(បរទេស)៖ នៅថ្ងៃទី៦ និងទី៩ ខែសីហា ឆ្នាំ១៩៤៥ អវសានសង្រ្គាមលោកលើកទីពីរ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងចំនួនពីររបស់ប្រទេសជប៉ុន គឺទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) និងទីក្រុងណាហ្គាសាគី (Nagasaki)។ ការបំផ្ទុះគ្រាប់បែកបរមាណូទាំងពីរលើកនោះ បានផ្តាច់ជីវិតមនុស្សប្រហែលជាង២សែននាក់ ដែលភាគច្រើនជាជនស៉ីវិល។ ព្រឹត្តិការណ៍នោះគឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរតែពីរដងគត់នៅក្នុងសង្រ្គាម គិតមកទល់បច្ចុប្បន្ន។

នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក អេណូឡាហ្កេ (Enola Gay) ធុន B-29 បានទម្លាក់គ្រាប់បែកបរមាណូ លីតថលប៊យ (Little Boy) ដែលមានទម្ងន់៥តោន និងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមប្រមាណ៦៤គីឡូក្រាម ពីកម្ពស់ជិត១០គីឡូម៉ែត្រលើទីក្រុងហ៉ីរ៉ូស៉ីម៉ា ហើយប្រើពេល៤៤វីនាទីទើបធ្លាក់ទៅដល់កម្ពស់៥៨០ម៉ែត្រ រួចក៏បានផ្ទុះឡើង។ បន្ទុះរបស់វាមានកម្លាំងស្មើនឹងសារធាតុ TNT ១៥,០០០តោន។ ផ្ទៃដីទំហំជាង៦គីឡូម៉ែត្រក្រឡានៃទីក្រុងហ៉ីរ៉ូស៉ីម៉ា ព្រមទាំងអគារ ក៏ដូចជាហេដ្ឋារចនាសម្ពន្ធប្រហែល៧០ភាគរយក៏ត្រូវបានបំផ្លាញខ្ទេចខ្ទី ខណៈមនុស្ស៨០,០០០នាក់បានស្លាប់ភ្លាមៗ ហើយ៦០,០០០នាក់ទៀតបានស្លាប់តាមក្រោយក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ ដោយសាររបួស និងសារធាតុវិទ្យុសកម្ម។

ទោះជាបែបនេះក្តី វាមិនគ្រប់គ្រាន់ឱ្យជប៉ុនព្រមទទួលយកការទាមទារឱ្យប្រកាសចុះចាញ់សង្រ្គាមឡើយ ខណៈសហរដ្ឋអាមេរិកបានត្រៀមរួចស្រេចដើម្បីប្រើប្រាស់គ្រាប់បែកបរមាណូជាថ្មីម្តងទៀត។ នៅយប់រំលងអធ្រាត្រថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ យន្តហោះទម្លាក់គ្រាប់បែក B-29 និងគ្រាប់បែកបរមាណូ ហ្វែតមែន (Fat Man) បានចាកចេញពីកោះទីនាន (Tinian) ក្បែរកោះហ្គាំ ឆ្ពោះទៅរកប្រទេសជប៉ុន។ គ្រាប់បែកបរមាណូ Fat Man ដែលមានស្នូលជាសាធាតុភ្លុយតូនីញ៉ូម (Plutonium) ទម្ងន់៥គីឡូក្រាម ត្រូវបានទម្លាក់លើទីក្រុងណាហ្កាសាគិនាព្រឹកថ្ងៃដដែលនោះ ហើយផ្ទុះនៅ៤៧វិនាទីក្រោយការទម្លាក់ ជាមួយនឹងកម្លាំងថាមពលស្មើនឹង TNT ២២,០០០តោន គឺខ្លាំងជាង Little Boy។ ប៉ុន្តែចំនួនមនុស្សស្លាប់ភ្លាមៗ គឺត្រឹមខ្ទង់៤០,០០០នាក់ ខណៈ៣០,០០០-៤០,០០០នាក់ទៀតបានបាត់បង់ជីវិតតាមក្រោយ។ ចំនួនមនុស្សស្លាប់ត្រឹមត្រូវពិតប្រាកដតែម្តង គឺពិបាកនឹងកំណត់ឱ្យច្បាស់ណាស់ ព្រោះកម្លាំងគ្រាប់បែកបរមាណូធ្វើឱ្យសាកសពរលាយបាត់ទាំងស្រុង រួមជាមួយកំណត់ត្រាផ្សេងៗ។

គួរជម្រាបថា ប៉ុន្មានថ្ងៃក្រោយមក ព្រះចៅអធិរាជជប៉ុន ហ៉ីរ៉ូហ៉ីតុ (Hirohito) ក៏បានយល់ព្រមចុះចាញ់សង្រ្គាមដោយឥតលក្ខខណ្ឌ ដោយទ្រង់មានព្រះរាជបន្ទូលថា បើនៅតែបន្តសង្រ្គាម នោះគឺមានតែសេចក្តីវិនាសអន្តរាយសម្រាប់ប្រទេសទ្រង់ប៉ុណ្ណោះ។ ខណៈសហរដ្ឋអាមេរិកអះអាងថា ការប្រើគ្រាប់បែកបរមាណូទាំងពីរនេះ គឺដើម្បីតែបញ្ចប់សង្រ្គាមឲ្យបានឆាប់ ក្រុមអ្នកប្រវត្តិសាស្រ្តមានការយល់ឃើញថា វាក៏បម្រើជាឱកាសឲ្យអាមេរិកសាកល្បងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងស្ថានភាពជាក់ស្តែង ហើយក៏ជាការកំញើញមួយដាក់លើសហភាពសូវៀត ដែលនៅក្រោយសង្រ្គាមលោកលើកទីពីរ បានប្រែក្លាយជាមហាគូប្រជែងរបស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមត្រជាក់ផងដែរ៕