(បរទេស)៖ តារាប្រុសមួយរូបក្នុងក្រុមចម្រៀងបុរស BTS ដែលជំនាញខាងរ៉េប គឺ Suga ទើបតែបញ្ចេញវីដេអូចម្រៀងថ្មីរបស់គេ កាលពីម្សិលមិញនេះ ដែលមានចំណងជើងថា «Daechwita»។ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២៣ នេះ មិនទាន់ដល់ ២៤ម៉ោងផង ចម្រៀងថ្មីរបស់គេ មានចំនួនអ្នកចូលទស្សនារហូតដល់ទៅ ២០លាន ដង ក្នុង Youtube និងឈរលេខរៀងទី២ ដែលមានអ្នកទស្សនាច្រើន បន្ទាប់ពីចម្រៀងរបស់តារាស្រីអាមេរិក Lady Gaga និង Ariana Grande «Rain On Me»។

ពិតណាស់ ចម្រៀងថ្មីរបស់ Suga «Daechwita» គឺមានអត្ថន័យទៅរកអតីតកាល ដែលរូបគេបានផ្លាស់ប្តូរពីរាស្រ្តធម្មតា ទៅជាស្តេច។ ងាកមកចំណងជើង «Daechwita» គឺជាឈ្មោះដែលត្រូវបានគេដាក់ ដោយផ្អែកទៅលើចម្រៀងយោធានៃប្រពៃណីរបស់កូរ៉េ ដោយមានរួមបញ្ចូលទាំងឧបករណ៍ភ្លេងជាច្រើនប្រភេទផងដែរ។

អ្វីដែលគ្រប់គ្នាកត់សម្គាល់នោះ ទាំងការរ៉េបក្នុងចម្រៀង និងការសម្តែងក្នុងវីដេអូ ពីសំណាក់តារាប្រុស Suga គឺពិតជាទាក់ទាញយ៉ាងខ្លាំង រហូតធ្វើឲ្យចំនួនអ្នកចូលទស្សនាកើនឡើងជាបន្តបន្ទាប់។ ដោយក្នុងនោះ មិនទាន់បាន ២៤ម៉ោងស្រួលបួលផង កើនឡើងដល់ 20,776,100 ដងឯណោះ៕