(ភ្នំពេញ)៖ បណ្តាថ្នាក់ដឹកនាំក្លិបបាល់ទាត់អាជីពនៅកម្ពុជាបន្តជួបប្រជុំពិភាក្សាគ្នាដែលត្រូវបានរៀបចំដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដើម្បីដាក់ចេញកម្មវិធីប្រកួតលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ឡើងវិញនាខែក្រោយនេះ។

នេះជាលើកទី២ ផងដែរដែលកិច្ចប្រជុំខាងលើនេះត្រូវបានធ្វើ បន្ទាប់ពីក្រសួងសុខាភិបាលអនុញ្ញាតឲ្យកីឡាមួយចំនួន មានសកម្មភាពឡើងវិញ។

កិច្ចប្រជុំនេះ ក៏ពុំទាន់មានការបញ្ជាក់ពីការកំណត់កាលបរិច្ឆេទនៃការត្រឡប់មកវិញ នូវការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នោះទេ តែប្រភពដែលបានចូលរួមកិច្ចប្រជុំបានបង្ហើបថា លីគ និងពានសម្ដេចតេជោ នឹងបន្ដការប្រកួតនាពេលឆាប់ៗដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។ ប៉ុន្ដែមុនចាប់ផ្ដើមការប្រកួត CNCC ក៏ទុកពេលវេលាគ្រប់គ្រាន់ឲ្យក្លិបនីមួយៗ ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញដែរ។

សូមបញ្ជាក់ថា រយៈពេលជាង ២ខែមកហើយ ដែលលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្អាកការប្រកួតបណ្ដោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្ដែបច្ចុប្បន្នស្ថានភាពជំងឺដ៏កាចសាហាវនេះ បានធូរស្រាលច្រើនហើយ ដោយហេតុនេះទើបគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អនុញ្ញាតឲ្យមានការប្រកួតឡើងវិញ តែមិនមានអ្នកទស្សនា។ ចំពោះលីគ មុនសម្រាក គឺបានដំណើរការប្រកួត ៥សប្ដាហ៍ ខណៈពានសម្ដេចតេជោ ហ៊ុន សែន បានរកឃើញបេក្ខភាព ៨ក្រុមចុងក្រោយនៃពានថ្នាក់ខេត្តហើយ៕