(ភ្នំពេញ)៖ ដើម្បីជាការផ្តល់យោបល់ដល់ប្អូនៗ សិស្សដែលទើបបញ្ចប់ការសិក្សា ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ងាយស្រួល ក្នុងការជ្រើសរើសយក​ជំនាញ​មួយដែលត្រឹមត្រូវ និងទីផ្សារការងារនាពេលបច្ចុប្បន្នត្រូវការខ្ពស់នោះ លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យល់យ៉ាងលម្អិត ពីការសិក្សាលើមុខជំនាញបច្ចេកទេស ដែលមានតម្រូវការទីផ្សារការងារខ្ពស់ និងប្រាក់ខែសមរម្យ។

ក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News លោក ថង សាម៉ុន បានថ្លែងឲ្យដឹងថា «ក្នុងនាមជាមន្រ្ដីជំនាញ ខ្ញុំចង់ប្រាប់ប្អូនៗថា ជំនាញដែលទីផ្សារការងារកំពុងត្រូវការ សម្រាប់កម្ពុជាដោយផ្អែក ទៅលើការសិក្សាស្រាវជ្រាវ របស់ជំនាញការជាតិអន្ដរជាតិផ្សេងៗ បានបង្ហាញថា កម្ពុជាត្រូវការអ្នកបច្ចេកទេសជាច្រើន ដើម្បីគាំទ្រដល់ការរីកចម្រើនលើវិស័យឧស្សហកម្ម ក៏ដូចជាធ្វើការចូលរួមជាមួយឧស្សាហកម្ម ដែលកើតថ្មីៗនាពេលខាងមុខនេះ ពិសេសដើម្បីរក្សាកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យបានខ្ពស់»

លោកបានបន្ដទៀតថា ដូចដែលអ្នកទាំងអស់គ្នាឃើញស្រាប់ហើយថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ច្បាស់ៗថា កម្ពុជានឹងប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងឆ្នាំ២០៥០ ដូច្នេះកម្ពុជាត្រូវការអ្នកបច្ចេកទេសជាច្រើន។ បច្ចុប្បន្ននេះកម្ពុជា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ការអភិវឌ្ឍន៍តំបន់ក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តមួយចំនួន មានការសាងសង់អគារហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមានការបង្កើតរោងចក្រផលិត នៅតាមតំបន់សេដ្ឋកិច្ចជាច្រើន។

លោកបានបញ្ជាក់ទៀតថា «ក្នុងមួយឆ្នាំៗកម្ពុជា ត្រូវការអ្នកជំនាញបច្ចេកទេសប្រមាណ២ម៉ឺននាក់....មានន័យថា អ្នកដែលបានសិក្សារលើផ្នែកបច្ចេកទេស ខ្ទង់ប្រហែលជា២ ទៅ៤ឆ្នាំ»

លោកបន្ថែមទៀតថា ប្អូនៗទាំងអស់មុននឹងសម្រេចចិត្តរៀននូវជំនាញអ្វីមួយ ត្រូវពិនិត្យមើលព័ត៌មានទីផ្សារការងារឲ្យបានច្បាស់ ដោយពិនិត្យមើលទៅលើកត្តាទីផ្សារបច្ចុប្បន្នថា តើការសិក្សាមុខជំនាញនេះ នៅពេលដែលបញ្ចប់ការសិក្សាទៅធ្វើការងារអ្វី? ការងារអ្វីដែលចង់ធ្វើ?