(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League មានគម្រោងចាប់ផ្តើមប្រកួតឡើងវិញនាខែ ក្រោយនេះ គ្រាដែលមនុស្ស ៤នាក់ផ្សេងទៀតរកឃើញវិជ្ជមាននៃជំងឺ COVID-19 ដោយពុំបញ្ជាក់ពីកីឡាករ ឬបុគ្គលិកនៃក្លិបណាមួយនោះទេក្នុងរយៈពេលតែ ១ថ្ងៃម្សិលមិញ។

ក្លិបដែលលេងនៅ PL តែងតែរកឃើញករណី COVID-19 ថ្មីៗជាបន្តបន្ទាប់នៅអំឡុងធ្វើតេស្តទាំងជុំដំបូងរហូតដល់ជុំទី៣ នាថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នៅមុនពេលចូលទីលានហ្វឹកហាត់លក្ខណៈដាច់ដោយឡែក និងជាក្រុមតូចៗ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

៤ករណីថ្មីបន្ថែមនេះដែរ ត្រូវបានរកឃើញទៅលើការធ្វើតេស្តទៅលើកីឡាករ និងបុគ្គលិកចំនួន ១០០៨នាក់ ក្នុងការពិនិត្យសុខភាពនៃជុំទី៣ បន្ទាប់ពីការបោះឆ្នោតគាំទ្រឲ្យមានការហ្វឹកហាត់ជាក្រុមត្រូវបានធ្វើឡើងផងដែរ។

គិតមកទល់នឹងពេលនេះ កីឡាករ និងបុគ្គលិកក្លិបនៅ League អង់គ្លេសចំនួន ១២នាក់ត្រូវបានរកឃើញមាន COVID-19 ក្នុងចំណោមមនុស្ស ២៧៥២នាក់ដែលត្រូវបានធ្វើតេស្តរហូតមកទល់នឹងពេលនេះ៕