(ភ្នំពេញ)៖ តាមការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរ យើងប្រាកដជាបានជួបនូវពាក្យ «វរ្ម័ន» «វម៌្ម» ដែលតែងតែសរសេរផ្សំនៅខាងក្រោយព្រះនាមព្រះមហាក្សត្រខ្មែរមុនសម័យអង្គរ និងនៅសម័យអង្គរ ហើយពាក្យនេះក៏មានប្រើចំពោះព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ មេទ័ពកំពូលៗរបស់ខ្មែរនាសម័យបុរាណនោះផងដែរ។ តើលោកអ្នកដឹងទេថា ពាក្យវរ្ម័ន ឬវម៌្មនេះមានន័យយ៉ាងដូច្នេះ?

យោងតាមលោកសាស្ត្រាចារ្យ វង់ សុធារ៉ា អ្នកជំនាញផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញថា នៅមុនសម័យអង្គរ (សតវត្សទី៦-៨) និងសម័យអង្គរ (សតវត្សទី៩-១៣) ព្រះនាមរបស់ព្រះមហាក្សត្រខ្មែរគ្រប់អង្គ គឺសុទ្ធតែបញ្ចប់ដោយពាក្យ «វម៌្ម» មិនមែនសរសេរ «វរ្ម័ន» ដូចការសន្មតរបស់អ្នកប្រាជ្ញជនជាតិបារាំងនោះឡើយ។ ពាក្យថា «វម៌្ម» ជាពាក្យសំស្ក្រឹត មានន័យថា អាវក្រោះ ដែលជាអាវចម្បាំងមួយប្រភេទធ្វើអំពីដែក ឬពាសដែកសម្រាប់ការពាររាងកាយពីការប្រហារដោយអាវុធផ្សេងៗ។

ដូចយើងដឹងស្រាប់ហើយថា ក្រៅពីប្រពៃណី ជំនឿ ទំនៀមទម្លាប់ក្នុងស្រុក ប្រជានុរាស្ត្រខ្មែរយើងក៏បានទទួលឥទ្ធិពលពីប្រទេសឥណ្ឌាជំនាន់ដើមផងដែរ ដូចជា សាសនា ភាសា អក្សរជាដើម ក្នុងនោះគេឃើញមានការប្រើប្រាស់ភាសាបាលីសំស្ក្រឹតសម្រាប់កិច្ចការសាសនា រដ្ឋបាល អក្សរសាស្រ្ត សិល្បៈ ស្ថាបត្យកម្មជាដើម។

ក្រោមឥទ្ធិពលព្រហ្មញ្ញសាសនា ព្រះរាជាណាចក្រខ្មែរយើងគឺមានការលើកតម្កើងព្រះរាជាឱ្យមានឋានៈពាក់កណ្តាលអាទិទេព និងពាក់កណ្តាលមនុស្ស ជាអវតាតំណាងព្រះអាទិទេពគ្រប់គ្រងនៅលើផែនដី ដែលគេហៅថា «លទ្ធិទេវរាជ»។ ដូច្នេះការថ្វាយព្រះនាមដល់ព្រះរាជបុត្រ ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ សុទ្ធតែជាឈ្មោះពាក់ព័ន្ធនឹងព្រះអាទិទេព ហើយព្រះនាម ឬនាមទាំងនោះបញ្ចប់ដោយបស្ចិមបទ «...វម៌្ម»។ ជាក់ស្ដែងដូចជាព្រះបាទជយវម៌្ម ព្រះបាទឥន្ទ្រវម៌្ម ព្រះបាទយសោវម៌្ម ព្រះបាទសូរ្យវម៌្មជាដើម។

លោកសាស្ត្រាចារ្យ វង់ សុធារ៉ា បានបន្តថា ហេតុដែលខ្មែរយើងជំនាន់ក្រោយប្រើពាក្យ «វរ្ម័ន» ខុសពីពាក្យដើមថា «វម៌្ម» យ៉ាងដូច្នេះ ក៏ព្រោះប្រជាជនខ្មែរនៅសម័យមុន (បន្ទាប់ពីសម័យអាណានិគម) រៀនប្រវត្តិសាស្ត្រនិងចំណេះដឹងផ្សេងៗតាមរយៈភាសាបារាំងមកផ្ទាល់ ក៏បាននាំគ្នានិយាយនិងសរសេរតាមបារាំងថា «វរ្ម័ន» តមករហូត៕