(រតនគិរី)៖ កម្លាំងនគរបាលស្រុកបរកែវ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានបន្តចុះល្បាតដូចសព្វមួយដង ខណៈចុះល្បាតដល់ចំនុចមុខហាងម៉ាស្សាមានឈ្មោះមិត្តភាព បានឃើញជនសង្ស័យចំនួន៣នាក់ក៏បានហៅសួរនាំ ប៉ុន្តែពួកគេបាននាំគ្នារត់គេចចូលទៅហាងម៉ាស្សាមិត្តភាព ពេលនោះកម្លាំងនគរបាលក៏បានដេញតាមទៅដល់ក្នុងបន្ទប់ឆែកឆេរឃើញ មានម្សៅសថ្លាចំនួន២កញ្ចប់ធំ និង៤កញ្ចប់តូច សង្ស័យថាថ្នាំញៀន ខណៈនោះកម្លាំងនគរបាលក៏បានចាប់ឃាត់ខ្លួភ្លាមៗតែម្តង ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកបរកែវឱ្យដឹងថាជនសង្ស័យទាំង៣នាក់មាន៖

*ទី១៖ ឈ្មោះ ឡេង ប្រុសតូច ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
*ទី២៖ ឈ្មោះ ជា អួន ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
*ទី៣៖ ឈ្មោះ យុទ្ធ សុពុទ្ធា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ម្សៅថ្លាសដែលសង្ស័យថា ជាសារធាតុញៀនចំនួន២កញ្ចប់ធំ និង៤កញ្ចប់តូច និងសម្ភារៈសំរាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការតាមនីតិវិធី៕