(បរទេស)៖ ប្រវត្តិនៃការកកើតនៃខ្សែភាពយន្តពុំមានការកំណត់ច្បាស់លាស់ពីប្រភពណាមួយនោះទេ ប៉ុន្តែតាមការផ្សព្វផ្សាយអំពីខ្សែភាពយន្តភាគខ្លីរឿង «Lumière Brother» នៅទីក្រុងប៉ារីស នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៨៩៥ អាចចាត់ទុកថាជារបកគំហើញថ្មីក្នុងវិស័យភាពយន្តនេះ។

ថ្វីដ្បិតនាអំឡុងពេលនោះមានវត្តមានខ្សែភាពយន្តជាច្រើនមានការចាក់ផ្សាយរួចមកហើយក្ដី ប៉ុន្តែវាស្ថិតនៅក្រោមទម្រង់កង្វះខាតនូវគុណភាព ឬបញ្ហាហិរញ្ញវត្ថុ និងហាក់បីដូចជាគ្មានភាពអំណត់គ្រប់គ្រាន់ ដើម្បីឈានទៅរកសន្ទុះរីកចម្រើនដែលជំរុញឱ្យខ្សែភាពយន្តទាំងនោះ ពុំទទួលបានជោគជ័យទូទាំងពិភពលោកសោះឡើយ។

មិនយូរប៉ុន្មាន ក្រុមហ៊ុនផលិតខ្សែភាពយន្ត ព្រមទាំងទីតាំងស្ទូឌីយោជាច្រើនត្រូវបានបង្កើតឡើងទូទាំងពិភពលោក។ ចលនារូបភាពក្នុងរយៈពេលមួយទសវត្សរ៍ដំបូង បានឱ្យឃើញនូវភាពផ្លាស់ប្តូររបស់ខ្សែភាពយន្តពីភាពថ្មីប្លែកធម្មតា ទៅជាមជ្ឈដ្ឋានឧស្សាហកម្មកម្សាន្តដ៏ធំមួយ។ ខ្សែភាពយន្តលេចរូបរាងឡើងដំបូងបំផុត គឺមានសភាពសខ្មៅ និងដោយគ្មានសំឡេង ព្រមទាំងទិដ្ឋភាពរបស់ខ្សែភាពយន្តទាំងមូលត្រូវបានផ្ដិតយកពីកាមេរ៉ាតែមួយប៉ុណ្ណោះ។

សម្មតកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់មកទៀត គឺមានការបង្កើតឡើងជាមួយនឹងការអនុវត្តកែសម្រួលផ្សេងៗ ការបន្ថែមឧបករណ៍ម៉ាស៊ីនថត និងមានការរៀបចំបច្ចេកទេសប្លង់នៃខ្សែភាពយន្តយ៉ាងជាក់លាក់ នៅក្នុងនាទីនិទានកថានីមួយៗរបស់ខ្សែភាពយន្ត។

គំរូសិល្បៈបន្ថែមពណ៌ផ្សេងៗទៅក្នុងខ្សែភាពយន្តបានបង្កើតឱ្យមានលក្ខណៈកាន់តែពិសេស ចាប់តាំងពីចុងទសវត្សឆ្នាំ១៨៩០ រហូតមកដែលមានការពេញនិយមយ៉ាងខ្លាំង ក្រោយលោក Georges Méliès បានប្រើប្រាស់នៅក្នុងខ្សែភាពយន្តថ្មីរបស់លោក។

ក្នុងឆ្នាំ១៩០៦ មានការកែលម្អនូវបច្ចេកទេសបន្ថែមទៀត ដែលខ្សែភាពយន្តភាគច្រើនអាចធ្វើការទស្សនារហូតដល់រយៈពេល ៦០ នាទី ព្រមទាំងមានការអនុវត្តបច្ចេកទេសសំឡេងត្រូវបាននៅក្នុងឆ្នាំ១៩២០ ជាមួយនឹងការបង្កើតឱ្យមានបច្ចេកទេសពណ៌ផ្សេងៗនៅក្នុងខ្សែភាពយន្តនាអំឡុងឆ្នាំ១៩៣០ និងការអភិវឌ្ឍខ្សែវីដេអូឱ្យមានលក្ខណៈជារូបភាព 3D នាចន្លោះឆ្នាំ១៩៥០ និងឆ្នាំ២០០០។

ប្រភពពេញនិយមសម្រាប់ធ្វើការផ្សព្វផ្សាយថ្មីៗ រួមមានដូចជាទូរទស្សន៍ត្រូវបានលេចឡើងនៅក្នុងឆ្នាំ១៩៥០ ទស្សនាខ្សែភាពយន្តនៅតាមគេហដ្ឋាន មានការពេញនិយមខ្លាំងនៅក្នុងឆ្នាំ១៩៨០ និងបណ្ដាញអ៉ីនធឺណេតត្រូវបានលេចចេញរូបរាងដំបូងនាអំឡុងឆ្នាំ១៩៩០ បណ្ដាញទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចែកចាយ ដែលជាប្រភពសម្រាប់ការទស្សនាតាមដានខ្សែភាពយន្តផ្សេងៗ។

នាឆ្នាំកន្លងមកទៀត វិធីសាស្រ្តបច្ចេកផលិតកម្មតាមបែបឌីជីថលកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងក្នុងអំឡុងទសវត្សឆ្នាំ១៩៩០ ជាលទ្ធផលបានបង្កើតឱ្យមានរូបភាពសិល្បៈរបស់ខ្សែភាពយន្តកាន់តែមានភាពជាក់ស្តែងបន្ថែមមួយកម្រិតទៀត ព្រមទាំងអាចបង្កើតនូវលក្ខណៈរូបភាពបច្ចេកទេសតាមបែបគំនូរជីវចលជាច្រើនប្រភេទថែមទៀតផង។

ប្រភេទខ្សែភាពយន្តជាច្រើនត្រូវបានបង្កើតឡើង ដោយទទួលបានភាពជោគជ័យក្នុងកម្រិតខុសៗគ្នា ក្នុងនោះមានដូចជាប្រភេទខ្សែភាពយន្តបែបភ័យរន្ធត់ ត្រូវបានផលិតលេចឡើងក្នុងឆ្នាំ១៨៩០ ខ្សែភាពយន្ដតាមបែបទំនើបមាននៅក្នុងរោងភាពយន្តសហរដ្ឋអាមេរិក ចន្លោះទសវត្សឆ្នាំ១៩១០ ដល់ចុងទសវត្សឆ្នាំ១៩៦០ ព្រមទាំងវិស័យតូរ្យតន្រ្តីដែលមានចាប់តាំងពីចុងទសវត្សឆ្នាំ១៩២០៕