(ម៉ាឌ្រីដ)៖ Casemiro ដែលមានតួនាទីលេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធនោះ បានជួយក្លិបអេស្ប៉ាញ Real Madrid ឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions League ៤ដងនោះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំទៀតជាមួយក្លិប ពោលគឺនឹងផុតកំណត់ដល់ឆ្នាំ២០២៣ ខាងមុខ។

Casemiro បានចាកចេញក្លិបក្នុងស្រុក Sao Paulo មកចូលរួមជាមួយឈុតយុវជនរបស់ Real Madrid B ក្នុងឆ្នាំ២០១៣។

បុរសវ័យ ២៨ឆ្នាំសញ្ជាតិប្រេស៊ីលខាងលើនេះ បានក្លាយជាកីឡាករសំខាន់ និងតែងតែជាប់ជម្រើស ១១នាក់ក្នុងការប្រកួត ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅ Zinedine Zidane។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

Casemiro បានចាប់ផ្តើមលេងឲ្យក្លិបអធិរាជស Real Madrid ក្នុងឆ្នាំ២០១៣ ដែលត្រូវបានអតីតអ្នកចាត់ការទូទៅ Jose Mourinho ដាក់ឲ្យបង្ហាញសមត្ថភាពលើកដំបូងក្នុងប្រកួតទល់នឹង Real Betis នៅ LaLiga Santander មុនពេលក្លាយជាផ្នែកសំខាន់មួយរបស់ក្រុមរហូតដល់បច្ចុប្បន្ន។

ក្នុងរយៈពេល ៧ឆ្នាំមកនេះនៅកីឡដ្ឋាន Santiago Bernabue ខ្សែបម្រើ Casemiro បានឈ្នះពានគ្រប់យ៉ាងជាមួយ Real Madrid រួមមានរង្វាន់ UEFA Champions League ៤ដង, Club World Cup ៣ដង, LaLiga និង Copa del Rey ១ដងដូចគ្នា, European Super Cup និងពាន Supercopa de Espana បាន ២ដងដូចគ្នាពីការបង្ហាញខ្លួនបាន ២២៩ប្រកួត និងរកបាន ២២គ្រាប់ផងដែរ៕