(ពិភពលោក)៖ ដើរផ្សងព្រេងអស់ពេលជាង ២០ ឆ្នាំ ចេញពីអឺរ៉ុបរសាត់មកដល់ចុងបូព៌ា (អាស៉ីបូព៌ា) និងបានជួបរឿងរ៉ាវចម្លែកៗជាច្រើន។ លុះដល់ពេលត្រលប់ទៅអឺរ៉ុបវិញ អ្នកផ្សងព្រេងរូបនោះបានរៀបរាប់រឿងរ៉ាវប្លែកៗប្រាប់គេឯងឱ្យបានដឹង ប៉ុន្តែបែរជាទទួលបានមកវិញនូវពាក្យជេរស្ដីថា «និយាយតែផ្ដាស»

លុះវេលាកន្លងផុតទៅរាប់រយឆ្នាំក្រោយមក ទើបមនុស្សទូទៅជឿជាក់ថា រឿងដែលអ្នកផ្សងព្រេងខាងលើធ្លាប់បាននិយាយនោះ ស្ទើរតែជាការពិតទាំងអស់។ ចាប់ពីពេលនោះមក ពួកបស្ចិមលោកស្រករក្រោយក៏កើតមានចលនាចេញដើរផ្សងព្រេងផ្លូវឆ្ងាយ ដើម្បីស្វែងរកអាថ៌កំបាំងដែលអ្នកផ្សងព្រេងជំនាន់មុនធ្លាប់បាននិយាយនោះ។

* តើអ្នកផ្សងព្រេងរូបនោះជាអ្នកណា ហើយរឿងចម្លែកអ្វីខ្លះដែលគាត់បានជួប? តើគាត់បានរួមចំណែកអ្វីខ្លះក្នុងការផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោកយើងនេះ?

អ្នកផ្សងព្រេងរូបនោះ គឺមានឈ្មោះថា ម៉ាកូ ប៉ូឡូ (Marco Polo)។ លោកកើតនៅគ្រិស្ដសករាជ ១២៥៤ លើទឹកដីនៃបុរីរដ្ឋវេនីស (Republic of Venice) ដែលបច្ចុប្បន្នជាទឹកដីមួយផ្នែករបស់ប្រទេសអ៉ីតាលី (កាលណោះប្រទេសអ៉ីតាលីត្រូវបានបែងចែកជាបុរីរដ្ឋឯករាជ្យផ្សេងគ្នាជាច្រើន ដោយរដ្ឋខ្លះដឹកនាំដោយព្រះមហាក្សត្រ ឯរដ្ឋខ្លះដឹកនាំដោយគ្រួសារមេដឹកនាំ)។ ម៉ាកូ ប៉ូឡូ ជាកូនប្រុសក្នុងត្រកូលអ្នកជំនួញដ៏ស្តុកស្តម្ភម្នាក់នៅវេនីស ដែលតែងតែចេញធ្វើជំនួញនៅប្រទេសឆ្ងាយៗ ដូចជា ឥណ្ឌា ពែក្ស ជូនកាលក៏ធ្លាប់ទៅដល់តំបន់អាស៉ីកណ្ដាលដែលមានទីក្រុងធំៗនៅកណ្ដាលវាលខ្សាច់នោះផងដែរ។

នៅពេល ម៉ាកូ ប៉ូឡូ ចម្រើនវ័យពេញកម្លាំង រូបគេបានចេញទៅធ្វើជំនួញជាមួយឪពុករបស់ខ្លួនដល់ទឹកដីចក្រភពពែក្ស រួចហើយក៏បានត្រលប់ទៅវេនីសវិញ ប៉ុន្តែនៅតាមផ្លូវ ម៉ាកូ ប៉ូឡូ និងឪពុកបានដឹងថានៅបុរីរដ្ឋវេនីសកើតមានសង្គ្រាម ដែលធ្វើឱ្យពួកគេមិនអាចចូលទៅស្រុកកំណើតវិញបាន។ នៅចំពោះមុខបញ្ហានេះ ពួកគេបានបកក្រោយឆ្លងកាត់ចក្រភពពែក្ស និងបង្ហួសទៅដល់ទឹកដីឥណ្ឌា។ ចេញពីឥណ្ឌា ពួកគេបានបន្តដំណើរទៅដល់ទឹកដីប្រទេសចិន ដែលកាលណោះកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ស្ដេចម៉ុងហ្គោល ព្រះចៅគូប៊ីឡៃខាន់ (Kublai Khan)។

