(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងឆ្នាំ២០១៨ ជាមួយនឹងការរំពឹងទុកថា ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកនឹងមានលទ្ធផលល្អប្រសើរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញានេះ។ 

ក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេសរបស់ខ្លួន ដែលមានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០១៨ ADB ព្យាករណ៍ថា ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,០% សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយប្រទេសឧស្សាហកម្មធំៗមានភាពរឹងមាំកម្រិតមធ្យម។

លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើនឡើង ក្នុងល្បឿនដ៏រឹងមាំ ដោយសារតែមានការជំរុញពីកំណើនការនាំចេញដ៏រឹងមាំ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ តម្រូវការក្នុងស្រុកមានសន្ទុះខ្លាំងក្លា និងការពង្រីកគោលនយោបាយសារពើពន្ធ។ ប៉ុន្តែកំណើនប្រាក់ឈ្នួលដ៏ឆាប់រហ័ស ដោយពុំមានកំណើនផលិតភាព អាចបង្កឱ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាព ប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសដទៃទៀត ដែលបន្តពឹងអាស្រ័យលើកកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប»។

វិស័យទេសចរណ៍របស់កម្ពុជា បានបន្តកើនឡើង ដែលមួយផ្នែកធំដោយសារកំណើនចំនួនភ្ញៀវទេសចរ មកពីសាធារណរដ្ឋប្រជាមានិតចិន។ ជញ្ជីងទូទាត់ជារួម នឹងនៅបន្តរក្សាអតិរេក ដោយសារតែលំហូររឹងមាំ នៃការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការបន្តការកើនឡើង នូវទុនបម្រុងបរទេសបន្ថែមទៀត គឺពី ៩.១ពាន់លានដុល្លារក្នុ ងខែកក្កដា ឆ្នាំ ២០១៨ រហូតដល់ប្រមាណជា ១០ពាន់លានដុល្លារ នៅចុងឆ្នាំ ២០១៨ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល៦ខែ។

បើទោះជាកំណើនសេដ្ឋកិច្ច មានភាពរឹងមាំក៏ដោយ អត្រាអតិផរណាបានថមថយមកវិញ ដោយគិតជាមធ្យមស្ថិតក្នុងកម្រិត២.៤% នៅក្នុងរយៈពេល៦ដំបូង ក្នុងឆ្នាំ ២០១៨ គឺថយចុះពី ៣.៤% រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែកំណើនក្នុងកម្រិតទាបនៃតម្លៃស្បៀងអាហារ។ មានការព្យាករណ៍ថា អត្រាអតិផរណាគិតជាមធ្យម នឹងមានកម្រិត ២.៦% នៅឆ្នាំនេះ ហើយនឹងកើនឡើងដល់ប្រមាណ ៣.០%នៅឆ្នាំក្រោយ៕