(ភ្នំពេញ)៖ បែបបទនៃការធ្វើពិធីលាងជើង គឺជាចំណុចសំខាន់ណាស់ ដែលវាជាផ្នែកមួយនៃពិធីមង្គលការ។ គេសង្កេតឃើញថា ការលាងជើងត្រូវបានខ្មែរ ដែលទទួលឥទ្ធិពលអឺរ៉ុប អះអាង ជាការបន្ថោកតម្លៃស្ត្រី ដោយមតិនេះហើយ ធ្វើឱ្យពិធីលាងជើង ត្រូវបានកាត់ចោល នៅក្នុងពិធីអាពាហ៍ពិពាហ៍ ភាគច្រើនតែម្តង។ ខ្មែរដែលកាត់ជំនឿរបស់គ្រិស្តសាសនា បានឱ្យកូនក្រមុំលាងជើងកូនកម្លោះ ឯកូនកម្លោះត្រូវលាងជើងកូនក្រមុំវិញ ចាកឆ្ងាយពីប្រពៃណីដើមរបស់ខ្មែរ។

តើពិធីលាងជើង ពិតជាបន្ទាបបន្ថោកតម្លៃស្ត្រីមែនឬ? តើត្រូវលុបពិធីនេះ ចេញពីពិធីមង្គលអាពាហ៍ពិពាហ៍ឬ?

ជាដំបូង យើងអាចនិយាយថា គេមើលពុំឃើញ ការបន្ទាបបន្ថោកតម្លៃស្ត្រីត្រង់ណាទេ ក្នុងពិធីលាងជើង។ យោងតាមសៀវភៅ «ក្បួនអាពាហ៍ពិពាហ៍» សរសេរដោយអ្នកឧកញ៉ាមហាមន្ត្រី ញិក នូវ ចាងហ្វាងក្រុមព្រះរាជមន្ទីរ រៀបរាប់ថា ពិធីលាងជើងនេះ គេធ្វើនៅវេលាព្រឹកម៉ោង៤ ថ្ងៃសំពះផ្ទឹម គឺនៅថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃពិធីមង្គលការ។ លោកសរសេរថា គេឱ្យក្រាលសំពត់ស ឬកន្ទេល តាំងពីក្បាលជណ្តើរថ្មី (ពីដើមគេសង់ផ្ទះថ្មី ដើម្បីធ្វើពិធីមង្គលការ) រៀងដល់ទីសំពះ និងឱ្យមានក្មេងប្រុសម្នាក់ចាំសែនក្បាលជណ្តើរ ឱ្យមានថ្មរលីង ១ដុំ ដាក់នៅលើជណ្តើរ ហើយឱ្យមានវេចស្លាក្រនៀត (ស្លាក្រនៀត ឬស្លាថ្នាត់ គឺម្លូដែលគេបៀកបត់ញាត់បញ្ចូលមុខគ្នា) ១ម៉ាត់ ដាក់នឹងជាយកន្សែងច្របុច ឱ្យក្មេងប្រុស ឬស្រីម្នាក់ ដែលត្រូវជាប្អូន ឬជាក្មួយសាមីខ្លួនកូនស្រីនោះកាន់ មានទឹក ១ផ្តឹលផង តម្កល់ទុកឱ្យក្មេងនោះឈរចាំនៅជើងជណ្តើរ លុះសាមីខ្លួនកូនប្រុសដល់មក ឱ្យឈរលើថ្ម ឱ្យក្មេងនោះហុចទឹកឱ្យសាមីខ្លួនលាងជើង (មានខ្លះឱ្យលាងនឹងទឹកដូងខ្ចីក៏មាន)។ [...] លុះសាមីខ្លួនប្រុសនោះលាងជើងរួចហើយ ឱ្យក្មេងកាន់កន្សែងស្លានោះហុចទៅឱ្យសាមីខ្លួនប្រុសស្រាយយកស្លាស៊ី។ ការរៀបរាប់របស់អ្នកឧកញ៉ាមហាមន្ត្រី ញិក នូវ បានស្រង់ប្រភពពីការចងក្រងរបស់ព្រះជ័យចេស្តាបរមរាជាធិបតី។

