(ពិភពលោក)៖ ជាទូទៅលើពិភពលោកយើងនេះ ភរិយារបស់ប្រធានាធិបតី តែងតែត្រូវបានគេហៅថា « First Lady ឬស្ត្រីទី១» នៃប្រទេសនោះ។ ចំពោះលោកស្រី មែឡាញៀ ណស (Melania Knauss) ភរិយារបស់លោក ដូណាល់ ត្រាំ (Donlad Trump) បើស្ថិតក្នុងលក្ខខណ្ឌប្រទេសជាតិ ក៏ត្រូវបានគេហៅជាទូទៅថាស្ត្រីទី១ របស់សហរដ្ឋអាមេរិកដែរ ប៉ុន្តែបើនិយាយពីលក្ខខណ្ឌគ្រួសារវិញ ស្ត្រីរូបនេះគឺជាប្រពន្ធទី៣របស់ លោក ត្រាំ។

មុនពេលរៀបការជាមួយ មែឡាញៀ, ត្រាំ ធ្លាប់មានប្រពន្ធ ២នាក់រួចទៅហើយ រួមមាន៖ លោកស្រី អ៉ីវ៉ានី ម៉ារី (Ivana Marie) និងលោកស្រី ម៉ាឡា មែពូល (Marla Maples)។ ជាមួយប្រពន្ធមុន លោកត្រាំ ថែមទាំងមានកូន ៤នាក់ផងដែរគឺ៖ Donald Jr., Ivanka, Eric, Tiffany, ហើយចំណងគ្រួសារជាមួយ មែឡាញៀ មានកូនប្រុសតែម្នាក់គត់គឺ Barron ។

តើអ្នកធ្លាប់បានដឹងពីប្រវត្តិស្នេហារបស់ប្រធានាធិបតីទី៤៥ របស់អាមេរិក និងភរិយាទី៣ របស់គាត់ដែរទេ? Fresh News Plus សូមចែករំលែកអត្ថបទ ស្តីពីប្រវត្តិស្នេហារបស់អ្នកទាំងពីរ ដូចតទៅ៖

* ជួបគ្នាពេលខាងស្រីអាយុ២៨ឆ្នាំ រីឯខាងប្រុសអាយុ៥២ឆ្នាំ

កាលពីខែវិច្ឆិកា ឆ្នាំ១៩៩៨ អំឡុងពេលគេប្រារព្ធពិធីមួយឈ្មោះថា «សប្តាហ៍ម៉ូតរបស់ទីក្រុងញូវយ៉ក» តារាម៉ូឌែល មែឡាញៀ អាយុ ២៨ឆ្នាំ បានចូលរួមក្នុងកម្មវិធីជប់លៀងមួយ នៅឯក្លឹបកម្សាន្តពេលរាត្រី Kit Kat ក្នុងតំបន់ Times Square ។ ទីនោះហើយ ដែលនាងធ្វើឲ្យទាក់ចិត្តបុរសមានវ័យ ៥២ឆ្នាំ គឺលោក ដូណាល់ ត្រាំ ដែលកាលនោះ ត្រាំ ជាមហាសេដ្ឋីអចលនទ្រព្យ ហើយជាអំឡុងពេល ដែលលោកកំពុងលែងលះជាមួយប្រពន្ធទី២ ឈ្មោះនាង ម៉ាឡា មែពូល។

ត្រាំ ទៅក្លឹបនោះដែរ ដោយបណ្តើរនារីជាអ្នកកែសម្ផស្សម្នាក់ឈ្មោះនាង សេលីណា មីដែលហ្វាត (Celina Midelfar)t ។ ប៉ុន្តែអត់បញ្ហាឡើយ! ត្រាំ បានណាត់នាង មែឡាញៀ ទៅបន្ទប់ទឹក ហើយលង់នឹងសម្រស់ស្ត្រីសញ្ជាតិស្លូវ៉ានីរូបនេះជាខ្លាំង។ មែឡាញៀ ពិតជាមានមន្តស្នេហ៍ណាស់។ ពេលលោក ត្រាំ សុំលេខទូរស័ព្ទនាងភ្លាម មែឡាញៀ មិនឲ្យនោះទេ តែនាងបានសុំលេខទូរស័ព្ទត្រាំ វិញ។ បន្ទាប់មក ត្រាំ ផ្តល់លេខទូរស័ព្ទគាត់ឲ្យនាងយ៉ាងរីករាយ។

