(អូសេអានី)៖ ក្រៅពីឧបទ្វីបឥណ្ឌា និងតំបន់អាស៉ីអាគ្នេយ៍ តំបន់អូសេអានី (Oceania) ក៏ជាសមរភូមិដ៏ស្រួចស្រាល់ដែលពួកអាណានិគមដណ្ដើមគ្នាត្រួតត្រាផងដែរ។ ទន្ទឹមនឹងការទន្ទ្រានយកដែនដីអាណានិគមនេះ ពួកអឺរ៉ុបក៏បានចូលទៅរស់នៅក្នុងតំបន់អូសេអានីយ៉ាងច្រើន ហើយពួកគេក៏បានប្រកាសឯករាជ្យផ្ដាច់ខ្លួនពីពួកមហាអំណាចអឺរ៉ុប បង្កើតបានជាប្រទេសតូចធំជាច្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

១៖ អាណានិគមអេស្ប៉ាញ
នៅសតវត្សរ៍ទី១៥ និងទី១៦ គឺពេលវេលាដែលពួកមហាអំណាចអឺរ៉ុបចេញដាក់អាណានិគមលើបណ្ដារដ្ឋដទៃនៅដែនដីអាហ្វ្រិក និងអាស៉ី និងបានបន្តមកដល់តំបន់ប្រជុំកោះអូសេអានីផងដែរ។ នៅគ្រិស្ដសករាជ ១៥២៩ មានអ្នករុករករបស់អេស្ប៉ាញម្នាក់ឈ្មោះ អាឡូនសូ ដឺ សាឡាហ្សារ (Alonso de Salazar) បានទៅដល់ប្រជុំកោះម៉ារសល (Marshall Islands) លើកដំបូង។ ក្រោយមក លោក គ្រូសិនស្តឺន (Krusenstern) និងលោក ថូម៉ាស់ ហ្គីលបឺត (Thomas Gilbert) បានរួមដំណើរជាមួយគ្នាទៅដល់កោះនេះនៅគ្រិស្ដសករាជ ១៧៨៨ ហើយនៅគ្រិស្ដសករាជដដែលនោះ អ្នករុករកអង់គ្លេសម្នាក់ទៀតឈ្មោះ ចន ម៉ារសល (John Marshall) ក៏បានទៅដល់កោះនេះដែរ ដោយលោកបានដាក់ឈ្មោះកោះនេះតាមឈ្មោះរបស់ខ្លួនថា «កោះម៉ារសល»។ ប៉ុន្តែទោះជាយ៉ាងណា រហូតដល់គ្រិស្ដសករាជ ១៨៧៤ កោះម៉ារសល (Marshall Islands) នេះ ត្រូវបានអេស្ប៉ាញដាក់ធ្វើជាដែនដីអាណានិគមរបស់ខ្លួន។

នៅគ្រិស្ដសករាជ ១៦០៦ អ្នករុករកអេស្ប៉ាញម្នាក់ទៀតឈ្មោះ ល្វីវ៉ាស ដឺ ទ័ររ៉េស (Luís Vaz de Torres) បានទៅដល់ឆ្នេរខាងត្បូងនៃកោះញូវហ្គីណេ (New Guinea) ដោយកប៉ាល់របស់លោកបានចូលចតនៅឆកសមុទ្រមីលន៍ (Milne Bay) ឆកសមុទ្រប៉ាពូ (Papua Bay) ឆកសមុទ្រអក់រ៉េងចឺរី (Orangerie Bay)។ បេសកកម្មរបស់លោក ល្វីវ៉ាស ដឺ ទ័ររ៉េស ថែមទាំងបានរកឃើញប្រជុំកោះបាស៉ីឡាគី (Basilaki) ដោយនៅខែកក្កដា គ្រិស្ដសករាជ ១៦០៦ ដដែលនោះ លោកបានដាក់ប្រជុំកោះនេះជាដែនដីរបស់អេស្ប៉ាញ។ បួនខែក្រោយមក បេសកកម្មរបស់លោក ល្វីវ៉ាស ដឺ ទ័ររ៉េស ក៏បានបន្តទៅដល់ភាគខាងលិចនៃកោះមួយរបស់ឥណ្ឌូណេស៉ី ហើយក៏បានទាមទារដាក់ជាដែនដីរបស់ស្តេចអេស្ប៉ាញទៀតដែរ។

