(បរទេស)៖ លោកអ្នកដឹងហើយថា មនុស្សនៅលើផែនដីមានកម្ពស់ខុសៗគ្នាទៅតាមតំបន់ ឬជាតិសាសន៍នីមួយៗ ក្នុងនោះនៅខាងបស្ចិមលោក ត្រូវគេស្គាល់ថាជាធម្មតាមានមនុស្សខ្ពស់ៗជាងគេ ខណៈនៅតំបន់អាស៉ី គឺមានបុគ្គលដែលទាប។ យ៉ាងណាក៏ដោយ កម្ពស់មនុស្សទូទៅ គឺមិនលើសពី ២ ម៉ែត្រឡើយ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានបុគ្គលច្រើនគួរសមដែលខ្ពស់ជាង ២ ម៉ែត្រ។

ខាងក្រោមនេះ គឺមនុស្ស ៧ នាក់ដែលមានកម្ពស់ខ្ពស់ខ្លាំងដាច់គេក្នុងប្រវត្តិសាស្រ្ត៖

១៖ Robert Wadlow

ជាមួយកម្ពស់លូតដល់ ២.៧២ ម៉ែត្រ លោក រ៉ូបឺត វេដឡូ (Robert Wadlow) គឺជាបុគ្គលខ្ពស់ជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។ លោក វេដឡូ កើតនៅឆ្នាំ១៩១៨ នៅក្រុងតូចមួយហៅថា អាល់តុន (Alton) ក្នុងរដ្ឋអ៉ីលីណយ (Illionis) នៃសហរដ្ឋអាមេរិក។ លោក វេដឡូ រួមទាំងបុគ្គលដទៃទៀតនៅក្នុងបញ្ជីនេះ សុទ្ធតែមានបញ្ហានៃការដុះដុំសាច់ ដែលធ្វើឲ្យក្រពេញមួយនៅខួរក្បាល បញ្ចេញអរម៉ូនលូតលាស់ ក្នុងបរិមាណច្រើនហួសកម្រិត ទើបបណ្តាលឲ្យពួកគេមានកម្ពស់ខុសប្លែកឆ្ងាយពីមនុស្សទូទៅយ៉ាងដូច្នេះ។ លោក វេដឡូ បានទទួលមរណភាពនៅឆ្នាំ១៩៤០ ដោយសារដំបៅក្លាយនៅក្បាលជង្គង់ ព្រោះតែការពាក់ឧបករណ៍ជំនួយការដើរ។ ពេលនោះ លោកមានអាយុត្រឹម ២២ ឆ្នាំប៉ុណ្ណោះ។

២៖ John Rogan

លោក ចន រ៉ូហ្គេន (John Rogan) ជាមួយកម្ពស់លូតដល់ ២.៦៧ ម៉ែត្រ ស្ថិតនៅចំណាត់ថ្នាក់លេខពីរក្នុងបញ្ជីនេះ ប៉ុន្តែជាបុគ្គលស្បែកខ្មៅដែលខ្ពស់ជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ហើយមុនពេលលោក រ៉ូបឺត វេដឡូ ចាប់កំណើត លោក រ៉ូហ្គេន ក៏បានជាប់ឈ្មោះជាមនុស្សខ្ពស់បំផុតអស់រយៈពេលជាច្រើនទសវត្សរ៍ផងដែរ។ លោក រ៉ូហ្គេន កើតនៅឆ្នាំ១៨៦៨ ក្នុងរដ្ឋថេនណេសស៉ី (Tennessee) នៃសហរដ្ឋអាមេរិក ហើយនៅអាយុ ១៤ ឆ្នាំ លោកក៏ដើរលែងរួច និងសូម្បីតែឈរ ដោយសារជំងឺរឹងសន្លាក់។ ទីបំផុតលោកបានទទួលមរណភាពនៅឆ្នាំ១៩០៥ ក្នុងអាយុ ៣៧ ឆ្នាំ ដោយសារភាពស្មុគស្មាញនៃជំងឺនេះ។

៣៖ John Caroll

បុគ្គលខ្ពស់ជាងគេបង្អស់ទីបី ក្នុងប្រវត្តិសាស្រ្ត ក៏ជាជនជាតិអាមេរិកដែរ។ លោក ចន ខារ៉ូល (John Caroll) កើតនៅឆ្នាំ១៩៣២ ក្នុងរដ្ឋញូយ៉ក។ លោក ខារ៉ូល ក៏មានជំងឺវៀចឆ្អឹងខ្នងផងដែរ ជាហេតុធ្វើឲ្យកម្ពស់របស់លោក ពិបាកក្នុងការវាស់។ មុនពេល លោកស្លាប់ក្នុងឆ្នាំ១៩៦៩ នៅអាយុ៣៧ឆ្នាំ លោកឈរបានកម្ពស់២.៤៤ម៉ែត្រ ប៉ុន្តែពេលនោះស្ថានភាពវៀចឆ្អឹងខ្នងរបស់លោកគឺធ្ងន់ធ្ងរខ្លាំង ដែលធ្វើឲ្យគេសន្និដ្ឋានថា បើឆ្អឹងខ្នងមានសភាពត្រង់ត្រឹមត្រូវគឺ លោកមានកម្ពស់២.៦៣-២.៦៤ម៉ែត្រ។

