(ភ្នំពេញ)៖ ក្លិបបឹងកេតអែហ្វស៊ី បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញហើយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ គ្រាដែលកីឡាករម្នាក់ៗ សុទ្ធតែសម្ដែងការសប្បាយចិត្ត ពិសេសពេលឮលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតនាពេលឆាប់ៗ បន្ទាប់ពីផ្អាកការប្រកួតបណ្ដោះអាសន្នអស់រយៈពេលជាង ២ខែ។

កីឡាករ ចាន់ វឌ្ឍនាកា, សៀង ចន្ធា, ម៉ាត់ នូរុណ, លី វ៉ាហេទ និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ ជាដើម បានលើកឡើងស្រដៀងៗគ្នាថា ពួកគេសប្បាយចិត្ត ដែលបានត្រឡប់មកហ្វឹកហាត់វិញ ដ្បិតរយៈពេលជាង ២ខែ ដែលលីគសម្រាក បានធ្វើឲ្យពួកគេមានអារម្មណ៍អផ្សុក នឹកទីលាន នឹកការប្រកួត និងនឹកអ្នកគាំទ្រជាខ្លាំង។

ខ្សែប្រយុទ្ធជួរមុខបឹងកេត ចាន់ វឌ្ឍនាកា បានឲ្យដឹងថា «ខ្ញុំសប្បាយចិត្តពេលឮថា នឹងមានការប្រកួតឆាប់ៗ។ ខ្ញុំពិតជាចង់លេងបាល់ខ្លាំង ព្រោះខានលេងយូរ អញ្ចឹងហើយ ចង់មានការជួបជុំ និងមានការប្រកួតដូចរាល់ដង»។ រីឯអំឡុងពេលសម្រាកនៅផ្ទះ វឌ្ឍនាកា អះអាងថា មិនមានបញ្ហាចោទទេ ព្រោះគ្រូបានដាក់លំហាត់ឲ្យអនុវត្តយ៉ាងហោច ២ ទៅ៣ដង ក្នុង១សប្ដាហ៍ធ្វើឲ្យរាងកាយ និងគីឡូមិនសូវប្រែប្រួលឡើយ។

យ៉ាងណាមិញ មកទល់ពេលនេះ ទោះក្លិបមួយចំនួនចាប់ផ្ដើមប្រមូលផ្ដុំបណ្ដើរៗ តែគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅមិនទាន់ប្រកាសកាលបរិច្ឆេទ នៃការត្រឡប់មកវិញនៃលីគនោះទេ ក្រោយគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19) ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល បានប្រកាសអនុញ្ញាតឲ្យមានសកម្មភាពប្រមូលផ្ដុំ និងការប្រកួតកីឡាផ្លូវការឡើងវិញកាលពីថ្មីៗ។

សូមបញ្ជាក់ថា មុនលីគសម្រាកអតីតក្លិបជើងឯក ៣សម័យបឹងកេត ទើបឆ្លងកាត់ការប្រកួតសន្សំពិន្ទុជើងទី១ បានចំនួន ៤ប្រកួតប៉ុណ្ណោះ ដោយឈ្នះ២ និងស្មើ២ រកបាន ៨ពិន្ទុ ឈរលេខរៀងទី៥ បណ្ដោះអាសន្ន តាមពីក្រោយក្រុមកំពូលតារាង មានក្លិបភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដែលរកបាន ១៣ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ដូចគ្នា៕