នៅខែវិច្ឆិកា គ្រិស្ដសករាជ ១៧៧០ នាវិកអេស្ប៉ាញម្នាក់ទៀត គឺលោក ហ្វីលីពប៉េ ហ្គង់សាលេស ដឺ អាអេដូ (Felipe González de Ahedo) បានបញ្ជាទិញកញ្ចប់បេសកកម្មពីស្ដេចត្រាញ់ម្នាក់ ដែលស្ថិតនៅក្រោមទេសាភិបាលអេស្ប៉ាញប្រចាំប៉េរូ (Viceroyalty of Peru) ដើម្បីរុករកដែនដីថ្មីៗនៅភាគខាងលិចប៉េរូនោះ។ បេសកកម្មរបស់លោក អាអេដូ បានទៅដល់កោះព្រះយេស៊ូ ឬកោះអ៉ីសាដឺសាន់ខារឡូស (Isla de San Carlos) និងបានដាក់កោះនេះជាដែនដីសម្ពន្ធជាមួយកោះរ៉ាប៉ានុយ (Rapa Nui Islands) ឬកោះអ៉ីស្ទ័រ (Easter Islands)។

ជាការពិតណាស់ ពួកព័រទុយហ្កាលមិនបានចូលជ្រៅទៅក្នុងតំបន់អូសេអានីនេះទេ ពោលគឺមានវត្តមានត្រឹមតែប្រជុំកោះទីម័រប៉ុណ្ណោះ នេះក៏ដោយសារព័រទុយហ្កាល់ និងអេស្ប៉ាញអនុវត្តតាមសន្ធិសញ្ញាទ័រដេស៊ីឡាស (Tordesillas) ដែលបានបែងចែកការត្រួតត្រាពិភពលោកពាក់កណ្ដាលម្នាក់ ខណៈព្រំប្រទល់ខណ្ឌចែក គឺនៅត្រង់ប្រទេសទីម័រខាងកើតនោះឯង។

២៖ អាណានិគមហូឡង់
ដូចយើងឃើញស្រាប់ហើយថា ក្នុងចំណោមពួកមហាអំណាចអាណានិគមអឺរ៉ុប ពួកអេស្ប៉ាញ គឺបានជាន់លើទឹកដីប្រជុំកោះនៃតំបន់អូសេអានីមុនគេបង្អស់។ ក្រោយមក ពួកហូឡង់ (ដាត្ឆ) ដែលមានជំនាញខាងដើរសមុទ្រខ្លាំងពូកែដែរនោះ ក៏បានចេញរុករកដែនដីថ្មីនៅប្រជុំកោះអូសេអានីនេះដែរ។ នៅគ្រិស្ដសករាជ ១៨២៨ ព្រះរាជាណាចក្រនែតដឺរលែន (ហូឡង់) បានទាមទារយកដីពាក់កណ្តាលខាងលិចនៃកោះប៉ាពូ (Papua Islands) ដាក់ជាដែនដីអាណានិគមរបស់ខ្លួន ដោយបានដាក់ឈ្មោះដែនដីនេះថា នែតដឺរលែនញូវហ្គីណេ (Netherlands New Guinea)។

