(ប៉ារីស)៖ លោក Didier Deschamps គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានធ្វើការរិះគន់ទៅលើប្រទេសនៅអឺរ៉ុប២ ដូចគ្នាគឺ អង់គ្លេស និងអេស្ប៉ាញដែលបានដាក់ចេញថ្ងៃប្រកួតលីគនារដូវកាលនេះមកវិញព្រមគ្នា នាខែក្រោយ នៅចំពោះមុខជំងឺ COVID-19។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Le Parisien ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Marca លោក Deschamps បានឲ្យដឹងថា «ខ្ញុំបានឃើញកីឡាករលេងដោយមានភាពភ័យខ្លាចតាមរយៈការប៉ះពាល់គ្នាក្នុងទីលានប្រកួត ហើយអ្នកអង្គុយកៅអីបម្រុងចាំប្តូរពាក់ម៉ាស់ និងរក្សាគម្លាត ២ម៉ែត្រពីគ្នាទៅវិញ។ ខ្ញុំពិតជាមិនយល់ទេ ថាតើកីឡាករបម្រុង វាប្រឈមហានិភ័យខ្លាំងជាងកីឡាករក្នុងទីលានឬ»។

តែយ៉ាងណា អតីតកីឡាករដែលជួយបារាំងឈ្នះជើងឯក FIFA World Cup 1998 មុនដឹកនាំក្រុមមាន់គក ឈ្នះជើងឯកពាននេះទៀតកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី បានចេញមកធ្វើការរិះគន់បែបនេះ បន្ទាប់ពី Premier League របស់អង់គ្លេសកំណត់យកថ្ងៃទី១៧ ខែមិថុនា និងអេស្ប៉ាញ LaLiga Santander កំណត់យកថ្ងៃទី១៤ ខែមិថុនាត្រឡប់មកប្រកួតវិញ ដើម្បីបញ្ចប់រដូវឆ្នាំ២០១៩-២០២០ នេះដោយពេញលេញ ដ្បិត Ligue 1 របស់បារាំង ត្រូវបានប្រកាសរំសាយតាំងពីថ្ងៃទី១៨ ខែមេសា ដោយសារភ័យខ្លាចនឹងជំងឺ COVID-19៕