(ហ្ស៊ូរិច)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA បានសម្រេចព្យួរមុខតំណែងប្រធានសហព័ន្ធបាល់ទាត់នៃប្រទេសហាយទី (Haiti) លោក Yves Jean-Bart ករណីរំលោភសេពសន្ថវៈកីឡាការិនីនាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយរបស់ Dailymail របស់អង់គ្លេស។

ការព្យួរមុខតំណែងហាមមិនឲ្យលោក Jean-Bart ធ្វើសកម្មភាពកីឡាបាល់ទាត់ទាំងក្នុងស្រុក និងអន្តរជាតិដែលមានរយៈពេល ៩០ថ្ងៃនោះ ត្រូវបានធ្វើឡើង បន្ទាប់ពី FIFA ទទួលបានសេចក្តីរាយការណ៍ជាច្រើនពីជនរងគ្រោះនៅហាយទី ចំពោះប្រធានសហព័ន្ធដែលបានប្រព្រឹត្តអំពើមិនគួរគប្បីទៅលើពួកគេ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាជាតិ ដែលមានរយៈពេល ៥ឆ្នាំមកហើយ ដោយពេលខ្លះគំរាមសម្លាប់ថែមទៀតផង។

បើយោងតាមការចេញផ្សាយដោយ The Gaurdian ក៏បានឲ្យដឹងដែរថា លោក Jean-Bart ក៏មានការជាប់ពាក់ព័ន្ធ បំពារបំពានផ្លូវភេទ (sexual abuse) ទៅលើកីឡាការិនីបាល់ទាត់វ័យក្មេងផងដែរ ដែលនាំឲ្យមានការបើកការស៊ើបអង្កេតភ្លាមៗពីសំណាក់ FIFA បើទោះបីជាបុរសស្បែកខ្មៅខាងលើនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ក៏ដោយ។

លោក Jean-Bart មានវ័យ៧៣ឆ្នាំ ក៏បានមកស្តាប់សវនការនៅឯការិយាល័យក្រុមប្រឹក្សា Crois-Des-Bouquets ម្តងរួចមកហើយដែរ កាលពីថ្ងៃចន្ទម្សិលមិញ អមដោយក្រុមប្រឆាំងរូបលោកនៅតាមដងផ្លូវជាច្រើននៃប្រទេសហាយទីទៀតផង៕