(ភ្នំពេញ)៖ ឧត្តម​សេនីយ៍ឯក​ ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោស្រី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារយោធភូមិភាគទី៥ រៀបចំក្រុងពាលី​ ដែលរៀបចំឡើង​ដោយក្រុមការងារយោធភូមិភាគ​ទី៥ ជាមួយ​លោកគ្រូ​អាចារ្យ​ អនុវត្ត​តាម​បែបប្រពៃណី​សាសនា​ រៀបចំ​អសនៈ​ជាមួយនឹង​សំណែន​សព្វ​សារពើ​ ថ្វាយភ្លេង ធ្វើ​ការ​បួងសួងដល់វត្ថុសក្តិសិទ្ធ ម្ចាស់​ទឹក​ម្ចាស់​ដី​ជាកិច្ច ដើម្បី​សុំពរជ័យសុំ​សេចក្តី​សុខ​សិរី​សួស្ដី​ ក្នុង​ការ​រៀប​ចំ​កន្លែង​តាំងពិព័រណ៍​រូប​ភាព​ នៅខាងក្នុង​វិមាន​ និងទីតាំងបម្រុងសាងសង់ប្រាសាទ​តូច​មួយ តាមរចនាបទកោះ​កេរ​ នៅ​ខាងមុខ​វិមាន​ឈ្នះ​-ឈ្នះ សម្រាប់​ត្រៀម​ចូលរួម​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ នៅ​ថ្ងៃទី២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ខាងមុខនេះឱ្យ​ទទួលជោគជ័យ​។

សូម​បញ្ជាក់​ថា អនុវត្តន៍​តាម​ផែនការ​ និង​បទបញ្ជា​របស់​ក្រសួង​ការ​ពារ​ជាតិយោធភូមិភាគ​ទី៥​ មាន​កិត្តិយស​ បាន​ទទួល​សិទ្ធិ​រៀបចំ​តាំងពិព័រណ៍​រូបភាព​មួយ​ផ្នែក​ នៅក្នុង​វិមាន​ឈ្នះ​-ឈ្នះ​ ដែល​រូប​ភាព​ទាំង​ឡាយ​នោះ​ ស្តែង​ចេញ​ពី​ស្នាដៃ​សំខាន់​ៗ​លេចធ្លោ​ របស់​យោធភូមិភាគ​ទី៥​ នៅក្នុង​សកម្មភាព​ប្រតិបត្តិ​ការនយោបាយ ឈ្នះ​-ឈ្នះ​ រប​ស់​សម្តេច​​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា នៅក្នុង​អំឡុង​ឆ្នាំ​១៩៩៦-១៩៩៨ ដែល​នាំឱ្យ​មាតុភូមិ​កម្ពុជា​នៃ​យើង​ ដែល​ធ្លាប់​តែ​បែកបាក់​ហែកហួរ​ដោយ​សង្រ្គាម​ផ្ទៃ​ក្នុង ​ដ៏​ជូរចត់​ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​ទៅ​នោះ ទទួល​បាន​នូវ​ឯករាជ្យ​សុខ​សន្តិភាព​ ឯកភាពជាតិ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៨ ជាមួយ​នឹង​ការ​អភិវឌ្ឍ​រីក​ស្គុសស្គាយ​លើ​គ្រប់​វិស័យ​ រហូត​ដល់​បច្ចុប្បន្ន​នេះ​។

វិមាន​ឈ្នះ​-ឈ្នះ​ ដ៏​ធំ​ស្កឹមស្កៃ​មហិមា​មួយ​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន ​សែន​ ក៏​ដូច​ជា ​ក្រសួង​ការពារ​ជាតិ​សម្រេច​កសាង​ឡើង​ គឺដើម្បី​ជា​ទី​កន្លែង​ សម្រាប់ធ្វើការចារិក​ទុកនូវ​អនុស្សវរី​យ៍ស្នា​ដៃ​ និងចងក្រងនូវឯកសារ កំណត់​ត្រា​ សកម្ម​ភាព​ពិត​របស់​បណ្តា​ប្រតិបត្តិ​ករទាំង​ឡាយ​ នៅក្នុងការអនុវត្តនយោបាយ​ឈ្នះ​-ឈ្នះ​កន្លងមក​ សម្រាប់​ទុកឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចង​ចាំ​ ក៏ដូចជា​ផ្តល់​ជូន​ដល់​មិត្តភក្តិ​បរទេស​ជិតឆ្ងាយលើពិភព​លោក​សិក្សា​ ស្វែងយល់។

នយោបាយ​ឈ្នះ​-ឈ្នះ​ គឺជា​ស្នាដៃ​ដ៏​មហស្ចារ្យ​ ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​របស់​សម្តេច​តេជោ ​ហ៊ុន​ សែន​ ត្រូវបាន​ចារិក​ទុក​នៅក្នុងទំព័រ ក្រាំងមាស ប្រវត្តិសាស្ត្រខ្មែរ​ ដ៏​លេចធ្លោ​មួយ​ទៀត​ បន្ទាប់ពី​សម័យ​អង្គរ​។ ហើយបានបង្ហាញ​ឱ្យ​ពិភពលោក​ ក៏​ដូច​ជា​មនុស្សជាតិ​ទាំg​មូល​ ឃើញ​ថា ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ខ្មែរ​ ដោយ​ខ្លួន​ឯង​ដ៏មានប្រសិទ្ធភាពបំផុត​ ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ បរិបទនៃនយោបាយ​ផ្ទៃក្នុង​របស់​ជាតិ​កម្ពុជា​។

ប្រជា​ពលរដ្ឋ​ខ្មែរ​យើងទាំង​ក្នុង​ និងក្រៅប្រទេស​ ក៏​ដូច​ជា​ពិលោកទាំងមូល បាន​វាយតម្លៃ​ខ្ពស់​ ដែល​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា​ បានរកឃើញ​គន្លឹះ​ដ៏​សក្តិ​សិទ្ធិ និង​ជំរុញ​ដាក់​ចេញ​នូវ​នយោបាយ​ដ៏មាន សក្តា​នុ​ពល​មួយ​នេះ​ ហើយ​ក៏​ប្រាកដជា​រីក​រាយ​ គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​ កសាង​នូវ​វិមាន​អនុស្សា​វរី​យ៍​ដ៏​មាន​សារៈសំខាន់​មួយ​នេះផងដែរ។ សូម​គោរព​ថ្លែង​អំណរគុណ ​និងជូន​ពរ​សម្តេច​តេ​ជោ​ សូម​ប្រកប​ដោយ​បញ្ញាញាណ​ភ្លឺ​ស្វាង​ សុខភាព​ល្អ​បរិបូរណ៍​ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ ​ទៅ​កាន់​ភាព​សុខ​ក្សេម​ក្សាន្ត​ និង​កាន់តែ​អភិវឌ្ឍន៍​ឈាន​ឡើង​ដ៏​យូរ​អង្វែង​កាល​៕