ជាមួយគ្នានេះ សៀវភៅ «ក្បួនទម្រង់ការអាពាហ៍ពិពាហ៍» របស់ឧត្តមប្រីជា ចាប ពិន និពន្ធបណ្ឌិត អតីតអធិបតីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ឱ្យដឹងថា ពិធីលាងជើង គេធ្វើនៅវេលាអរុណរះ ថ្ងៃទី៣ គឺថ្ងៃសំពះផ្ទឹម ដែលជាថ្ងៃចុងក្រោយនៃពិធីមង្គលការ។ លោកសរសេរថា វេលាហែទៅ (ឡើងលើផ្ទះរៀបចំពិធីមង្គលការ) កូនប្រុសត្រូវមានប្រាក់យ៉ាងតិចត្រឹម ១ស្លឹង ឬ ១កាក់ ជាប់នឹងខ្លួន ខណៈទៅដល់មាត់ជណ្តើរផែនថ្មមួយ គេដាក់ទុកឱ្យកូនប្រុសឈរលាងជើង ហើយនឹងឃើញក្មេងប្រុស ១នាក់ ជាប្អូនបង្កើត ឬជាញាតិជិតរបស់ខាងកូនស្រី កាន់ផ្តិលទឹកមកលាងជើងឱ្យ ហើយនឹងឱ្យស្លា ១ម៉ាត់ ដែលដៃកូនស្រីបៀកឱ្យ កូនប្រុសទទួលស្លាស៊ីហើយ ត្រូវឱ្យប្រាក់ដែលជាប់មកនឹងខ្លួនទៅក្មេងនោះ ហើយក្មេងនោះ ត្រូវដឹកដៃកូនប្រុសឡើងទៅជណ្តើរទៅ។ ការរៀបរាប់របស់ឧត្តមប្រីជា ចាប ពិន ស្របនឹងអ្នកឧកញ៉ាមហាមន្ត្រី ញិក នូវ។

បន្ថែមលើនេះ លោក សេង សំអាន ជាសាក្សីរស់ ដែលធ្លាប់លាងជើងឱ្យបងថ្លៃ ក្នុងពិធីមង្គលការបងស្រីបង្កើត នៅភូមិវត្តឧទុម្ពរ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (សព្វថ្ងៃ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល) នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានប្រាប់ថា កាលនោះ អាយុរបស់លោកខ្ទង់ ៤ ទៅ៥ឆ្នាំ ដែលមិនទាន់ចូលរៀនទេ គឺទសវត្សរ៍ទី៥០។ លោក សេង សំអាន បានអះអាងថា ម្តាយរបស់លោកប្រាប់ថា «កូនឯងយកកន្សែងនេះ ទៅជ្រលក់ទឹក ហើយទៅជូតជើងបងថ្លៃឯងទៅ»។ ពេលនោះ លោកនៅក្មេង ក៏អត់មាត់អ្វីដែរ ដោយឪពុកម្តាយប្រើហើយ ក៏ធ្វើតាមទៅ។ លោកក៏យកកន្សែងជ្រលក់ទឹក ហើយជូតជើងបងថ្លៃ ដែលគេដាក់កំណល់ឱ្យឈរលើហ្នឹង ហើយថា ឥលូវពេលឃើញឱ្យកូនក្រមុំទៅលាងជើងកូនកម្លោះ ដូចមិនសមស្របសោះ។ ជាមួយនឹងការលាងជើងនេះ លោក សេង សំអាន ក៏ទទួលថវិកាមួយសន្លឹក ជាប្រាក់ឥណ្ឌូចិន (ខ្មែរ វៀតណាម ឡាវ) ក្រដាស ១០០ព្យា (Cent Piastres) ដែលនេះគេហៅថា អំណោយនេះ គេហៅថា រង្វាន់ខាន់ខៅ (ទ្រនឹប)។

គួរឱ្យស្តាយ ដែលពិធីលាងជើង ត្រូវបានគេលុបបំបាត់។ លោកស្រី ស៊ឹម សុខា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ និយាយថា កាលនាងរៀបការប្រមាណ ២ឆ្នាំមុន លោកអាចារ្យមង្គលការ បានឱ្យកាត់ពិធីលាងជើងចេញតែម្តង។ ចំណែកឯលោកស្រី ស៊ឹម សុឃាន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បាននិយាយប្រាប់ថា កាលគាត់រៀបការប្រមាណ ១៩ឆ្នាំមុន ពិធីលាងជើងនេះ ក៏ត្រូវបានកាត់ដែរ តែគាត់ថា កាលគាត់នៅពីក្មេងគាត់ឃើញគេធ្វើពិធីលាងជើង ដោយឱ្យកូនក្រមុំលាងជើងកូនកម្លោះ តាមការបង្គាប់របស់អាចារ្យមង្គលការ ដែលជាមេភូមិស្រាប់។