ទីបំផុត មែឡាញៀ ចាប់ផ្តើមទូរស័ព្ទទៅត្រាំ បន្ទាប់ពីទុកឲ្យគាត់រង់ចាំអស់រយៈពេល ១សប្តាហ៍។ ពួកគេបានណាត់គ្នាសាងសងស្នេហាជាលើកដំបូង នៅក្នុងក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងឈ្មោះ Moomba ស្ថិតក្នុងតំបន់ Greenwich Village ។ អណ្តាតភ្លើង នៃសេចក្តីសេ្នហារបស់អ្នកទាំងពីរ ក៏បានឆាបឆេះឡើងកាន់តែខ្លាំង។

* អ្នកទាំងពីរបែកគ្នាជាច្រើនដងមុនពេលរៀបការ

នៅពេលដែលមនោសញ្ចេតនារីកដុះដាលហើយ មែឡាញៀ បែរជាចង់បង្កើតការយល់ដឹង អំពីអត្ថន័យនៃការណាត់ជួបជាមួយមនុស្សសាធារណៈ ព្រមជាមួយនឹងការលោភលន់ ដែលមើលទៅមិនគួរឱ្យជឿ។ នាងធ្លាប់គេងជាមួយ លោក Howard Stern ដែលកាលនោះជាបុគ្គលិកវិទ្យុអាមេរិក និងគេងជាមួយបុរសឯទៀត។ មានពេលមួយនោះ អំឡុងពេលចូលរួមក្នុងការពិភាក្សាក្រុម នៅសាកលវិទ្យាល័យ ផេនសូលវេនញៀ (Pennsylvania), ត្រាំ បានស្វែងរកនាង មែឡាញៀ ដោយសម្លេងខ្លាំងៗថា «តើម៉ូឌែលរបស់ខ្ញុំនៅឯណា»?

បទពិសោធន៍ទាំងនេះ ប្រហែលជាបានផ្តល់មេរៀនឲ្យមនុស្សជើងត្រជាក់ មែឡាញៀ ឲ្យឈប់ទាក់ទងអ្នកដទៃ។ ពួកគេបានបែកគ្នាជាច្រើនដង ក្នុងរយៈពេលជាង ១ឆ្នាំដំបូងនៃការជួបគ្នា។ នៅពេលដែល ត្រាំ មានគំនិតឈរឈ្មោះជាប្រធានាធិបតី ក្នុងនាមជាបេក្ខជនរបស់គណបក្សកំណែទម្រង់ នៅឆ្នាំ២០០០ លោកបានធ្វើរឿងនេះដោយគ្មាននាង មែឡាញៀ នៅក្បែរឡើយ។

ប៉ុន្តែសម្ព័ន្ធភាពស្នេហានេះ បានសម្រុះសម្រួលគ្នាវិញយ៉ាងឆាប់។ ហើយក្នុងឆ្នាំ២០០១ អនាគតនៅរួមគ្នារបស់ពួកគេ មើលទៅប្រកបដោយក្តីសង្ឃឹម។ មែឡាញៀ បានទទួលកាតពិសេសពណ៌បៃតង (Green Card) ហើយផ្លាស់ទៅស្នាក់នៅផ្ទះសង្សារខ្លួន នៅក្នុងអាគារ Trump Tower ។