ពួកគេបានទៅដល់រាជធានីប៉េកាំងនៅគ្រិស្ដសករាជ ១២៧៦។ ពេលទៅដល់ទីក្រុងនេះភ្លាម ពួកគេទទួលបានការស្វាគមន៍ពីព្រះចៅអធិរាជ ដើម្បីទាក់ទាញចិត្តឱ្យពួកបស្ចិមលោកទាំងនេះស្ម័គ្រខ្លួនបម្រើរាជការមហាយ័ន (Yuan dynasty) ដែលកំពុងមានឥទ្ធិពលខ្លាំងក្លាលើដែនដីភាគច្រើននៃទ្វីបអាស៉ី។

ក្រោមល្អង់ធូលីព្រះចៅគូប៊ីឡៃខាន់ យុវជន ម៉ាកូ ប៉ូឡូ បានទទួលភារកិច្ចជាមន្ត្រីរាជការនៅប្រទេសចិន ហើយក៏បានឡើងឋានៈទៅតាមស្នាដៃ និងពេលវេលា។ ព្រះចៅគូប៊ីឡៃខាន់ ស្ដេចដ៏អង់អាចនៃមហាយ័ន បានប្រទានគោរមងារ «លោកម្ចាស់» ដល់ ម៉ាកូ ប៉ូឡូ និងបានចេញព្រះរាជឱង្កាឱ្យ ម៉ាកូ ប៉ូឡូ ត្រួតត្រានៅទឹកដីចំណុះមួយចំនួន ដូចជា ការ៉ាកូរុម (Karakorum) ដែលជារាជធានីចាស់នៃប្រទេសម៉ុងហ្គោល តំបន់យូណាន (ចិនភាគខាងត្បូង) អាណាចក្រដាយវៀត (យួន) អាណាចក្រចាម្ប៉ា (ចាម) អាណាចក្របាហ្កាន (ភូមា) ឥណ្ឌាភាគខាងត្បូង ព្រមទាំងការងារទំនាក់ទំនងការទូតជាមួយចក្រភពខ្មែរ (សម័យអង្គរ) ផងដែរ។ ដោយសម្រេចភារកិច្ចបានជាបន្តបន្ទាប់ ម៉ាកូ ប៉ូឡូ ត្រូវបានព្រះចៅអធិរាជតែងតាំងជា «សេនាប្រមុខរង» ដែលអាចគ្រប់គ្រងកងយោធពលភូមិន្ទមួយផ្នែក។

ចំណេរកាលកន្លងផុតទៅយូរឆ្នាំ ដោយក្ដីនឹករឭកស្រុកកំណើតពេក សេនាប្រមុខរង ម៉ាកូ ប៉ូឡូ ក៏បានទូលសុំព្រះរាជានុញ្ញាតត្រលប់ទៅវេនីស ដែលជាស្រុកកំណើតរបស់ខ្លួនវិញ ប៉ុន្តែព្រះចៅគូប៊ីឡៃខាន់ ដែលមានព្រះជន្មកាន់់តែជរាហើយនោះ មិនព្រមឱ្យលោកទៅនោះឡើយ។ លុះដល់ក្រោយមកទៀត ព្រះរាជបុត្រីនៃអធិរាជម៉ុងហ្គោល ត្រូវបានផ្សំផ្គុំឱ្យរៀបអភិសេកជាមួយព្រះរាជបុត្រានៃចក្រភពពែក្ស ព្រះចៅគូប៊ីឡៃខាន់ក៏បានបញ្ជាឱ្យ ម៉ាកូ ប៉ូឡូ យាងដំណើររបស់ព្រះរាជបុត្រីទៅកាន់ប្រទេសពែក្ស ក្នុងឋានៈជារាជអង្គរក្ស។ ក្នុងដំណើរចេញពីប្រទេសចិនទៅកាន់ប្រទេសពែក្ស (ប្រទេសអ៉ីរ៉ង់បច្ចុប្បន្ន) ពួកគេបានចេញពីរាជធានីប៉េកាំង ឆ្លងកាត់ប្រទេសជប៉ុន សមុទ្រចិនខាងត្បូង ឈូងសមុទ្រខ្មែរ កោះជ្វា មហាសមុទ្រឥណ្ឌា ប្រទេសឥណ្ឌា និងចូលទៅកាន់ឈូងសមុទ្រពែក្ស។

