(ផ្លូរីដា)៖ បន្ទាប់ពីការបាញ់បង្ហោះចេញពីមូលដ្ឋាន Kennedy Space Center ដោយជោគជ័យកាលពីវេលាម៉ោង ៣៖២២នាទីរសៀលថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ (ម៉ោងនៅរដ្ឋផ្លូរីដា) ត្រូវហ្នឹងពេលវេលាទាបភ្លឺថ្ងៃអាទិត្យនេះ (ពេលវេលានៅភ្នំពេញ) អវកាសយានិកអង្គការ NASA ចំនួនពីររូបគឺលោក Bon Behnken និង Doug Hurley កំពុងតែស្ថិតនៅលើយាន Crew Dragon ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនអវកាស SpaceX និងអង្គការ NASA។ នេះបើតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Space.com នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។

បើគិតពីរយៈពេលនៃការបាញ់បង្ហោះយានខាងលើ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 Block 5 (B1058) ចេញផុតពីផ្ទៃផែនដី កាលពីវេលាម៉ោង ៣៖២២នាទីរសៀលថ្ងៃសៅរ៍ គឺយាននេះត្រូវការពេលរហូតដល់ ១៩ម៉ោង ទើបអាចរំកិលខ្លួន ទៅចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ហើយបើសិនជាការចូលចតនោះប្រកបដោយជោគជ័យ នោះមានន័យថា បេសកកម្មទាំងមូល គឺទទួលបាននូវជោគជ័យពេញលេញហើយ។

បេសកកម្មខាងលើនេះ គឺស្ថិតនៅក្នុងតំណាក់កាលសាកល្បងលើកទី ២ (Demo-2 test flight)។ នៅក្នុងយាន Crew Dragon អវកាសយានិក NASA ទាំងពីររូបដែលកំពុងកសាងប្រវត្តិសាស្ត្រថ្មី ក៏បានធ្វើការ Live Video ដោយផ្ទាល់ចេញពីយាន SpaceX នោះផងដែរ ដើម្បីស្វាគមន៍ដល់មនុស្សរាប់លាននាក់ ដែលកំពុងតាមដាននៅលើផែនដី ជាពិសេសនៅទឹកដីសហរដ្ឋអាមេរិក។ (បងប្អូនអាចទស្សនាការ Live បានដោយចូលទៅកាន់ Homepage របស់វែបសាយ Space.com ឬក៏អាចចូលក្នុងប៉ុស្តិ៍ YouTube របស់ SpaceX និង NASA)។

គួរបញ្ជាក់ថា នៅក្នុងយានអវកាស Crew Dragon អវកាសយានិកជើងចាស់ទាំងពីរ ក៏បានបង្ហាញអារម្មណ៍រំភើប ព្រមទាំងពន្យល់អំពីទ្រិស្តីវិទ្យាសាស្ត្រមួយចំនួន ព្រមទាំងទិដ្ឋភាពជារួមក្នុងយាន និងក្រៅយាន ប្រាប់ដល់អ្នកទស្សនាផងដែរ។ នេះជាបេសកកម្មលើកដំបូងបំផុត ជាប្រវត្តិសាស្ត្រ ដែលអាមេរិកអាចមានយាន បាញ់ចេញពីទឹកដីរបស់ខ្លួន ឡើងទៅកាន់ទីអវកាស បន្ទាប់ពីកម្មវិធី Space Shuttle របស់អង្គការ NASA ត្រូវបានបិទបញ្ចប់កាលពីឆ្នាំ២០១១៕