានោះ​ថ្នាក់ដឹកនាំ​ សមាគម​ គ្រប់ថ្នាក់ពេលទទួលបានសំណូមពរពីបងប្អូន​ត្រូវ​ចាត់តាំងកម្លាំងចុះពិនិត្យ​ និងដោះស្រាយជូនពួកគាត់ភ្លាម។

សូមជម្រាបថា តាមរបាយការណ៍របស់សមាគមអតីត​យុទ្ធជន​ខេត្ត​ ទេសរដ្ឋមន្ដ្រី គន់ គីម ​​បានគោរពស្នើសុំសម្តេច​តេជោ ហ៊ុន សែន ហើយ​ត្រូវ​បាន​សម្តេច​​​អនុញ្ញាតឲ្យសាងសង់ផ្ទះជូន​​អតីត​យុទ្ធជន​ដែលមានជីវភាពខ្វះខាតចំនួន​២០ខ្នង​ផងដែរ៕