ក្រោយពេលបំពេញភារកិច្ចចប់សព្វគ្រប់នៅប្រទេសពែក្សរួចហើយនោះ ម៉ាកូ ប៉ូឡូ ក៏មានឱកាសបង្ហួសដំណើរទៅដល់ស្រុកកំណើតរបស់ខ្លួននៅវេនីស ក្រោយឃ្លាតទៅអស់កាលប្រមាណ ២៤ ឆ្នាំមកនោះ។ ប៉ុន្តែនៅពេលទៅដល់ ចំពេលដែលបុរីរដ្ឋវេនីសកំពុងធ្វើចម្បាំងជាមួយបុរីរដ្ឋហ្ស៊េណូវ៉ា (Republic of Genoa) ដែលបច្ចុប្បន្នក៏ក្លាយជាទឹកដីរបស់អ៉ីតាលីដូចគ្នាដែរ។ ស្ថិតក្នុងស្ថានភាពដូច្នេះ ម៉ាកូ ប៉ូឡូ ក៏បាននាំស្ម័គ្របក្ខពួកចុះចូលជាមួយកងទ័ពវេនីស ដើម្បីប្រឆាំងជាមួយកងទ័ពហ្ស៊េណូវ៉ា ប៉ុន្តែកងទ័ពវេនីសបែរជាទទួលបរាជ័យក្រោមដៃពួកហ្ស៊េណូវ៉ា ហើយ ម៉ាកូ ប៉ូឡូ ក៏ត្រូវទាហានសត្រូវចាប់ឃុំខ្លួនជាមួយឈ្លើយសឹកដទៃទៀត។ ដោយសារជួបនូវហេតុការណ៍បែបនេះហើយ ទើបធ្វើឱ្យលោកមិនអាចត្រលប់ទៅប្រទេសចិនវិញ ដែលជាហេតុធ្វើឱ្យតំណែងរាជការនៅមហាយ័នត្រូវបាត់បង់ ហើយព្រះចៅគូប៊ីឡៃខាន់ក៏បានដល់នូវវេលាសោយទិង្គតនាគ្រិស្ដសករាជ ១២៩៤។

រស់នៅក្នុងគុកហ្ស៊េណូវ៉ា ម៉ាកូ ប៉ូឡូ តែងរៀបរាប់ពីរឿងរ៉ាវជាច្រើន ដែលលោកបានជួបប្រទះក្នុងដំណើរផ្សងព្រេង និងពេលរស់នៅប្រទេសចិនជាង ២០ ឆ្នាំមកនោះ មានទាំងរឿងធម្មតាទូទៅ ក៏មានទាំងរឿងចម្លែកៗជាច្រើនដែលមិនគួរឱ្យជឿផងដែរ។ ក្នុងពេលនិយាយរឿងរ៉ាវទាំងនេះ មិត្តរួមគុករបស់លោកម្នាក់មានឈ្មោះថា រ៉ូស្ទីស្យែលឡូ (Rustichello da Pisa) បានព្យាយាមកត់ត្រាទុកនូវសម្ដីរបស់ ម៉ាកូ ប៉ូឡូ និងសរសេរជាសៀវភៅនៅពេលក្រោយមកទៀត។

