(រតនគិរី)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងថា ការបង្កើតយន្តការច្រកចេញចូលតែមួយ គឺជានីតិវិធីផ្តល់ភាពងាយស្រួលក្នុងការផ្តល់ និងទទួលសេវា ប៉ុន្តែមន្ត្រីអ្នកផ្តល់សេវាគឺជាដង្ហើមចាំបាច់បំផុត ក្នុងការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត។

លោក ថង សាវុន បានលើកឡើងទៀតថា មន្ត្រីអ្នកផ្តល់សេវា គឺជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូចនេះអង្គភាពដែលផ្តល់សេវាច្រកចេញចូលតែមួយ ត្រូវតែគិតគូរដាក់មន្ត្រីដែលមានគុណភាព មនសិការវិជ្ជាជីវៈ សីលធម៌ សុវជីវធម៌ ឥរិយាបថនៃការផ្តល់សេវាសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋនៅច្រកចេញចូលតែមួយ។

ជាមួយគ្នានោះ លោក ថង សាវុន ក៏បានជំរុញឲ្យអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាខិតខំអភិវឌ្ឍន៍សមត្ថភាពមន្ត្រី អ្នកផ្តល់សេវាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទទួលសេវា និងប្រសិទ្ធភាពនៃការងារ។

លោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមកទទួលសេវានានា នៅអង្គភាពច្រកចេញចូលតែមួយ ដែលមានទីតាំងនៅក្នុងសាលាខេត្ត ដែលប្រមូលផ្តុំដោយសេវា ចំនួន ២៦៩សេវា រួមមាន៖ ការងារនីត្យានុកូលកម្ម, ការងាររដ្ឋបាល, វិស័យសុខាភិបាល, វិស័យទេសចរណ៍, វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យព័ត៌មាន, វិស័យបរិស្ថាន, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យកសិកម្ម, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ គោលបំណង ដែលរាជរដ្ឋាភិបាលបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ គឺដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវា តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