(ភ្នំពេញ)៖ ចិនគឺជាប្រទេសដែលផលិតនិងប្រើប្រាស់សេរ៉ាមិកដំបូងគេបង្អស់នៅក្នុងពិភពលោក ពោលគឺប្រហែល១៦០០ឆ្នាំមុនគ្រិស្ដសករាជ។ ការផលិតសេរ៉ាមិករបស់ជនជាតិចិនគឺផ្សំឡើងពីពរ្សឺឡែន (Porselen) និងថ្មចាន។

កាលពី១០០០ឆ្នាំមុន ពេលដែលជនជាតិអឺរ៉ុបចាប់ផ្តើមប្រើសិល្បៈធ្វើគ្រឿងសេរ៉ាមិកនេះ ប្រទេសចិនបានផលិតឧបករណ៍ធ្វើពីគ្រឿងសេរ៉ាមិកបានយ៉ាងស្រស់ស្អាតរួចទៅហើយ។ ពាក្យគេហៅជាភាសាអង់គ្លេសថា China មួយម៉ាត់នេះ ដើមឡើយគឺសំដៅលើគ្រឿងសេរ៉ាមិកនេះឯង ហើយក្រោយមកក៏ក្លាយទៅជាឈ្មោះ «ចិន» នេះតែម្តង។

ចាប់ពីជំនាន់រាជវង្សសាង (Shang dynasty 1600-1046 BC) រាជវង្សជីង (Jin dynasty) ពេលនោះគឺចាប់ផ្តើមរីកចម្រើនខ្លាំងខាងសិប្បកម្មគូររូបនៅលើសេរ៉ាមិក។ ដល់រាជវង្សថាង (Tang dynasty) ឧបករណ៍គ្រឿងសេរ៉ាមិកពណ៌ខៀវរបស់អ្នកខេត្តចឺជាំង (Zhejiang) គឺតំណាងឱ្យគ្រឿងសេរ៉ាមិកល្អដាច់គេ។ ក្រោយមកគេតែងហៅវាថា «ថូសេរ៉ាមិកពណ៌ខៀវ» នេះក៏ដោយសារតែវាមានមុខគម្របមួយជាន់បើក ឬបើកបានពាក់កណ្តាល។ ថូសេរ៉ាមិកប្រភេទនេះរឹងមាំខ្លាំងណាស់ មិនជ្រាបទឹក ហើយវាក៏តំណាងឱ្យសិល្បៈធ្វើថូសេរ៉ាមិកដែលមានកម្រិតខ្ពស់បំផុតកាលពីជំនាន់នោះ។ មិនតែប៉ុណ្ណោះវាក៏ជាមូលដ្ឋានផ្សារភ្ជាប់ការផលិតថូសេរ៉ាមិកមកទល់សព្វថ្ងៃដែរ។

នៅសម័យរាជវង្សថាង មានការផលិតថូមួយប្រភេទគេឱ្យឈ្មោះថា ថាងសានឆាយ (Tang San Cai) ថូនោះមានលាយផ្សំពីលោហៈដែក រួចគេយកទៅជ្រលក់ទឹក ក្រោយមកគេដុតវារយៈពេលខ្លីឱ្យចេញជាពណ៌លឿង ពណ៌ត្នោត និងពណ៌បៃតង ដែលជាពណ៌ចម្រុះទាំង៣ដ៏មានភាពប្រណីត។ ក្នុងជំនាន់រាជវង្សសុង (Song dynasty) គឺជាពេលដែលថូសេរ៉ាមិកមានការរីកចម្រើនខ្លាំង។

មកដល់រាជវង្សឆេង ជាពេលដែលការផលិតគ្រឿងសេរ៉ាមិកត្រូវបានអភិវឌ្ឍឡើងដល់កំពូលជាងពេលណាៗទាំងអស់ ជាមួយនឹងបច្ចេកទេសក្នុងរួមបញ្ចូលគ្នានូវគំនូស៥ពណ៌ចម្រុះគ្នា ក្នុងនោះពណ៌ផ្កាចារ ផ្កាកុលាប សុទ្ធតែជាពណ៌មានឈ្មោះល្បីជាងគេ៕