(ភ្នំពេញ)៖ កាលពីជាង៤០០ឆ្នាំមុន មានអ្នកប្រាជ្ញរ៉ូម៉ាំងម្នាក់បានផ្សព្វផ្សាយពីរបកគំហើញថ្មីមួយផ្នែកតារាសាស្ត្រ ប៉ុន្តែការអះអាងរបស់លោកគឺផ្ទុយពីគម្ពីរគ្រិស្តសាសនា ទើបធ្វើឱ្យតុលាការកាតូលិកកាត់ទោសប្រហារជីវិតដោយដុតទាំងរស់ ក្រោយមកមិនយូរប៉ុន្មានទើបគេដឹងថា អ្វីដែលលោកនិយាយនោះគឺជារឿងត្រឹមត្រូវ។

អ្នកប្រាជ្ញរូបនោះមានឈ្មោះថា ជីអរដាណូ ប៊្រុយណូ (Giordano Bruno) អ្នកខ្លះហៅលោកថា ហ្វីលីពប៉ូ ប្រ៊ុយណូ (Filippo Bruno) កើតក្នុងឆ្នាំ១៥៤៨ នៅរាជាណាចក្រណាប៉ូលីបុរាណ (Kingdom of Naples) ដែលបច្ចុប្បន្នជាផ្នែកមួយនៃប្រទេសអ៉ីតាលី។ លោកជាគីមីវិទូ លោហធាតុវិទូ គណិតវិទូ ទស្សនវិទូ និងជាតារាវិទូផងដែរ។

នៅមុនពេលក្រុមវិហារកាតូលិករ៉ូម៉ាំងបើកការស៉ើបអង្កេតលើរូបលោកនិងបក្ខពួក ជីអរដាណូ បានអះអាងថា «ផ្កាយនានានៅលើមេឃ គឺជាប្រព័ន្ធព្រះអាទិត្យផ្សេងទៀត ដូចទៅនឹងព្រះអាទិត្យយើងដែលមានភពផែនដីគោចរជុំវិញដែរ»

លោកបានបន្ថែមទៀតថា «ចក្រវាឡមួយនេះគឺគ្មានដែនកំណត់ឡើយ៖ The universe is then one, infinite, immobile.... It is not capable of comprehension and therefore is endless and limitless, and to that extent infinite and indeterminable, and consequently immobile.»

ការអះអាងបែបនេះ ធ្វើឱ្យវិហារកាតូលិកចាត់ទុកថាជាការបំពានចំពោះព្រះដ៏បរិសុទ្ធបំផុតនៃសាសនារបស់ពួកគេ ខណៈលោក ជីអរដាណូ ក៏មិនមែនជាជនទីមួយដែរដែលត្រូវតុលាការវិហារកាតូលិកកាត់ទោសសម្លាប់បែបនេះ តួយ៉ាងដូចជាលោក កាលីឡេអូ កាលីឡេ (Galileo Galilei) លោក នីកូឡូ ម៉ាគីអាវែលី (Niccolò Machiavelli) ដែលជាអ្នកប្រាជ្ញបុរាណនោះក៏ត្រូវរដ្ឋអំណាចវិហារកាតូលិកសម្លាប់ដូចគ្នា។

ទីបំផុត ជីអរដាណូ ប៊្រុយណូ ត្រូវបានគេកាត់ទោសសម្លាប់ដោយដុតទាំងរស់យ៉ាងអាណោចអាធម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៦០០។

ពិតណាស់ថា ទោះបីទ្រឹស្ដីមួយចំនួនរបស់ជីអរដាណូមិនត្រឹមត្រូវក្នុងពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែលោកបានបោះជំហានទៅមុខលើសពីអ្នកប្រាជ្ញមុនៗក្នុងការពន្យល់អំពីភាពគ្មានទីបញ្ចប់នៃចក្រវាឡ និងប្រព័ន្ធព្រះអាទិត្យដទៃទៀត ដែលស្របនឹងការរកឃើញរបស់អ្នកវិទ្យាសាស្ត្រផ្នែកអវកាសនាពេលបច្ចុប្បន្ន៕