* អ្នកទាំងពីរក៏រៀបការ បន្ទាប់ពីនៅជាមួយគ្នាបាន ៥ឆ្នាំ

នៅក្នុងខែមេសា ឆ្នាំ២០០៤, ២សប្តាហ៍បន្ទាប់ពីបញ្ចប់រដូវកាលទី១ នៃកម្មវិធីទូរទស្សន៍របស់ ត្រាំ ឈ្មោះថា The Apprentice គាត់ក៏បានសុំនាង មែឡាញៀ រៀបការដោយចិញ្ចៀនពេជ្រមួយវង់ មានតម្លៃរហូតដល់ទៅ ១.៥លានដុល្លារអាមេរិក។

«ពួកយើងបាននៅជាមួយគ្នា ៥ឆ្នាំ។ ហើយ៥ឆ្នាំនេះ មិនថាក្នុងហេតុផលអ្វីក៏ដោយ ចាត់ទុកថាជាជោគជ័យយ៉ាងធំបំផុតសម្រាប់ខ្ញុំ»។ នេះជាសម្តីរបស់ត្រាំ ពេលផ្តល់បទសម្ភាសឲ្យនាង Cindy Adams អ្នកសរសេរព័ត៌មានអាមេរិក។

មង្គលការរបស់អ្នកទាំងពីរ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៥ នៅទីក្រុង Palm Beach រដ្ឋហ្វរីដា។ លក្ខណៈពិសេសរបស់សម្លៀកបំពាក់ក្រមុំ ត្រូវបានរចនាដោយអ្នកច្នៃម៉ូត ជនជាតិបារាំងដ៏ល្បី គឺលោក គ្រីសថ្យង់ ឌីយ៉រ (Christian Dior) មានតម្លៃ ១សែនដុល្លារអាមេរិក ដែលភ្ជាប់ដោយគ្រាប់គ្រីស្តាល់ ១៥០០គ្រាប់ឯណោះ។

* មែឡាញៀ ឲ្យកូនៗរបស់ត្រាំជាមួយប្រពន្ធដើម ហៅនាងថា «មិត្ត» មិនមែន «ម៉ាក់»

នៅក្នុងឆ្នាំ២០០៦ មែឡាញៀ បានក្លាយជាប្រជាជនអាមេរិក ហើយក៏ជាម្តាយបង្កើតបានកូនប្រុសឈ្មោះ Barron។ មែឡាញៀ ចាស់ជាង ដូណាល់ ជេ.អ (Donald Jr.) ត្រឹមតែ ៨ឆ្នាំ និងចាស់ជាង អ៉ីវ៉ាន់កា (Ivanka) ១១ឆ្នាំកន្លះប៉ុណ្ណោះ។

«ខ្ញុំមើលមិនឃើញខ្លួនឯងថាជាម្តាយទេ។ ខ្ញុំជាមិត្តភក្តិរបស់ពួកគេ ហើយខ្ញុំនៅទីនេះ ពេលពួកគេត្រូវការខ្ញុំ»។ នេះជាការបញ្ជាក់របស់ មែឡាញៀ ទៅកាន់ Harper's Bazaar។

សូមបញ្ជាក់ថា ត្រាំ បានកើតនៅឆ្នាំ១៩៤៦ ចំណែកឯលោកស្រី មែឡាញៀ បានកើតនៅឆ្នាំ១៩៧០។ បើគិតពីអាយុវិញ ត្រាំ ចាស់ជាងប្រពន្ធដល់ទៅ ២៤ឆ្នាំឯណោះ៕

លោក ត្រាំ និងកញ្ញា មែឡាញៀ ថតនៅឆ្នាំ១៩៩៨

 លោក ត្រាំ និងកញ្ញា មែឡាញៀ ថតនៅឆ្នាំ២០០៧

 លោក ត្រាំ និងលោកស្រី មែឡាញៀ ក្នុងថ្ងៃរៀបការ

 លោក ត្រាំ ថើបលោកស្រី មែឡាញៀ អំឡុងពេលឃោសនាបោះឆ្នោត

 លោក ត្រាំ និងលោកស្រី មែឡាញៀ ក្នុងថ្ងៃស្បថចូលកាន់តំណែង