ឆ្លងតាមការបង្ហាញខាងលើ គេអាចនិយាយថា ពិធីលាងជើងនេះ មានទាំងន័យចំ និងន័យធៀប យ៉ាងល្អផូរផង់។ គេអាចសិក្សាឃើញថា ក្រោយដណ្តឹងកូនក្រមុំ កូនកម្លោះត្រូវទៅបម្រើគ្រួសារខាងស្រីសព្វគ្រប់កិច្ចការ (ខ្ញុំឃើញ ៣ខែឡើងទៅ ខ្លះថា ៣ខែ ឬ ១ឆ្នាំ ឬ ៣ឆ្នាំ) ដើម្បីឱ្យគ្រួសារខាងស្រីវាយតម្លៃលក្ខណៈសម្បត្តិ ថាអាចធ្វើជាមេគ្រួសារបាន ឬអត់។ បើគេពុំពេញចិត្ត គេផ្តាច់ពាក្យពេលណាក៏បាន។

ការលាងជើង បានបង្កប់ទស្សនៈវិជ្ជា។ ន័យចំ គឺខាងប្រុស បានបម្រើគ្រួសារខាងស្រីគ្រប់សព្វកិច្ចការ ទាំងលើកលាមកគោ ក្របី មើលជ្រូក មាន់ ទា ស្រែ ចម្ការ ជាដើមក្តី នាំឱ្យប្រលាក់ជើង។ បម្រើគ្រួសារគេពេញមួយថ្ងៃហើយ ត្រូវទៅផ្ទះខ្លួនវិញ។ គេមិនឱ្យឡើងផ្ទះ ឬជួបមុខកូនស្រីឡើយ។ អីចឹង នៅពេលសម្រេចលើកកូនឱ្យហើយ គេឱ្យឡើងផ្ទះហើយ។ កូនក្រមុំ នៅពេលឃើញការលំបាកនេះ ក៏លាងជើងឱ្យបង្ហាញការជួយយកអាសារ។ ន័យធៀប គឺកូនប្រុស បើធ្លាប់ពាក់ព័ន្ធនឹងនារីណា ក៏សូមដាច់ស្រេចត្រឹមនេះ ដូចលាងជើងឱ្យស្អាត ចាប់ផ្តើមជាថ្មីជាមួយកូនក្រមុំ។ ជាមួយគ្នានឹងការលាងជើង គេឃើញកូនកម្លោះ គេឱ្យឡើងជាន់លើថ្ម ដើម្បីបង្ហាញថា ខ្លួននឹងក្លាយជាបង្គោលគ្រួសារហើយ។

បើគិតតាមការសិក្សាមួយបែបទៀត នារីចង់និយាយទៅបុរសថា «អញលាងជើងឯងឱ្យស្អាត។ ពីថ្ងៃនេះទៅ ឯងជារបស់អញផ្តាច់មុខ។ ហាមទៅទាក់ទងនារីផ្សេង»

ខ្មែរដែលពុំដឹង និងអ្នកទទួលឥទ្ធិពលអឺរ៉ុបផងនោះ យល់ថា សិទ្ធិបុរសនិងស្ត្រី គឺស្មើគ្នា។ ហេតុនេះហើយ បើកូនក្រមុំលាងជើងកូនកម្លោះ កូនកម្លោះក៏ត្រូវលាងជើងកូនក្រមុំ។ ពួកគេឆ្ងាញ់នឹងឥទ្ធិពលអឺរ៉ុបពេក អត់បានយល់ទស្សនវិជ្ជាខ្មែរឡើយ។

សម្រាប់អ្នកមានជំនឿលើសាសនាគ្រិស្ត បានលើកឡើងថា ការលាងជើងឱ្យគ្នា គឺបង្ហាញពីក្ដីស្រលាញ់ និងការបម្រើចំពោះគ្នាទៅវិញទៅមករវាងប្ដី និងប្រពន្ធ ដូចដែលព្រះយ៉េស៊ូវទ្រង់លាងជើងឱ្យសិស្សរបស់ទ្រង់ដូច្នោះដែរ ដែលមានចែងនៅក្នុងព្រះគម្ពីរប៊ីប (Bible) របស់សាសនាគ្រិស្តនៅត្រង់យ៉ូហាន ១៣។

