(តូក្យូ)៖ ព្រឹត្តិការណ៍កីឡាចម្រុះរដូវក្តៅ Summer Olympic Games ឆ្នាំ២០២០ ដែលគ្រោងនឹងចាប់ផ្តើមប្រកួត នៅអំឡុងខែកក្កដា និងសីហានោះ ត្រូវបានឯកភាពគ្នាលើកទៅប្រកួតនាឆ្នាំក្រោយវិញពីសំណាក់លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC និងលោក Abe Shinzo នាយករដ្ឋមន្រ្តីប្រទេសជប៉ុន ដោយសារវិបត្តិជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 កាលពីខែមេសាកន្លងទៅ។

តាមគម្រោងព្រឹត្តិការណ៍កីឡា Olympic Games 2020 នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកទី២ គិតចាប់តាំងលើកទី១ នៅឆ្នាំ១៩៦៤ មក។

ទន្ទឹមគ្នានោះ ព្រឹត្តិការណ៍កីឡាដែលមានរយៈពេល ៤ឆ្នាំម្តងនេះត្រូវបានគេប៉ាន់ស្មានថា បានធ្វើឲ្យប្រទេសជប៉ុនខាតបង់ថវិកាអស់ជាង ១សែនកោដិយ៉េន (ប្រហែល ៩ពាន់លានដុល្លារ) ពោលគឺច្រើនជាងការប៉ាន់ស្មាន ៧ដងបើទោះបីជាវានៅទាបជាងការចំណាយដ៏ច្រើននៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង ប្រទេសចិន ឆ្នាំ២០០៨ (៤៥ពាន់លានដុល្លារ) និងព្រឹត្តិការណ៍អូឡាំពិករដូវរងារ នៅទីក្រុងស៊ូជី (Sochi) នៅរុស្ស៊ី ឆ្នាំ២០១៤ (៥១ពាន់លានដុល្លារ)។

តែទោះយ៉ាងណា ការប៉ាន់ស្មានខ្លះបានធ្វើឲ្យតម្លៃនៃព្រឹត្តិការណ៍នៅទីក្រុងតូក្យូ ឡើងដល់ ២៥ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយទស្សនាវដ្តី The Diplomat របស់ជប៉ុនតែម្តង។

ក្រុមហ៊ុនជប៉ុនជាច្រើនក៏បានរាយការណ៍មកថា បានចំណាយប្រាក់ជាង ៣ពាន់លានដុល្លារក្នុងកិច្ចព្រមព្រៀងឧបត្ថម្ភដល់ការរៀបចំ ដែលជាចំនួនមួយខ្ពស់បំបែកកំណត់ត្រាផងដែរ។ ការផ្សាយជាអន្តរជាតិ ក៏បានចំណាយច្រើនទៀតដែរ ដោយបណ្តាញទូរទស្សន៍អាមេរិក NBC ចំណាយរហូតដល់ទៅ ១,៤ពាន់លានដុល្លារ សម្រាប់ការទិញសិទ្ធិផ្សាយរបស់ពួកចេញពីជប៉ុន ទៅកាន់ពិភពលោកទាំងមូល។

បន្ថែមលើនេះ សណ្ឋាគារនៅទីក្រុងតូក្យូដែលបានរំពឹងថា នឹងមានការកើនឡើងនៃការមកដល់របស់ភ្ញៀវនោះ មានដូចជាសណ្ឋាគារ Okura បានចំណាយប្រមាណ ១ពាន់លានដុល្លារលើការជួសជុល។ នៅក្នុងខែឧសភាកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនត្រូវបានគេរំពឹងថា នឹងបើកដំណើរការក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានតម្លៃទាប Zipair Tokyo ក្នុងតម្លៃប្រមាណ ២០០លានដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងក្នុងអំឡុងពេល Olympic Games គ្រាដែលអាកាសយានដ្ឋាន Haneda និង Narita នៅក្នុងខេត្តជីបបា បានវិនិយោគយ៉ាងច្រើន ដើម្បីបង្កើនសមត្ថភាពហោះហើររបស់ពួកគេ៕