(ភ្នំពេញ)៖ តារាប្រុសរូបសង្ហាអតីត Frehsie ដែលត្រូវបានទស្សនិកជនតែងតែហៅថា ម៉ៃ ចយ មានឈ្មោះ ពិតថា គីម តារា បានគាស់កកាយនូវរឿងរ៉ាវជីវិតជាច្រើន ​ទាំងការតស៊ូលំបាកក្នុងសិល្បៈ និងការទទួលបានប្រជាប្រិយភាព។ ម៉ៃ ចយ ថាទំរាំមានការងារធ្វើហូរហែររហូតដល់បច្ចុប្បន្ន លោកបានចាយពេលរយៈពេល៦ឆ្នាំ ដើម្បីទៅរៀន និងធ្វើការផ្នែកឌីជេ ក្នុងប្រទេសថៃ ដើម្បីចាប់យកអាជីពមួយច្បាស់លាស់។

ការលើកឡើងបែបនេះ ពីសំណាក់តារាប្រុស ម៉ៃ ចយ គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករ-ពិធីការិនី ក្នុងកម្មវិធីនេះ លោក ម៉ៃ ចយ បានឲ្យដឹងថា លោកគឺជា អតីតជ័យលាភីក្នុងកម្មវិធី ប្រឡងសម្រស់និងសម្ថភាព Frehsie។ ក្រោយបញ្ចប់ការប្រឡងក្នុងកម្មវិធីនេះ​ លោកហាក់មិនទាន់មានកេរ្តិ៍ឈ្មោះអ្វីខ្លាំងក្លាក្នុងសិល្បៈឡើយ។

បន្ទាប់មក លោកបានទៅប្រទេសថៃ ដើម្បីចាប់យកអាជីពច្បាស់លាស់មួយក្នុងជីវិត។ ការរស់នៅប្រទេសថៃ លោក ម៉ៃ ចយ បានរៀនផ្នែកឌីជេ រៀនបានច្រើនខែបន្តិច លោកក៏ចេញធ្វើការរកលុយ។ ក្រោយចាប់បានអាជីពនេះច្បាស់លាស់ហើយ ក៏ត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីបន្តការងារសិល្បៈ។ ដោយសារចេះនិយាយភាសាថៃ និងមានរូបសង្ហារផងនោះ ម៉ៃ ចយ មានឱកាសធ្វើកិច្ចការងារជាមួយតារាថៃល្បីៗជាច្រើនរូប តាមរយៈតំណាងផលិតផលសម្រស់នានា។ កាលនេះ កាន់តែធ្វើឲ្យប្រជាប្រិយភាពលោកល្បីល្បាញពីមួយដំណាក់កាលទៅមួយដំណាក់កាល។

តាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក ម៉ៃ ចយ បានបកស្រាយនូវរឿងរ៉ាវយល់ច្រឡំមួយចំនួន ដែលមហាជនថាលោកស្រឡាញ់ភេទដូចគ្នា នៅពេលដែលឃើញរូបភាព Pre-Wedding ថតជាមួយតារាប្រុស ជា លាងឈែ។ លោកថា ការថត Pre-Wedding ជាមួយបុរសដូចគ្នានេះ គ្រាន់តែជាការងារតែប៉ុណ្ណោះ ហើយការពិតមិនមែនដូចមហាជនយល់ឃើញឡើយ។ ​ទន្ទឹមគ្នានេះ លោកបានបង្ហើបថា បើមានការងារបែបនេះទៀត លោកសុំផ្អាក់សិន ព្រោះមិនចង់ឲ្យមហាជនយល់ច្រឡំបន្តទៀត។

គួរជម្រាបថា លោក ​គីម តារា ហៅម៉ៃ ចយ កំពុងតែមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈ។ មិនត្រឹមតែមានអាជីពឌីជេនោះទេ លោកមានសមត្ថភាពសម្តែងភាពយន្ត និងថត MV ចម្រៀងផងដែរ។ ទាក់ទងនឹងរឿងស្នេហ៍ ត្រូវបានតារារូបនេះបង្ហើបយ៉ាងខ្លីថា កំពុងមើលចិត្តថ្លើមគ្នាជាមួយនារីម្នាក់ ដែលមិនមែនជាអ្នកសិល្បៈ៕