៣៖ អាណានិគមអាល្លឺម៉ង់
ចក្រភពអាល្លឺម៉ង់ ថ្វីដ្បិតមិនមានឥទ្ធិពលនៅតំបន់អាស៉ីអាគ្នេយ៍ដូចពួកមហាអំណាចដទៃទៀតក៏ពិតមែន តែក៏បានដណ្ដើមដែនដីអាណានិគមនៅតំបន់អូសេអានីយ៉ាងច្រើនផងដែរ ដោយនៅគ្រិស្ដសករាជ ១៨៨៤ អាល្លឺម៉ង់បានទាមទារយកភាគឦសាននៃកោះញូវហ្គីណេ (New Guinea Islands) ដាក់ក្រោមអាណាព្យាបាលរបស់ខ្លួន មានឈ្មោះថា Kaiser-Wilhelmslands (ឈ្មោះជាភាសាអាល្លឺម៉ង់) ឬហៅតាមភាសាអង់គ្លេសថា ចឺរមេនញូវហ្គីណេ (German New Guinea)។

ចក្រភពអាល្លឺម៉ង់ក៏បានដាក់អាណានិគមលើប្រជុំកោះសាម៉ូអា (Samoa Islands) ក្នុងគ្រិស្ដសករាជ ១៩៩០ និងបានសំឡុតយកប្រជុំកោះចាលូអ៉ីត (Jaluit Islands) និងប្រជុំកោះអេបិន (Ebon Islands) ដាក់ក្រោមអាណាព្យាបាលរបស់ខ្លួនផងដែរ ដើម្បីធ្វើពាណិជ្ជកម្មជួញដូរសាច់ដូងស្ងួត (Copra) ពីប្រជុំកោះនេះទៅលក់នៅទ្វីបអឺរ៉ុប។ ពួកអាណានិគមអាល្លឺម៉ង់ ក៏ថែមទាំងមានឥទ្ធិពលដោយប្រយោលទៅលើប្រជុំកោះម៉ារសល (Marshall Islands) ផងដែរ។

៤៖ អាណានិគមអង់គ្លេស
វាមិនមែនជារឿងចម្លែកនោះទេ ដែលអង់គ្លេសមានមុខនៅតំបន់អូសេអានីនឹងគេដែរនោះ។ វត្តមានដំបូងរបស់អង់គ្លេសនៅតំបន់អូសេអានី គឺចាប់ផ្ដើមនៅគ្រិស្ដសករាជ ១៧៨៩ ដោយកាលណោះ នៅតំបន់ប៉ាស៉ីហ្វិកខាងត្បូង បានកើតមានព្រឹត្តិការណ៍បះបោរមួយ (Mutiny on the Bounty) ប្រឆាំងទៅនឹងអនុនាវីឯករបស់អង់គ្លេសឈ្មោះ វីល្លៀម ប្លាយ (William Bligh) ដែលបណ្ដាលឱ្យក្រុមបះពោររត់គេចពីកងទ័ពជើងទឹករបស់រាជការអង់គ្លេស (Royal Navy) ទៅបោះទីតាំងឈរជើងនៅលើកោះភីតខាញន៍ (Pitcairn Islands) ក្រោយមក កោះភីតខាញន៍នេះ ក៏បានក្លាយជាដែនដីអាណានិគមអង់គ្លេសតែម្ដង។ អង់គ្លេសបានដាក់អាណានិគមលើទ្វីបអូស្ត្រាលី នៅគ្រិស្ដសករាជ ១៧៨៨ ប្រជុំកោះនូវែលសេឡង់ ក្នុងឆ្នាំគ្រិស្ដសករាជ ១៨៤០ និងកោះហ្វីជី (Fiji Islands) នៅឆ្នាំគ្រិស្ដសករាជ ១៨៧២ ពោលភាគច្រើននៃអូសេអានី គឺស្ថិតនៅក្រោមអាណានិគមចក្រភពរបស់អង់គ្លេស។

