(សៀមរាប)៖ ថ្វីដ្បិតអរិយធម៌សម័យអង្គរបានស្គាល់នូវភាពរុងរឿងចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ ក៏ពិតមែន ប៉ុន្តែបុព្វបុរសខ្មែរយើងបានមករស់នៅតំបន់អង្គរតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ដោយអ្នកបុរាណវិទ្យាបានធ្វើកំណាយរកឃើញគ្រោងឆ្អឹងមនុស្ស ដែលមានអាយុកាលប្រមាណ ៣,៨០០ ឆ្នាំមុន រួមជាមួយអាថ៌កំបាំងមួយចំនួនទៀត ដែលស្ថិតនៅជាមួយកន្លែងបញ្ចុះសាកសពទាំងនោះ។

ភស្តុតាងទាំងឡាយគឺមានតម្កល់ទុកនៅក្នុង «សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ» ដែលមានទីតាំងស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងសារមន្ទីរនេះ គឺមានដាក់តាំងពិព័រណ៍នូវផ្នូរសាកសព និងគ្រោងឆ្អឹងចម្លង (សិប្បនិម្មិត) លលាដ៍ក្បាល កុលាលភាជន៍ គ្រឿងអលង្ការ និងឧបករណ៍ប្រើប្រាស់របស់មនុស្សសម័យបុរេប្រវត្តិ ដែលបានពីការធ្វើកំណាយរកឃើញកាលពីអំលុងឆ្នាំ ២០០៤-២០០៥ កន្លងទៅ។

លោក គុន ផល្លី មគ្គុទ្ទេសក៍ប្រចាំសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ទីតាំងដែលគេធ្វើកំណាយរកឃើញទីបញ្ចុះសព និងគ្រោងឆ្អឹងរបស់មនុស្សសម័យបុរេប្រវត្តិទាំងនោះ គឺស្ថិតនៅស្ថានីយបុរេប្រវត្តិសាស្ត្រ «កោះមាស» ដែលជាកូនកោះតូចមួយស្ថិតនៅក្នុងបារាយណ៍ទឹកថ្លា (បារាយណ៍ខាងលិច) ពោលគឺមានចម្ងាយប្រមាណ ១,៣០០ ម៉ែត្រ ខាងលិចប្រាសាទមេបុណ្យខាងលិច។

លោក ផល្លី បានបញ្ជាក់ថា «ស្ថានីយកោះតាមាស គឺជាស្ថានីយបុរេប្រវត្តិសាស្ត្រដែលចាស់ជាងគេនៅខេត្តសៀមរាប»។ ស្ថានីយនេះកើតមានឡើងនៅក្នុងយុគសំរឹទ្ធ ដែលត្រូវបានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទី១ មានអាយុកាលចាប់ពីឆ្នាំ ១៨០០-១៦០០ មុនគ្រិស្ដសករាជ និងដំណាក់កាលទី២ មានអាយុកាលចាប់ពីឆ្នាំ ១៦០០-១០០០ មុនគ្រិស្ដសករាជ។

នៅស្ថានីយបុរេប្រវត្តិដ៏ចំណាស់មួយនេះ ក្រុមបុរាណវិទូបានធ្វើកំណាយរកឃើញផ្នូរសាកសព ឬទីបញ្ចុះសព គ្រោងឆ្អឹងមនុស្ស កុលាលភាជន៍ គ្រឿងអលង្ការធ្វើអំពីសំរឹទ្ធ និងធ្វើអំពីដែក និងឧបករណ៍ប្រើប្រាស់របស់មនុស្សក្នុងសម័យយុគសំរឹទ្ធជាច្រើនទៀត។ គេថែមទាំងបានរកឃើញគ្រឿងសំណែន ឬគ្រឿងដង្វាយ ដែលមនុស្សជំនាន់នោះសែនថ្វាយជូនអ្នកស្លាប់ ក្នុងនោះមានក្បាលជ្រូក គ្រាប់ធញ្ញជាតិ កុលាលភាជន៍ និងឧបករណ៍ប្រើប្រាស់ផ្សេងទៀតជាដើម។

មគ្គុទ្ទេសក៍វាចារចំណានរូបនេះបានបន្តថា ក្រុមបុរាណវិទូថែមទាំងបានសិក្សាស្រាវជ្រាវរកឃើញអំពីមូលហេតុដែលបណ្ដាលឱ្យអ្នកស្រុកជំនាន់បុរេប្រវត្តិនោះស្លាប់ ក្នុងនោះមានការស្លាប់ដោយសារដកធ្មេញ ដង្កូវស៉ីធ្មេញ ក៏ដូចជាស្លាប់ដោយសារជំងឺឈាមសស៉ីឈាមក្រហម ឬជំងឺមហារីកគ្រាប់ឈាម។ ការសិក្សានេះគឺធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងតាមបែបជាតិពន្ធុវិទ្យា។

លោក គុន ផល្លី បានសង្កត់ធ្ងន់ថា បុព្វបុរសខ្មែរបានមកតាំងទីលំនៅលើទឹកដីអង្គរ យ៉ាងហោចណាស់ក៏តាំងពី ៣,៨០០ ឆ្នាំមុនមកដែរ នេះក៏ដោយសារតែអ្នកបុរាណវិទ្យាមិនទាន់រកឃើញស្ថានីយបុរេប្រវត្តិណាមួយ ដែលមានអាយុកាលចាស់ជាងស្ថានីយកោះតាមាសនេះនោះឡើយ។ ប៉ុន្តែប្រសិនបើថ្ងៃក្រោយមានការរកឃើញភស្តុតាងដែលមានអាយុកាលចាស់ជាងនេះ យើងក៏អាចកែប្រែព័ត៌មាននាពេលក្រោយទៀតបាន៕