(បរទេស)៖ នរណាក៏ដឹងដែរថា សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់លើលោក ដែលធ្លាប់បានប្រើប្រាស់អាវុធនុយក្លេអ៊ែរ កម្ទេចគូសត្រូវកាលពីអំឡុងសម័យសង្រ្គាម។ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៤៥ មកទល់នឹងពេលបច្ចុប្បន្ន ប្រទេសយ៉ាងតិចចំនួន ០៨ ធ្លាប់បានធ្វើតេស្តសព្វាវុធនេះសរុបរួមគ្នាគឺជាង ២,០០០លើក ក្នុងនោះជិតពាក់កណ្តាល ត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិកផ្ទាល់។

អាមេរិកតែឯងធ្លាប់បានធ្វើតេស្តអាវុធនុយក្លេអ៊ែរសរុប ១,០៣២លើក គឺវាច្រើនជាងការធ្វើតេស្តនៃប្រទេសដទៃទៀតរួមបញ្ចូលគ្នាទៅទៀត គិតចាប់តាំងពីការបំផ្ទុះអាវុធនុយក្លេអ៊ែរ លើកដំបូងបំផុតលើពិភពលោកហៅថា ទ្រីនីធី (Trinity) កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥។ អាមេរិកបានធ្វើតេស្តនុយក្លេអ៊ែរលើកចុងក្រោយហៅថា ឌីវ៉ាយដឺ (Divider) នៅរដ្ឋណេវ៉ាដា (Nevada) កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩២ មុនពេលការចរចាសន្ធិសញ្ញា ហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ CTBT ចាប់ផ្តើមនៅឆ្នាំ១៩៩៣។

សម្រាប់ប្រទេស ០៧ទៀត គឺអតីតសហភាពសូវៀត (រុស្ស៉ីបច្ចុប្បន្ន) ធ្លាប់ធ្វើតេស្តអាវុធនុយក្លេអ៊ែរបាន ៧២៧លើក, បារាំងធ្លាប់តេស្ត ២១៧លើក, ចក្រភពអង់គ្លេសធ្លាប់តេស្ត ៨៨លើក, ចិនធ្លាប់តេស្ត ៤៧លើក, កូរ៉េខាងជើងធ្លាប់តេស្ត ០៦លើក, ឥណ្ឌាធ្លាប់តេស្ត ០៣លើក, និងប៉ាគីស្ថានធ្លាប់តេស្ត ០២លើក។

សន្ធិសញ្ញា CTBT ត្រូវបានអនុម័តដោយមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៦ និងត្រូវបានចុះហត្ថលេខាដោយប្រទេសលើសពី ១៨៤។ យ៉ាងណាវិញសន្ធិសញ្ញានេះ ពុំបានចូលជាធរមានជាផ្លូវការឡើយរហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែប្រទេស ០៨ក្នុងចំណោមប្រទេសចំនួន ៤៤ ដែលមានមូលដ្ឋាននុយក្លេអ៊ែរកំឡុងពេលចរចាគឺអាមេរិក ចិន ឥណ្ឌា អ៉ីរ៉ង់ កូរ៉េខាងជើង ប៉ាគីស្ថាន អេហ្ស៉ីប និងអ៉ីស្រាអែលមិនបានផ្តល់សច្ចាប័ន។ ម៉្យាងវិញទៀត ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង ក៏មិនទាន់ទាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាផងដែរ។

យ៉ាងណាមិញ ដោយសារតែមានការគាំទ្រច្រើនចំពោះសន្ធិសញ្ញានេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរភាគច្រើនក៏បានឯកភាពគ្នាដោយ ឈរលើគោលការណ៍មិនធ្វើតេស្តអាវុធនុយក្លេអ៊ែរទៀតឡើយ។ ប្រការនេះបានធ្វើឲ្យពិភពលោក លែងស្គាល់ការតេស្តនុយក្លេអ៊ែរអស់ជាច្រើនឆ្នាំ ពីសំណាក់ប្រទេសមហាអំណាច លើកលែងតែកូរ៉េខាងជើងដែលបានធ្វើតេស្ត ០៦លើក កាលពីចន្លោះឆ្នាំ២០០៦-២០១៧។

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែឧសភានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសលោកចង់ពិចារណាធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ដែលការប្រកាសនេះបានបង្កឲ្យអន្តរជាតិប្រតិកម្មភ្លាមៗ។ បើតាមការយល់ឃើញរបស់អ្នកជំនាញ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ដោយប្រទេសមហាអំណាចនុយក្លេអ៊ែរណាមួយនាពេលនេះ នឹងអាចបង្កអស្ថិរភាពជាខ្លាំង ព្រោះវានឹងនាំទៅរកការរត់ប្រណាំងអាវុធនុយក្លេអ៊ែរជាថ្មី ជាក់ជាពុំខានឡើយ៕

ប្រភព៖ CGTN (ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០)