នៅគ្រិស្ដសករាជ ១៨៨៣ អង់គ្លេសក៏បានដាក់បញ្ចូលភាគអាគ្នេយ៍នៃកោះញូវហ្គីណេ (New Guinea Islands) ជាសម្ពន្ធដែនដីអាណានិគមរបស់ខ្លួនជាមួយកោះម្ចាស់ក្សត្រី (Qeen Islands) ថែមទៀតដែរ។ នៅគ្រិស្ដសករាជ ១៩០៦ រដ្ឋាភិបាលចក្រភពអង់គ្លេសបានផ្ទេរការគ្រប់គ្រងនៅភាគឦសានកោះញូវហ្គីណេ (New Guinea Islands) ទៅឱ្យអគ្គទេសាភិបាលអាណានិគមអង់គ្លេសដែលប្រចាំនៅទ្វីបអូស្ត្រាលីគ្រប់គ្រងទាំងស្រុង។ អំឡុងពេលសង្គ្រាមលោកលើកទី១ កងកម្លាំងអាណានិគមអង់គ្លេសនៅអូស្ត្រាលី បានរឹបអូសយកដែនដីចឺរមេនញូវហ្គីណេ (German New Guinea) ពីពួកអាណានិគមអាល្លឺម៉ង់។ រហូតដល់គ្រិស្ដសករាជ ១៩២០ ទើបដែនដីប្រជុំកោះញូវហ្គីណេទាំងស្រុង ក្លាយជាដែនដីអាណានិគមរបស់អង់គ្លេស និងស្ថិតក្រោមការគ្រប់គ្រងរបស់ទេសាភិបាលអង់គ្លេសដែលឈរជើងនៅទ្វីបអូស្ត្រាលីនោះ។

ក្រៅពីដែនដីទ្វីបអូស្ត្រាលី ប្រជុំកោះញូវហ្គីណេ ប្រជុំកោះម្ចាស់ក្សត្រី ប្រជុំកោះនូវែលសេឡង់ និងកោះហ្វីជី នៅចុងសតវត្សរ៍ទី១៩ អង់គ្លេសក៏យកបានប្រជុំកោះហ្គីលបឺត (Gilbert Islands) ដែលបច្ចុប្បន្នគឺប្រជុំកោះគិរីបាទី (Kiribati Islands) និងកោះអ៊ែលឡាយស៍ (Ellice Islands) ដែលបច្ចុប្បន្នគឺកោះទូវ៉ាលូ (Tuvalu Islands) បន្ថែមទៀតផងដែរ។

កោះចុងក្រោយនៅអូសេអានី ដែលត្រូវធ្លាក់ទៅក្រោមអាណានិគមអង់គ្លេស គឺកោះនៀវអេ (Niue Islands)។ នៅគ្រិស្ដសករាជ ១៨៨៧ ព្រះចៅហ្វាតាអាអ៉ីគី (King Fata-a-iki) ដែលសោយរាជ្យលើកោះនុយនេះ បានដាក់សំណើដើម្បីប្រគល់កោះនៀវអេ (Niue Islands) ទៅឱ្យចក្រភពអង់គ្លេសធ្វើជាអាណាព្យាបាល ហើយអង់គ្លេសក៏បានយល់ព្រមធ្វើជាអាណាព្យាបាលលើកោះនេះ នៅគ្រិស្ដសករាជ ១៩០០។ ប៉ុន្តែមួយឆ្នាំក្រោយមក កោះនៀវអេក៏បានក្លាយជាសម្ពន្ធដែនដីរបស់នូវែលសេឡង់វិញម្ដង។

