(ចក្រវាឡ)៖ ចលនារង្វិលរបស់ផែនដីយើងបានបង្កើតឱ្យមានពេលវេលា ដូចជា ថ្ងៃ យប់ ខែ ឆ្នាំ វដ្ដរដូវជាដើម ខណៈពេលវេលាទាំងនេះ គឺកើតឡើងដោយសារបែបផែនចលនាផ្សេងៗគ្នារបស់ផែនដីយើងនេះឯង។ តើអ្នកដឹងទេថា តើផែនដីយើងវិលបានប៉ុន្មានបែប?

ផែនដីវិលបាន ៣ បែប គឺវិលជុំវិញអ័ក្សខ្លួនឯង ដែលយើងហៅថា «រង្វិលខ្ញាល់» វិលជុំវិញព្រះអាទិត្យ ដែលយើងហៅថា «រង្វិលជុំ» ហើយមួយបែបទៀត គឺផែនដីវិលជុំវិញព្រះច័ន្ទ ខណៈព្រះច័ន្ទក៏វិលជុំវិញផែនដីយើងផងដែរ។

ទាំងផែនដី និងព្រះច័ន្ធ សុទ្ធតែគោចរជុំវិញចំណុចទំនាញដូចគ្នាដូចៗគ្នា ដែលនៅជ្រៅចុះទៅក្រោមផ្ទៃផែនដីប្រហែល ១,៦០០ គីឡូម៉ែត្រ។ ចលនារង្វិលទាំងនេះ គឺកើតឡើងដោយសារតែមានទំនាញ។

ចលនារង្វិលខ្ញាល់របស់ផែនដី បានបង្កើតឱ្យមាន «ថ្ងៃ» និង «យប់» ចំណែកឯចលនាវិលជុំវិញព្រះអាទិត្យ បានបង្កើតឱ្យមាន «ខែ» «ឆ្នាំ» ក៏ដូចជា «វដ្តរដូវ» ផងដែរ។

លោក អ៉ីសាក់ ញូតុន ដែលជាប្រាជ្ញរកឃើញច្បាប់ទំនាញនោះ ក៏ធ្លាប់និយាយដែរថា គ្រាន់តែចលនាបម្លាស់ទីរបស់ព្រះច័ន្ទ លោកក៏ឈឺក្បាលណាស់ទៅហើយ៕