(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លីវ ហ្វាំងអាយ ឯកទេជំងឺសន្លាក់ឆ្អឹង មកពីមន្ទីរពេទ្យជោរៃហូជីមីញ ប្រទេសវៀតណាម បានរៀបរាប់យ៉ាងច្បាស់ថា អ្នកជំងឺ៣ប្រភេទ ដែលងាយនឹងកើតជំងឺពុកឆ្អឹង ឬម្យ៉ាងទៀតថា ស្ពោធឆ្អឹង ហើយមនុស្សដែលមានវ័យចំណាស់ គឺមានភាគរយខ្ពស់ ក្នុងការកើតជំងឺកាចសាហាវប្រភេទនេះ ជាពិសេសមនុស្សស្រី។

ការថ្លែងរៀបរាប់របស់លោកវេជ្ជបណ្ឌិត លីវ ហ្វាំងអាយ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺពុកឆ្អឹង ឬស្ពោធឆ្អឹង និងអាហារូបត្ថម្ភចំនួន៥០នាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ដែលមានការសហការជាមួយក្រុមហ៊ុនឱសថ DHG Pharma ជាងនេះទៅទៀតនោះគឺ កិច្ចសហការរវាងស្ថាប័នទាំង២នេះ នឹងធ្វើឡើងសម្រាប់អ្នកជំងឺដល់ទៅ១ពាន់នាក់។

លោកវេជ្ជបណ្ឌិត លីវ ហ្វាំងអាយ បានលើកឡើងថា ប្រភេទជំងឺពុកឆ្អឹងភាគច្រើនកើងឡើងចំពោះអ្នកជំងឺប្រភេទ គឺទី១៖ កើតឡើងចំពោះមនុស្សចាស់ មានការអាការៈថមថយនៃបញ្ហាឆ្អឹង ដែលជាហេតុនាំឲ្យបញ្ហាឆ្អឹងពុក កើតឡើងចំពោះមនុស្សមានវ័យចំណាស់, ទី២៖ កើតឡើងចំពោះស្រ្តីដែលអស់រដូវ នេះជាមូលហេតុផ្សេងមួយទៀត នាំឲ្យកើតជំងឺសាហាវមួយនេះ និងទី៣៖ កើតឡើងដោយសារមានអ្នកជំងឺមួយចំនួន ដែលធ្លាប់កើតជំងឺមហារីក ឬសន្លាករ៉ាំរ៉ៃមួយចំនួន ដោយធ្វើការព្យាបាលមិនបានល្អ និងត្រឹមត្រូវ ហើយការព្យាបាលមិនត្រឹមត្រូវ នេះអាចនឹងបង្កឲ្យអ្នកជំងឺកើតជំងឺពុកឆ្អឹងផងដែរ។

លោកវេជ្ជបណ្ឌិតបន្ថែមថា កាលដែលកើតជំងឺពុកឆ្អឹង ឬស្ពោធឆ្អឹងនេះ គឺដោយសារតែផ្នែកឆ្អឹងរបស់អ្នកជំងឺរហូតដល់ទៅ៣០ភាគរយ បានចុះទ្រុដទ្រោម ដែលជាហេតុធ្វើអ្នកជំងឺអាចប្រឈមខ្លាំងមួយនឹងជំងឺប្រភេទនេះ។

សូមជម្រាបថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនអ្នកជំងឺទឹកនោមផ្អែមកម្រិត២ នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានឱកាសទទួលបាន ការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់ នៅមន្ទីរពេទ្យជោរៃភ្នំពេញ។

បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma រៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺពុកឆ្អឹង ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ហើយសម្រាប់កិច្ចសហការនេះនឹងធ្វើឡើងសម្រាប់អ្នកជំងឺរហូតដល់ទៅ១ពាន់នាក់ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

វេជ្ជបណ្ឌិតជំនាញមកពីប្រទេសវៀតណាមរូបនោះ បានបន្តទៀតថា ជំងឺពុកឆ្អឺងគឺឧស្សាហ៍កើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ ហើយមានបញ្ហាច្រើនទៀតដែលនាំឲ្យកើតជំងឺពុកឆ្អឹង ឬស្ពោធឆ្អឹង តែបើបានធ្វើការព្យាបាលឲ្យទាន់ពេលវេលានោះទេ វានឹងឲ្យអ្នកជំងឺកាន់តែទ្រុឌទ្រោម ដោយធ្វើឲ្យអ្នកជំងឺជួបនឹងផលវិបាកទៅថ្ងៃក្រោយជាក់ជាមិនខាន និងអាចឈានដល់កើតជំងឺបាក់ឆ្អឹងតែម្តង។

លោកបន្តថា «ក្រោយពីអ្នកជំងឺធ្លាប់បាក់ឆ្អឺងនោះ ប្រសិនបើអ្នកជំងឺកើតជំងឺពុកឆ្អឹងត្រង់ចំណុច ឆ្អឺងកងខ្នង និងក្បាលឆ្អឹងភ្លៅ បន្ទាប់ពីគាត់ធ្លាប់បាក់ឆ្អឹងត្រង់ចំណុចទាំង២នេះ អ្នកជំងឺអាចនឹងពិការភាពបានជាមិនខាន និងមួយវិញទៀតនោះគឺមិនអាចព្យាបាលបានជាសះស្បើយនោះទេ (ជាដាច់) គឺគ្រាន់តែកាត់បន្ថយនៃការពុកឆ្អឹងតែប៉ុណ្ណោះ»

លោកវេជ្ជបណ្ឌិតជំនាញជំងឺសន្លាកឆ្អឹងរូបនេះ ក៏បានបដិសេដទាំងស្រុងនូវព័ត៌មានមិនច្បាស់ការមួយ ដែលបានលើកឡើងដែរថា មនុស្សភាគច្រើនបរិភោគអាហារ ដែលសំបូរជាតិប៊ីចេងច្រើន នាំឲ្យមានបញ្ហាពុកឆ្អឹង ដោយលោកវេជ្ជបណ្ឌិតបានលើកឡើងយ៉ាងខ្លីថា «មិនទាន់មានការស្រាវជ្រាវណា រកឃើញថា ការញាំប៊ីចេងច្រើននាំឲ្យកើតជំងឺពុកឆ្អឹងនោះទេ»