៥៖ អាណានិគមបារាំង
សាសនទូតកាតូលិកបារាំងបានមកដល់កោះតាហ៉ីទី (Tahiti Islandស) ក្នុងឆ្នាំគ្រិស្ដសករាជ ១៨៣៤។ ប៉ុន្តែពួកម្ចាស់ស្រុកនៅលើកោះនេះបានបណ្តេញពួកសាសនទូតបារាំងចេញ នៅគ្រិស្ដសករាជ ១៨៣៦ ទើបធ្វើឲ្យបារាំងបញ្ជូននាវាចម្បាំងមួយគ្រឿងមកវាយប្រហារលើកោះនេះ នៅគ្រិស្ដសករាជ ១៨៣៨។ ក្នុងឆ្នាំគ្រិស្ដសករាជ ១៨៤២ កោះតាហ៉ីទី និងកោះតាវ៉ាវតា (Tahuata Islands) ត្រូវបានស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ ក្រៅពីប្រជុំកោះទាំងពីរនេះ បារាំងក៏យកបានប្រជុំកោះប៉ូលីណេស៉ី (Polynesia Islands) ទៀតដែរ ហើយក៏បានបង្កើតទីក្រុងរដ្ឋបាលមួយនៅគ្រិស្ដសករាជ ១៨៤៣។

នៅខែកញ្ញា គ្រិស្ដសករាជ ១៨៥៣ ក្រោមព្រះរាជឱង្កាពីព្រះចៅអធិរាជបារាំង ណាប៉ូឡេអុងទី៣ (Napoleon III) លោកឧត្តមនាវីឯក ហ្វេប្រ៊ីយែ ដេស្ព័ង (Febvrier Despointes) បានចូលកាន់កាប់ទីប្រជុំកោះញូវកាលីដូនី (New Caledonia Islands) និងកោះប៉ក់ដឺហ្វ្រង់ (Port-de-France)។

នៅទសវត្សរ៍ឆ្នាំ១៨៨០ បារាំងបានទាមទារយកប្រជុំកោះទូអាម៉ូទូ (Tuamotu Archipelago Islands) ធ្វើជាដែនដីអាណានិគមរបស់ខ្លួនបន្ថែមទៀត ទោះបីជាវាជាកម្មសិទ្ធិរបស់រាជវង្សផមម៉ារី (Pōmare dynasty) នៃអាណាចក្រតាហ៉ីទីក៏ដោយ។ នៅឆ្នាំគ្រិស្ដសករាជ ១៨៤២ បារាំងក៏បានយកកោះម៉ាសគីសាស (Marquesas Islands) មកផងដែរ។ នៅគ្រិស្ដសករាជ ១៨៨៥ បារាំងបានតែងតាំងទេសាភិបាលម្នាក់ ហើយបង្កើតក្រុមប្រឹក្សាទូទៅមួយនៅប្រជុំកោះទាំងនោះ។ រីឯប្រជុំកោះរីម៉ាតារ៉ា (Rimatara Islands) និងប្រជុំកោះរូរ៉ូទូ (Rūrutu Islands) បានបន្តក្លាយដែនដីអាណានិគមរបស់បារាំងនៅគ្រិស្ដសករាជ ១៨៩២។

៦៖ អាណានិគមអាមេរិក
សហរដ្ឋអាមេរិកបានពង្រីកឥទ្ធិពលរបស់ខ្លួនទៅដល់តំបន់ប៉ាស៉ីហ្វិក ដោយចាប់ផ្តើមដំបូងនៅប្រជុំកោះបាខឺរ (Baker Islands) និងប្រជុំកោះហោលែន (Howland Islands) ក្នុងគ្រិស្ដសករាជ ១៨៥៧។ រីឯប្រជុំកោះហាវ៉ៃ (Hawaii Islands) បានក្លាយជាទឹកដីសហរដ្ឋអាមេរិកនៅគ្រិស្ដសករាជ ១៨៩៨។
នៅគ្រិស្ដសករាជ ១៨៩៩ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានដណ្ដើមគ្នាគ្រប់គ្រងលើប្រជុំកោះសាម៉ៅ រហូតដល់គ្រិស្ដសករាជ ១៩០៤ ទើបអាមេរិកចែចូវមេដឹកនាំកោះសាម៉ៅឱ្យនៅខាងខ្លួន ហើយធ្វើសមាហរណកម្មមកជារបស់អាមេរិកតែម្ដង។

ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានដណ្ដើមយកប្រជុំកោះហ្កាំ (Guam Islands) ពីអេស្ប៉ាញបានសម្រេច នៅគ្រិស្ដសករាជ ១៨៩៨ ហើយប្រជុំកោះសាម៉ូអា (Samoa Islands) ដែលពីមុនពួកមហាអំណាចអឺរ៉ុបដូរដៃគ្នាដាក់អាណានិគមនោះ ក្រោយមក ក៏បានក្លាយជាដែនដីរបស់អាមេរិកផងដែរ។

៧៖ អាណានិគមជប៉ុន
នៅគ្រាចាប់ផ្តើមសង្គ្រាមលោកលើកទី១ ជប៉ុនបានដណ្តើមយកការគ្រប់គ្រងកោះម៉ារសលពីអាមេរិក។ ទីតាំងស្នាក់ការកណ្តាលរបស់ជប៉ុនត្រូវបានបង្កើតឡើងនៅប្រជុំកោះចាលូអ៉ីត (Jaluit Islands) ដែលធ្លាប់ជាមជ្ឈមណ្ឌលរដ្ឋបាលអាល្លឺម៉ង់។ នៅថ្ងៃទី៣១ ខែមករា គ្រិស្ដសករាជ ១៩៤៤ អំឡុងពេលសង្គ្រាមលោកលើកទី២ កងកម្លាំងអាមេរិកបានទៅដល់ដែនដីប្រជុំកោះក្វាចាឡែន (Kwajalein atoll Islands) ដែលជាផ្នែកមួយនៃកោះម៉ារសល (Marshall) ហើយកងទ័ពជើងទឹកអាមេរិកបានគ្រប់គ្រងកោះនេះពីជប៉ុនវិញ នៅថ្ងៃទី៣ ខែកុម្ភៈ ក្រោយការប្រយុទ្ធគ្នាដ៏តានតឹងនៅកោះក្វាចាឡែន (Kwajalein atoll Islands) និងប្រជុំកោះអេនេវ៉េថិក (Enewetak atolls Islands)។ នៅគ្រិស្ដសករាជ ១៩៤៧ សហរដ្ឋអាមេរិក ក្នុងនាមជាអ្នកមានអំណាចកាន់កាប់នៅប្រជុំកោះទាំងនេះ បានបង្កើតកិច្ចព្រមព្រៀងមួយជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីគ្រប់គ្រងអនុតំបន់មីក្រូនេស៉ី (Micronesia) រួមបញ្ចូលទាំងប្រជុំកោះម៉ារសល (Marshall) ផងដែរ។

អំឡុងពេលសង្គ្រាមលោកលើកទី២ ជប៉ុនបានដាក់អាណានិគមជាច្រើននៅដែនដីប្រជុំកោះនៃតំបន់អូសេអានីនេះ ដែលជាអតីតដែនដីរបស់មហាអំណាចលោកខាងលិច តាមរយៈការគ្រប់គ្រងដោយបង្ខំ៕

ភាគទី១៖ សូមចុចត្រង់នេះ

ភាគទី២៖ សូមចុចត្រង់នេះ

ភាគទី៣៖ សូមចុចត្រង់នេះ

ភាគទី៤៖ សូមចុចត្រង់នេះ

ភាគទី៥៖ សូមចុចត្រង់នេះ

ភាគទី៦៖ សូមចុចត្រង់នេះ

ភាគទី៧៖ សូមចុចត្រង់នេះ

ភាគទី៨៖ សូមចុចត្រង់នេះ

ភាគទី៩៖ សូមចុចត្រង់នេះ

ភាគទី១០៖ សូមចុចត្រង់នេះ

ភាគទី១១៖ សូមចុចត្រង់នេះ

ភាគទី១២៖ សូមចុចត្រង់នេះ 

ភាគទី១៣៖​ សូមចុចត្រង់នេះ