ឥលូវ យើងនិយាយបែបរបៀបអ្នកតស៊ូមតិវិញ។ គេលាងជើងកូនកម្លោះ ដើម្បីជម្រះរឿងកន្លង ជាពិសេសគេចង់ផ្តល់គំនិតថា ចាប់ពីថ្ងៃនេះទៅ កូនកម្លោះ ចាប់ផ្តើមដើរផ្លូវថ្មីដោយមានដៃគូជីវិតហើយ អីចឹងកូនកម្លោះមិនអាចនៅឱបក្រសោបរឿងអតីតកាល ដែលមិនល្អទេ។ បើអ្នកបរទេសនិយម ចង់ឱ្យគេលាងជើងកូនក្រមុំដែរនោះ តើវាមិនមែនមានន័យថា នារីនោះធ្លាប់មានប្រវត្តិមិនល្អដែរ ឬយ៉ាងណា? អីចឹង បើឱ្យលាងជើងកូនស្រី វាស្មើនឹងការវាយតម្លៃទុកមុនថា នារីធ្លាប់ប្រលូកប្រលាក់នឹងបុរសណាហើយ។ ចំណុចនេះ វាកាន់តែចាកឆ្ងាយរឿងដែលគេចង់លើកតម្លៃស្ត្រីទៅទៀត។

សូមលោកអ្នកនិយមអឺរ៉ុបទាំងឡាយ សិក្សាពីអត្ថន័យពិធីលាងជើងឡើងវិញ។ បើអ្នកមិនចង់ធ្វើ ក៏សូមមេត្តាកុំបំផុសគំនិតបំភ្លៃ ឱ្យពិធីនេះលុបបំបាត់អី។ គេឃើញរឿងមួយទៀត គេកាន់តែធ្វើខុសហើយ គឺឥលូវនេះ បែរជាឃើញកូនក្រមុំទៅសំពះជើងកូនកម្លោះទៅទៀត។ មិនដឹងថា ធ្វើឡើងដោយការបង្គាប់ពីនរណា? វាកាន់តែឆ្ងាយពីទម្លាប់ខ្មែរណាស់។

ការចង់ឱ្យលះបង់ ពិធីលាងជើង ជាការយល់ខុស។ ខ្មែរបានឱ្យតម្លៃស្ត្រី ហើយដោយយល់ឃើញពីតម្លៃស្ត្រី ទើបខ្មែរបង្កើតនូវរឿងមួយចំនួន ដូចជា ឱ្យបុរសដណ្តឹងស្រ្តី ឱ្យបុរសទៅបម្រើខាងស្រី ពេលរៀបការឱ្យស្ត្រីកាន់លុយជាដើម។

គេមើលឃើញថា ពិធីមង្គលការត្រូវក្បួន គឺគួរយកតាមការកត់ត្រារបស់ព្រះជ័យចេស្តា និងត្រូវបានសរសេរឡើងវិញដោយ អ្នកឧកញ៉ាមហាភក្តី ញិក នូវ និងឧត្តមប្រីជា ចាប ពិន ហើយយើងគួរឱ្យអ្នកជំនាញ រៀបសៀវភៅទី៣ ដែលល្អឥតខ្ចោះ និងងាយមើល។ គេគួរឱ្យធ្វើពិធីលាងជើងនេះ ដោយអនុលោមតាមព្រះជ័យចេស្តា ដោយឱ្យប្អូន ឬសាច់ញាតិខាងស្រី ជាអ្នកលាងជើងកូនកម្លោះ។

ប្រហែល ដោយសារភាពវ័យឆ្លាតរបស់ព្រះជ័យចេស្តា ដែលព្រះអង្គបានឱ្យអ្នកលាងជើង គឺជាប្អូន ឬក្មេងសាច់ញាតិខាងស្រី ជំនួសកូនស្រី គឺធ្វើបែបនេះ ពិធីលាងជើង អាចរក្សាបានទាំងប្រពៃណី និងចៀសបានពីការគិតខុសថា ជាការបន្ថោកតម្លៃស្ត្រី ទៅវិញនោះ៕

ស្រាវជ្រាវ និងចងក្រងដោយ៖ លោក កែវ ពិសិដ្ឋ (កែវ គីមសេម) អ្នកនិពន្ធ បេក្ខជនបណ្ឌិត រាជបណ្ឌិត្យសភាកម្ពុជា