(ឡុងដ៏)៖ ក្លិបដែលស្ថិតនៅក្នុងលីគលំដាប់ទី២ Championship របស់អង់គ្លេស Hull City បានធ្វើតេស្តវិជ្ជមាន ២ករណីលើ COVID-19 ចំពោះបុគ្គលនៃក្លិប ដែលនេះជាការត្រៀមធ្វើការចូលហ្វឹកហាត់ដែលមានកីឡាករ និងបុគ្គលិកប្រមាណជាង ១០០០នាក់បានធ្វើតេស្តមកពី ២៤ក្លិបបានចូលរួម។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០។

តាមការចេញប្រកាសបុគ្គល ២នាក់របស់ក្លិប Hull City ត្រូវបានដាក់ឲ្យដាច់ដោយឡែកចំនួន ៧ថ្ងៃទៅតាមគោលការណ៍របស់សហព័ន្ធ EFL តែបុគ្គលទាំងពីរមិនមានចេញអាការៈធ្ងន់ធ្ងរខ្លាំងនោះទេ ហើយនឹងត្រូវធ្វើតេស្តម្តងទៀតនៅពេលក្រោយ ខណៈក្រុមខ្លាធំមិនបានបញ្ជាក់ថា ករណីនេះបានស្ថិតនៅលើបុគ្គលិក ឬកីឡាករនោះទេ។

សម្រាប់ការធ្វើតេស្តនេះត្រូវបានធ្វើឡើងមុនការវិលចូលទីលានហ្វឹកហាត់វិញដែលត្រៀមចាប់ផ្តើមនាដើមសប្តាហ៍នេះក្នុងចំណោមបុគ្គលពាក់ព័ន្ធប្រមាណជាង ១,០០០នាក់ដែលប្រើអស់រយៈពេល ៧២ម៉ោង តែត្រូវបានរកឃើញតែ ២ករណីទៅលើក្រុម Hull City ខណៈការប្រកួតលីគទី២ នេះគោងធ្វើឡើងនាអំឡុងខែមិថុនា ហើយក្រុមខ្លាធំនេះបានឈរនៅត្រឹមលេខរៀងទី២១ ក្បែរបាតតារាង៕