(កំពង់ធំ)៖ ដើម្បីរួមចំណែកចែករំលែកអំពើមនុស្សធម៌ ក្នុងការក៏សាងធនធានមនុស្ស និងការលើកស្ទួយនូវវិស័យអប់រំនៅកម្ពុជា ស្របតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ទមិតហ្វូន បានចែកជូននូវអំណោយជាសម្ភារសិក្សា ដល់សិស្សានុសិស្សជាង៣០០នាក់ ដើម្បីត្រៀមខ្លួនចូលរៀននៅឆ្នាំសិក្សាថ្មី២០១៨-២០១៩ ដែលកំពុងរៀន និងមានទីលំនៅនៅភូមិព្រៃទប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមវត្តមានឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។

លោក ធី សុយ៉ានី ជាអនុប្រធានសាខាក្រុមហ៊ុនមិតហ្វូនខេត្តកំពង់ធំ បានលើកឡើងថា ក្រុមហ៊ុនបានបង្កើតកម្មវិធីសប្បុរសធម៌ ចែកសម្ភារសិក្សាដល់សិស្ស ក្នុងគោលបំណងដើម្បីលើកកម្ពស់ការសិក្សា ក្នុងកម្រិតបឋមឱ្យពួកគាត់មានចំណង់ចំណូលចិត្តចង់រៀនសូត្រ និងមិនបោះបង់នូវការសិក្សានៅកម្រិតបឋមសិក្សា និងរួមចំណែកជួយកាត់បន្ថយនូវការចំណាយថវិកា ទិញសម្ភារសិក្សារបស់ប្អូនៗ ដែលមានជីវភាពក្រលំបាក ហើយការជួយឧបត្ថម្ភនូវសម្ភារទាំងអស់នេះ នឹងធ្វើជាបន្តបន្ទាប់ទៀតនាពេលខាងមុខ ដែលអាចជាគំរូដល់យុវជនជំនាន់ក្រោយ ដើម្បីចូលរួមចំណែកកសាងសង្គម ស្របតាមពាក្យស្លោក «ការអប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ»។

ក្នុងនោះផងដែរសិស្សានុសិស្ស ដែលទទួលបានសម្ភារសិក្សាបានលើកឡើងដែរថា ក្រុមគ្រួសាររបស់ពួកគេ មានជីវភាពក្រលំបាក និងពុំសូវមានលទ្ធភាពទិញសម្ភារសិក្សាបានគ្រប់គ្រាន់នោះទេ ជាពិសេស ក្នុងរដូវចូលឆ្នាំសិក្សាថ្មី ដែលមានការចំណាយច្រើនទៅសម្ភារដែលត្រូវផ្គត់ផ្គង់ក្នុងការសិក្សានេះ។ ក្រុមសិស្សានុសិស្សបានសម្តែងនូវទឹកចិត្តត្រេកអរ និងអរគុណចំពោះការចែកជូននូវសម្ភារទាំងអស់នេះផងដែរ។

គួរបញ្ជាក់ដែរថា ក្រៅពីសម្ភារសិក្សាដែលមានសៀវភៅ និងកាតាប ក្រុមហ៊ុនមិតហ្វូនបានឧត្ថម្ភនូវកង់ចំនួន ០៣គ្រឿងដល់សិស្សានុសិស្ស ដែលមានជីវភាពក្រីក្រពុំមានលទ្ធភាពទិញកង់ សម្រាប់ធ្វើដំណើរទៅរៀនក្នុងឆ្នាំសិក្សាថ្មីផងដែរ៕