(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រុញលើកទឹកចិត្តឱ្យកុមារដែលរស់នៅ ក្នុងបុរីកុមារកំព្រា ត្រូវខិតខំរៀនសូត្រ ធ្វើខ្លួនជាកូនល្អសិស្សល្អ ជាទំពាំងស្នងឬស្សី និងជៀសឱ្យឆ្ងាយពីគ្រឿងញៀនល្បែងស៊ីសង គ្រប់ប្រភេទព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត ព្រោះវាជាវាសនាអនាគតរបស់ខ្លួនឯង។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ រួមទាំងភរិយារបស់លោកផ្ទាល់ ចុះសាកសួសុខទុក្ខកុមារ ចំនួន៨៧នាក់ នៅក្នុងបុរីកុមារកំព្រា ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរលោក សុខ លូ បានលើកទឹកចិត្តថា ជាការពិតក្មួយៗទាំងអស់រស់នៅ ក្នុងបុរី​កុមារ​កំព្រាក៏ពិតមែន ប៉ុន្តែក្មួយៗមិនឯកោទេ នៅមានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ជាពិសេសម៉ែដោះដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ដូច្នេះសូមក្មួយៗ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ ។

លោកក៏បានបន្តទៀតថា ប្អូនៗត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឬស្សី និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិត ព្រោះវាជាវាសនាអនាគតរបស់យើង អ្វីដែលសំខាន់ក្មួយៗមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួន ដើម្បីឈានទៅមុខ ដូច្នេះក្មួយៗត្រូវតែរឹងប៉ឹង ត្រូវតែជឿជាក់លើខ្លួនឯង ហើយដាក់ក្ដីសុបិនឫគោលដៅទៅមុខឱ្យច្បាស់ រួចធ្វើដំណើរពីមួយជំហានទៅមួយជំហាន។

ជាចុងបញ្ចប់ លោកអភិបាលខេត្ត ក៏បានចែកអំណោយដល់កុមារចំនួន ៨៧នាក់ និងម៉ែដោះចំនួន ១០នាក់ ដោយម្នាក់ៗទទួលបានសម្ភារសិក្សា សម្ភារប្រើប្រាស់ នំបំប៉ន និងថវិកាមួយចំនួនផងដែរ៕