(ភ្នំពេញ)៖ ​ទេសរដ្ឋមន្រ្តី​ គន់​ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាស​តែងតាំង លោកឧត្តមសេនីយ៍ឯក ​​ស​ ថេត​ ជាប្រធាន​​សមាគម​អតីត​យុទ្ធជន​រាជធានីភ្នំពេញ​ ជំនួសនាយឧត្តមសេនីយ៍​ ជួន​ សុណ្ណ​ ដែលត្រូវទៅទទួលភារកិច្ចថ្មី និង​ជួប​សំណេះសំណាល​ និងផ្តល់​ប័ណ្ណ​បេឡាសន្តិសុខសង្គម​​ ជូន​ដល់សមាជិកអតីតយុទ្ធជនរាជធានីភ្នំពញ​ ចំនួន​​៦,២៨៨នាក់។

បន្ទាប់​ពី​របាយកាណ៍​របស់​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ រួចមក​ ​ទេសរដ្ឋមន្រ្តី​ គន់ គីម បាននាំមកនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសម្តេចតេជោ ហ៊ុន សែន​ ប្រធាន​សមាគម​ជូនដល់​​​សមាជិកទាំងអស់​ ព្រមទាំងបានបញ្ជាក់ថា​ ដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន ជាពិសេសការអនុវត្តនូវ គោលនយោបាយ​គាំពារសង្គម​ ដែលសម្តេចបានប្រកាលនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកន្លងមក​ ទើបថ្ងៃនេះ​សមាជិកទទួលបានប័ណ្ណ​បេឡា​សន្តិសុខសង្គម​ សម្រាប់ការព្យាបាលជំងឺដោយមិនអស់លុយ​នៅតាមមន្ទីរពេទ្យ។​

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ​​បានថ្លែងកោតសសើរ និងអរគុណចំពោះសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ​ដែលបានទៅបោះឆ្នោត​ និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជន​ រហូតទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំងស្រុង ដើម្បីបន្ដដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៦នេះ។​

បើតាមលោកទេសរដ្ឋមន្ដ្រី កន្លងមក​លោក ឃួង ស្រេង អភិបាល​​រាជធានីភ្នំពេញ​​ និង​ជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្នុងនាម​សម្តេចប្រធាន​ បានសម្រេចផ្តល់ផ្ទះ២០០ខ្នង ជូនដល់សមាជិក​អតីត​យុទ្ធជន​ដែលខ្វះខាត​ ឥឡូវទើបតែសាងសង់បានជាង១០ខ្នងប៉ុណ្ណោះ​ ហេតុនេះ​សូមឲ្យលោកអធិការគ្រប់ខណ្ឌ ​ដែលជាប្រធានសមាគមថ្នាក់ខណ្ឌ ត្រូវ​ចុះពិនិត្យ និងលើកសំណើមកដើម្បី​ដោះស្រាយសាងសង់ជូនបានទាន់ពេលវេលា។​

មុននឹងបញ្ចប់ លោកទេសរដ្ឋមន្ដ្រី គន់ គីម ​បានផ្តាំផ្ញើ​ឲ្យ​​ប្រធាន​សមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ​ថ្មី​ ត្រូវជំរុញឲ្យ​ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់​ត្រូវ​គិតគូរ​ពីសុខទុក្ខ​ និងជីវភាពសមាជិកឲ្យបានល្អ​៕