(តូរីន)៖ យោងតាមការចេញផ្សាយដោយព័ត៌មាន Goal នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ក្របខណ្ឌបាល់ទាត់លីគកំពូល Serie A អាចខាតបង់ទឹកប្រាក់ប្រមាណ ៧០០លោនអឺរ៉ូ ដែលស្មើនឹងប្រមាណ៧៦៩លានដុល្លារ ដោយសារការប្រកួតត្រូវបានផ្អាកតាំងពីអំឡុងខែមីនា ដោយសារវិបត្តិ COVID-19 ចំពេលការប្រកួតបាន ដំណើរការមកដល់២៦សប្តាហ៍ហើយ។

លោក Gabriele Gravina ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៉ីតាលី FIGC បានបង្ហាញថា Serie A នឹងបាត់បង់ចំណូលដ៏ច្រើនប្រសិនបើការប្រកួតមិនអាចត្រឡប់មកវិញ ដូចដើមទេនោះ។ លីកដ៏ល្បីនៅអឺរ៉ុបមួយនេះ បានខាតបង់ទឹកប្រាក់ប្រមាណ៥៥០លានដុល្លារបាត់ទៅហេីយ គិតចាប់តាំងលីគផ្អាកពីពាក់កណ្តាលខែមីនាមកម៉្លេះ។

លោកបានព្រមានថា Serie A នឹងបន្តខាតបង់ច្រើនជាងនេះទៀត ប្រសិនបើការប្រកួតនៅតែមិនអាចត្រឡប់មកវិញបាន និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានកំពុងពិភាក្សាសម្រេចចុងក្រោយ។

បញ្ជាក់ផងថា លីគកំពូល Serie A បានផ្អាកត្រឹមសប្តាហ៍ទី២៦ ដោយមានក្រុម Juventus កំពុងឈរលើកំពូលតារាងរកបាន ៦៣ពិន្ទុ ដោយមានក្រុមលេខ២ Lazio រកបាន៦២ពិន្ទុនារដូវកាល ២០១៩-២០២០ នៅសល់១២ប្រកួតត្រូវបិទបញ្ចប់ តែបច្ចុប្បន្នតាមការធ្វើតេស្តសមាជិកម្នាក់នៃក្រុម Bologna តេស្តវិជ្ជមានលើ COVID-19៕