នៅគ្រិស្ដសករាជ ១២៩៩ ម៉ាកូ ប៉ូឡូ ត្រូវបានគេដោះលែងឱ្យមានសេរីភាពឡើងវិញ ហើយលោកក៏ចាប់ផ្ដើមធ្វើជំនួញសាជាថ្មី និងបានរៀបការ មានកូនចៅដូចគេដូចឯង។ ដោយសារតែខ្លួនបានធ្វើដំណើរផ្សងព្រេងជាច្រើនឆ្នាំ និងនៅកន្លែងនានាជាច្រើនមកនោះ ម៉ាកូ ប៉ូឡូ ក៏បានសរសេរសៀវភៅមួយក្បាលមានចំណងជើងថា «Desciption of the World» ដែលមានន័យថា «ការពណ៌នាអំពីពិភពលោក» ក្នុងគោលបំណងចង់ឱ្យអ្នកដទៃទទួលបានចំណេះដឹង និងសិក្សាស្វែងយល់បន្តទៅមុខទៀត។ លោកបានធ្វើកំណត់ត្រាពាក់ព័ន្ធនឹងរូបរាងរបស់ផែនដី សត្វ រុក្ខជាតិ វត្ថុច្នៃប្រឌិត ប្រពៃណី ទំនៀមទម្លាប់ របបគ្រប់គ្រង និងសាសនាតាមប្រទេសនីមួយៗ ដែលខ្លួនធ្លាប់ឆ្លងកាត់។ រឿងរ៉ាវទាំងនោះពោរពេញទៅដោយភាពអស្ចារ្យ ចម្លែកៗជាច្រើន ដែលខ្លួនលោកផ្ទាល់មិនហ៊ានយកមកពិពណ៌នាឱ្យអស់នោះទេ ព្រោះមានគេចោទប្រកាន់ថាលោកចេះតែនិយាយផ្ដេសផ្ដាស រវើរវាយ បោកប្រាស់ជាដើម។

អ្វីដែលគួរឱ្យស្ដាយនោះ គឺរហូតមកដល់សម័យក្រោយៗទៀត ទើបមនុស្សទូទៅដឹងថា អ្វីដែល ម៉ាកូ ប៉ូឡូ ធ្លាប់សរសេររៀបរាប់នោះ គឺសុទ្ធសឹងតែជាការពិតទាំងអស់។ ដោយសារកំណត់ត្រារបស់ ម៉ាកូ ប៉ូឡូ នេះហើយ ទើបបានជំរុញឱ្យអ្នកផ្សងព្រេងស្រករក្រោយៗនៅទ្វីបអឺរ៉ុប ដូចជា គ្រីស្ដុប កូឡុំ (Christopher Columbus) ហ្វ៊ែរឌីណង់ ម៉ាសេឡង់ (Ferdinand Magellan) វ៉ាស្កូ ដាហ្កាម៉ា (Vasco da Gama) ជាដើម កើតចិត្តចង់ចេញរុករកអាថ៌កំបាំងនៅក្នុងកំណត់ត្រារបស់លោក រហូតដល់បានរកឃើញភាពជាក់ស្ដែងជាបន្តបន្ទាប់ ហើយតាមរយៈពួកអ្នករុករកល្បីៗទាំងអស់នេះហើយ ទើបធ្វើឱ្យពិភពលោកឈានដល់របត់ប្រវត្តិសាស្ត្រមួយទៀត នោះគឺព្រឹត្តិការណ៍អាណានិគម។ លើសពីនេះទៅទៀត ឧបករណ៍មួយចំនួនដែលរកឃើញដោយជនជាតិចិន ក៏ត្រូវបាន ម៉ាកូ ប៉ូឡូ នាំយកទៅដល់ស្រុកអឺរ៉ុបផងដែរ ដូចជា ត្រីវិស័យ រំសេវផ្ទុះ មី (ក្រោយមកក៏ក្លាយទៅជា Spaghetti) ម្ហូបប៉ាស្ដា (Bastard) ជាដើម។

លោក ម៉ាកូ ប៉ូឡូ បានទទួលមរណភាពនៅថ្ងៃទី០៨ ខែមករា គ្រិស្ដសករាជ ១៣២៤ ក្នុងជន្មាយុ ៧០ ឆ្នាំ។ ប្រយោគចុងក្រោយរបស់ ម៉ាកូ ប៉ូឡូ ដែលត្រូវបានគេចងចាំទុកនោះគឺ «ខ្ញុំមិនបាននិយាយសាច់រឿងពាក់កណ្ដាលទៀតឱ្យអ្នកដទៃស្ដាប់នោះទេ ព្រោះខ្ញុំដឹងថា គេនឹងមិនជឿខ្ញុំឡើយ»