(ពិភពលោក)៖ ព្យុះ គឺជាបាតុភូតធម្មជាតិក្នុងបរិយាកាសរបស់ភពផែនដី ខណៈតំបន់ខ្លះព្យុះបានកើតឡើងសឹងតែជាអចិន្ត្រៃយ៍ទៀតផង ប៉ុន្តែវាក៏ជាគ្រោះមហន្តរាយដ៏ធំមួយសម្រាប់ការរស់នៅរបស់មនុស្ស-សត្វផងដែរ។ តើអ្នកដឹងទេថាបាតុភូតព្យុះធំៗណាខ្លះ ដែលបានបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?

ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិយើងនេះ គឺបានកើតមានមហាព្យុះធំៗជាច្រើន ប៉ុន្តែបាតុភូតព្យុះដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេក្នុងចំណោមនោះមានចំនួន ៥ ដង៖

* មហាព្យុះខាមីកាហ្សិនៅជប៉ុន
ក្រោយពេលវាយដណ្ដើមទឹកដីចិននៅគ្រិស្ដសករាជ ១២៨១ បានជាស្ថាពរហើយ ព្រះចៅអធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ បានលើកទ័ពយ៉ាងគគ្រឹកគគ្រេងបរសំពៅឆ្លងសមុទ្រចូលលុកលុយទឹកដីជប៉ុនបន្តទៀត។ ក្នុងពេលសង្គ្រាមម៉ុងហ្គោល-ជប៉ុនផ្ទុះឡើងរយៈពេល ៧ សប្ដាហ៍ដំបូង ក្រុមយុទ្ធជនសាំមូរ៉ៃបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញប្រឆាំងនឹងការឈ្លានពានរបស់ម៉ុងហ្គោល ប៉ុន្តែកងទ័ពម៉ុងហ្គោលនៅតែមានប្រៀបលើកងទ័ពជប៉ុន។

ម៉ុងហ្គោលហៀបនឹងទទួលបានជ័យជម្នះទៅហើយ ស្រាប់តែមានព្យុះទីហ្វុងយ៉ាងធំសម្បើមបានបោកបក់បំផ្លិចបំផ្លាញសំពៅរបស់កងទ័ពម៉ុងហ្គោលយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមសំពៅរាប់រយរាប់ពាន់គ្រឿង នៅសល់តែប្រមាណ ៣-៤ គ្រឿងប៉ុណ្ណោះ ដែលអាចបរត្រលប់ទៅទឹកដីចិនវិញបាន ចំណែកឯកងទ័ពម៉ុងហ្គោលប្រមាណ ១០០,០០០ នាក់ត្រូវលង់ទឹកស្លាប់ស្ទើរគ្មានសល់។

ប្រជាជនជប៉ុនបានឱ្យឈ្មោះព្យុះនេះថា ខាមីកាហ្សិ (Kamikaze) ដោយពួកគេបានសម្ដែងនូវការដឹងគុណចំពោះមហាព្យុះនេះយ៉ាងខ្លាំង ដោយពួកគេបាននាំគ្នាហៅព្យុះនេះថា «ខ្យល់ទិព្វ» និងចាត់ទុកដូចជាកងទ័ពអាទិទេពដែលបានស្រោចស្រង់ទឹកដីរបស់ពួកគេ ឱ្យគេចផុតពីការឈ្លានពានរបស់ចក្រពត្តិម៉ុងហ្គោលដ៏ខ្លាំងមហិមានោះ។

* មហាព្យុះនៅអង់គ្លេស
ព្យុះដ៏ធំសម្បើមនេះបានកើតឡើងនៅគ្រិស្ដសករាជ ១៥៧០ ដោយបានសម្លាប់មនុសនៅប្រទេសអង់គ្លេសអស់ប្រមាណ ៤០០,០០០ នាក់។ ក៏មានបាតុភូតព្យុះធំៗចំនួនពីរទៀតបានកើតឡើងនៅប្រទេសអង់គ្លេសនេះផងដែរ ក្នុងនោះគឺនៅគ្រិស្ដសករាជ ១៤២១ ព្យុះធំមួយបានសម្លាប់មនុស្សអស់ប្រមាណ ១០០,០០០ នាក់ ហើយនៅគ្រិស្ដសករាជ ១៤៤៦ ក៏មានព្យុះដ៏កាចសាហាវវាយប្រហារដូចគ្នានេះដែរ។

