(ភ្នំពេញ)៖ ឧបការីរងរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Patrick Murphy ដែលជាបេក្ខជនអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានោះ បានសម្ដែងនូវការសាទរចំពោះ លោក ជុំ សុន្ទរី ដែលត្រូវបានតែងតាំងជា ឯកអគ្គរាជទូតរបស់កម្ពុជា ប្រចាំប្រទេសមហាអំណាចមួយនេះ។ នេះបើតាមការឲ្យដឹងពីទំព័រ Facebook ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ក្នុងជំនួបបង្ហាញសារតាំងជាផ្លូវការរបស់លោក ជុំ សុន្ទរី នៅសេតវិមាន សហរដ្ឋអាមេរិក លោក Patrick Murphy បានបង្ហាញក្ដីរីករាយធ្វើការជាមួយកម្ពុជា និងសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សន្ដិភាព សន្ដិសុខ និងវិបុលភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

តាមរយៈទំព័រ Facebook ផ្លូវការរបស់ស្ថានទូតអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា «​លោកឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក Patrick Murphy បានសម្ដែងការអបអរសាទរចំពោះ លោកឯកអគ្គរាជទូតកម្ពុជា ជុំ សុន្ទរី ក្នុងឱកាសដែលលោកបង្ហាញសារតាំងជាផ្លូវការរបស់លោក​នៅសេតវិមាន។ សហរដ្ឋអាមេរិករីករាយ នឹងធ្វើការជាមួយលោក និងសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព នៅទូទាំងតំបន់ឥណ្តូប៉ាស៊ីហ្វិក»

សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានអះអាងថា ខ្លួនរីករាយនឹងធ្វើការងារជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែស៊ីជម្រៅ។ ការអះអាងរបស់លោកប្រធានាធិបតីអាមេរិក បានធ្វើឡើងនៅចំពោះមុខឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី ក្នុងពេលអញ្ជើញប្រគល់សារតាំងបំពេញបេសកកម្មការងារជាឯកអគ្គរាជទូតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

​សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ក្នុងឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបំពេញបេសកកម្មការងាររបស់លោក ជុំ សុន្ទរី មានសារៈសំខាន់នៅក្នុងកម្រិតជាច្រើន ដែលមានអត្ថន័យបញ្ជាក់ពីទំនាក់ទំនង ដែលត្រូវបានស្តារឡើងវិញក្នុងរយៈពេលជាង ២៥ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