៤៖ Leonid Stadnyk

មនុស្សខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តនៅចំណាត់ថ្នាក់លេខបួន គឺជាជនជាតិអ៊ុយក្រែន ឈ្មោះថា លេអូនីដ ស្តេដនីក (Leonid Stadnyk)។ លោក ស្តេដនីក កើតនៅឆ្នាំ១៩៧០ ក្នុងភូមិតូចមួយក្បែរទីក្រុងហ្ស៉ីតូមៀរ (Zhytomyr) ភាគខាងជើងអ៊ុយក្រែន ដែលកាលនោះនៅជាផ្នែកនៃសហភាពសូវៀត។ កម្ពស់លោក ស្តេដនីក បានលូតដល់ ២.៥៧ ម៉ែត្រ។ លោកបានទទួលមរណភាពកាលពីឆ្នាំ២០១៤ ដោយសារដាច់សរសៃឈាមខ្លួនក្បាលនៅអាយុ ៤៤ ឆ្នាំ។

៥៖ Vaino Myllyrinne

លោក វ៉ៃណូ មីលលីរីន (Vaino Myllyrinne) ជាបុគ្គលខ្ពស់ជាងគេទីប្រាំក្នុងប្រវត្តិសាស្រ្ត ដែលមានកម្ពស់ ២.៥១៤ ម៉ែត្រ។ លោក មីលលីរីន កើតនៅឆ្នាំ១៩០៩ ក្នុងទីក្រុងហែលស៉ីនគី (Helsinki) នៃប្រទេសហ្វាំងឡង់។ លោកក៏ធ្លាប់បម្រើក្នុងកងទ័ពការពារជាតិហ្វាំងឡង់ផងដែរ ហើយត្រូវគេចាត់ទុកជាទាហានដែលខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត។ លោក មីលលីរីន បានទទួលមរណភាព ក្នុងឆ្នាំ១៩៦៣ នៅអាយុត្រឹម ២១ ឆ្នាំ។

៦៖ Edouard Beaupre

មនុស្សខ្ពស់ជាងគេនៅចំណាត់ថ្នាក់ទីប្រាំមួយក្នុងប្រវត្តិសាស្រ្តគឺ លោក អេដវ៉ាដ ប៊ូព្រី (Edouard Beaupre) ដែលលូតកម្ពស់ដល់ ២.៥១២ ម៉ែត្រ។ លោក ប៊ូព្រី កើតនៅឆ្នាំ១៨៨១ ក្នុងប្រទេសកាណាដា។ នៅអាយុ ២១ ឆ្នាំ លោកបានចូលរួមក្នុងក្រុមលេងសៀកមួយ ក្នុងនាមជាមនុស្សចម្លែក និងមានកម្លាំងខ្លាំងម្នាក់។ អំលុងពេលនោះ លោកបានសម្តែងដោយការលើកវត្ថុធ្ងន់ៗទម្ងន់រាប់រយគីឡូក្រាម ប៉ុន្តែពេលខ្លះក៏ធ្លាប់រងរបួសផងដែរ។ យ៉ាងណាមិញ បានត្រឹមប៉ុន្មានឆ្នាំលោកបានកើតជំងឺរបេង ហើយមានអារម្មណ៍ខ្សោយៗ និងឧស្សាហ៍នឿយហត់។ ទីបំផុតនៅឆ្នាំ១៩០៤ លោក ប៊ូព្រី ក៏បានទទួលមរណភាពនៅអាយុ២៣ឆ្នាំ។

៧៖ Sultan Kosen

ចំណាត់ថ្នាក់ចុងក្រោយគេ គឺលោក ស៊ូលតាន់ កូសិន (Sultan Kosen)។ លោកកើតនៅប្រទេសតួកគី ក្នុងឆ្នាំ១៩៨២។ លោក កូសិន គឺជាបុគ្គលតែម្នាក់គត់ក្នុងបញ្ជីនេះដែលនៅមានជីវិត ដូច្នេះហើយលោកជាម្ចាស់កំណត់ត្រាមនុស្សខ្ពស់ជាងគេបង្អស់ ដែលកំពុងរស់នៅលើផែនដី។ លោក កូសិន មានកម្ពស់ ២.៥១ ម៉ែត្រ៕