(ភ្នំពេញ)៖​ នៅថ្ងៃអង្គារ​ ទី២៥​ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីក្រោមឱវាទ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោក​ មាស​ សាឯមវិរី​ មន្ត្រីនគរបាលប៉ុស្តិ៍អូឡាំពិក១​ ដែលត្រូវបាន​រថយន្តបុកពេលកំពុងល្បាតបទល្មើស​ កាលពីយប់ថ្ងៃទី​២២​ ខែកញ្ញា​នេះ បណ្តាលឱ្យ​រងរបួលក្បាលធ្ងន់ធ្ងរ​ ​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោក​ ឌួង​ អេលីត​ នាយកពិធីការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះ​ លោក​ មាស​ សាឯមវិរី​ ដែលបានជួបគ្រោះថ្នាក់នេះ​ និងជូនពរឲ្យឆាប់ជាសះស្បើយ​ពីរបួស​ ឆាប់បានត្រឡប់ទៅជួបជុំគ្រួសារ​ និងបំពេញការងារវិញ។

ម្តាយជនរងគ្រោះ មានក្តីរំភើបស្រក់ទឹកភ្នែក​ ដោយបាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់​ គិតគូរ​ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយដែលបានប្រគល់ជូនរួមមាន៖ ផ្លែឈើ​ ១កន្ត្រក​ ទឹកត្រចៀកកាំ ១កន្ត្រក​ ទឹកដោះគោ​Ensure ២កេស​ មី២កេស ទឹកក្រូច​ ២កេស​ ទឹកសុទ្ធ​ ២កេស​ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន។​ ដោយឡែក​ អ្នកជំងឺ​ ២នាក់​ ដែលកំពុងសម្រាកព្យាបាលក្បែរនោះ​ ក៏ទទួលបាន​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ និងថវិកាមួយចំនួនដែរ៕