(ក្រុងឡុងដ៍)៖ តាមការចេញផ្សាយរបស់ Sky Sport នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ឲ្យដឹងថា បណ្តាក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទទៅលើសេចក្តីសម្រេច ដែលអាចប៉ះពាល់គ្នាបាននៅអំឡុងពេលហ្វឹកហាត់។

សំឡេងគាំទ្រពីសំណាក់មតិភាគច្រើននេះនឹងធ្វើឲ្យគម្រោង Project Restart កាន់តែទទួលបានជោគជ័យក្នុងការវិលមកប្រកួត Premier League នាពេលឆាប់ៗនេះក្នុងចំណោម៩ប្រកួតដែលនៅសល់។

បណ្តាកីឡាករទាំង២០ក្លិបបានវិលមកហ្វឹកហាត់វិញកាលពីសប្តាហ៍មុន តែហាត់ដាច់ដោយឡែក និងជាក្រុមតូចៗ ដើម្បីត្រៀមចាប់ផ្តើម Premier League ឡើងវិញយូរបំផុត ត្រឹមខែមិថុនាបុណ្ណោះ។

បន្ថែមពីលើនេះ អង់គ្លេសក៏ត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់បាន១៤ក្លិប ក្នុងចំណោម ២០ក្លិប ដើម្បីបោះឆ្នោតជ្រើសរើសទីលានប្រកួតផងដែរ បើទោះបីជាមុនពេលចូលទីលាន ត្រូវធ្វើតេស្តសុខភាពកំណត់ចំនួនមនុស្សនិងប្រកួតបិទទ្វារក៏ដោយ៕