* មហាព្យុះនៅបារាំង
នៅខែធ្នូ គ្រិស្ដសករាជ ១៨៦៩ ខ្យល់សាហារចម្លែកមួយលាយឡំជាមួយនឹងជំនោរទឹកសមុទ្រដ៏ខ្លាំងផងនោះ បានបោកបក់មកលើឆ្នេរសមុទ្រប្រឺតាញ (Bretagne) នៃប្រទេសបារាំង។ ទឹកសមុទ្របានវាយប្រហារលើទីក្រុងចំនួន ២ ក្នុងនោះដំបូលផ្ទះត្រូវប៉ើងរប៉ាត់រប៉ោយ រីឯនាវាត្រូវខ្យល់ និងទឹកវាយកម្ទេចគ្មានសល់។ តំបន់ប្រឺតាញនេះក៏ធ្លាប់រងគ្រោះដោយសារព្យុះសមុទ្រជាច្រើនលើកមកផងដែរ ក្នុងនោះបានកើតឡើងនៅខែធ្នូ ១៨២១, ខែវិច្ឆិកា ១៨២៤ និងខែមីនា ១៨៣៦ ជាដើម។

* មហាព្យុះនៅអឺរ៉ុបខាងលិច
ចាប់ពីខែមករាដល់ខែកុម្ភៈ គ្រិស្ដសករាជ ១៩៩០ ក្នុងរយៈពេលតែ ៥ សប្ដាហ៍ប៉ុណ្ណោះ ខ្យល់ព្យុះធំៗចំនួន ៥ បានកើតឡើងជាបន្តបន្ទាប់គ្នានៅអឺរុបខាងលិច។ នៅប្រទេសអាល្លឺម៉ង់ ខ្យល់ព្យុះធំមួយបានកើតឡើងចំថ្ងៃទី២៣ ខែមករា ដែលមានល្បឿន ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបំផ្លិចបំផ្លាញដំបូងផ្ទះអស់រាប់ពាន់ខ្នង។ ខ្យល់នេះបានបន្តបក់ទៅដល់ប្រទេសស្វីស ក្នុងល្បឿ ន ២១៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបន្តទៅដល់ព្រលានយន្តហោះក្រុងហ្ស៊ូរិច (Zurich)។ យន្តហោះធំៗបានប៉ើងរអិលទង្គិចគ្នា រីឯយន្តហោះតូចៗត្រូវបានខ្យល់បោកឱ្យក្រឡាប់ផ្ងារជើង។ វិនាសកម្មក្នុងបាតុភូតខ្យល់ព្យុះនេះបានបណ្ដាលឱ្យមនុស្សស្លាប់ ៣១០ នាក់។

នៅចុងគ្រិស្ដសករាជ ១៩៩៩ ខ្យល់ព្យុះធំៗចំនួនពីរផ្ទួនៗគ្នា គឺព្យុះឡូថា (Lothar) បានវាយប្រហារលើប្រទេសបារាំង ប៊ែលហ្ស៉ិក លុចសំបួ និងអាល្លឺម៉ង់ និងព្យុះម៉ាតាំង (Martin) បានវាយប្រហារលើប្រទេសបារាំង អេស្ប៉ាញ ស្វីស និងអ៉ីតាលី។ ល្បឿនរបស់ខ្យល់ព្យុះនេះគឺលឿនខ្លាំងណាស់ ពោលគឺនៅពេលវាចេញពីមហាសមុទ្រអាត្លង់ទិកមកដល់កោះអូអេសង់ (Ouessant) ល្បឿនរបស់វាគឺ ១៨៤ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលមកដល់ជិតទីក្រុងប៉ារីស ១៧៣ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅពេលវាបន្តមកដល់កោះរ៉េ (Ré) វាមានល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះដ៏ខ្លាំងមហិមាមួយទៀត ក៏បានកើតឡើងនៅអឺរ៉ុបខាងលិចកាលពីខែមករា ២០០៧ ផងដែរ ដោយបានមហន្តរាយដល់មនុស្សជាតិមិនតិចនោះឡើយ៕