(បរទេស)៖ រយៈពេលរាប់ពាន់ឆ្នាំមកនេះ មនុស្សលោកយើងតែងសំឡឹងមើលផ្កាយនៅលើផ្ទៃមេឃ ហើយស្រមើស្រមៃអំពីការធ្វើដំណើរទៅកាន់ពួកវា។ ខណៈការបញ្ជូនអវកាសយានិកឲ្យចេញទៅក្រៅប្រព័ន្ធព្រះអាទិត្យ នៅតែជាការស្រមៃដ៏សែនវែងឆ្ងាយនៅឡើយក៏ដោយក្តី មនុស្សលោកបានបញ្ជូនយានរ៉ូបូតស្រាវជ្រាវសរុបចំនួន០៥គ្រឿង ឲ្យធ្វើយ៉ាងដូច្នោះ ហើយក្នុងចំណោមនោះ មាន២គ្រឿងត្រូវគេអះអាងថាបានចេញផុតហើយ។

យានអវកាសនីមួយៗខាងលើ ត្រូវបានរចនាឡើងជាចម្បងសម្រាប់ការស្រាវជ្រាវរុករកអំពីបណ្តាភពដែលស្ថិតនៅតំបន់ Outer នៃប្រព័ន្ធព្រះអាទិត្យរបស់យើង គឺហួសពីតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ដែលស្ថិតនៅចន្លោះភពអង្គារនិងភពព្រហស្បតិ៍។ ប៉ុន្តែនៅពេលយានទាំងនេះបញ្ចប់បេសកកម្មស្នូលរបស់ខ្លួន ពួកវានៅតែមានកម្លាំងរុញច្រានឲ្យបន្តដំណើរកាន់តែឆ្ងាយពីព្រះអាទិត្យថែមទៀត។

ក្រុមអ្នកវិទ្យាសាស្រ្តដឹងច្បាស់ថា យានទាំងនេះនឹងត្រូវចេញផុតពីប្រព័ន្ធព្រះអាទិត្យ ហេតុដូច្នេះហើយ ទើប៤គ្រឿងក្នុងចំណោម៥គ្រឿង មានពាំនាំយកទៅជាមួយនូវសារដែលបង្ហាញពីអត្តសញ្ញាណ និងទីតាំងរបស់ភពផែនដីនៅក្នុងចក្រវាឡ សម្រាប់ទម្រង់ជីវិតឆ្លាតវៃណាមួយ ដែលអាចប្រទះឃើញពួកវានាពេលអនាគត។

* Pioneer 10 និង Pioneer 11

នៅឆ្នាំ១៩៧២ ទីភ្នាក់ងារអវកាសអាមេរិក NASA ពុំទាន់ទាំងបានបញ្ចប់ការបញ្ជូនក្រុមអវកាសយានិកនៃកម្មវិធី Apollo ទៅកាន់ព្រះច័ន្ទផង នៅពេលដែលខ្លួនបានចាប់ផ្តើមបញ្ជូនយានអវកាស ដែលនឹងត្រូវចាកចេញពីប្រព័ន្ធព្រះអាទិត្យ។ យាន Pioneer 10 និង Pioneer 11 ដំបូងឡើយ មានគោលដៅបម្រើត្រឹមជាបេសកកម្មស្រាវជ្រាវធំមួយជាលើកដំបូងរបស់មនុស្សលោកយើង ទៅលើភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។

យាន Pioneer 10 គឺជាយានអវកាសដំបូងគេ ដែលបានហោះ Flyby (ឆ្វែលទៅកៀក) ភពអង្គារ (Mars), ដែលបានធ្វើដំណើរឆ្លងកាត់ តំបន់ខ្សែក្រវាត់អាចម៍ផ្កាយ និងដែលបានហោះ Flyby ភពព្រហស្បតិ៍ (Jupiter)។ ភាពជោគជ័យរបស់ Pioneer 10 គឺដោយសារការប្រើថាមពលនុយក្លេអ៊ែរ។

ដូច្នេះហើយក្រោយឆ្លងផុត Jupiter នៅឆ្នាំ១៩៧៣ យាន Pioneer 10 នៅតែមានថាមពលគ្រប់គ្រាន់ ដើម្បីបន្តដំណើរទៅមុខទៀត។ តាមពិតទៅ Pioneer 10 ត្រូវបានក្រុមការងារលើផែនដីរក្សាការទាក់ទងជាមួយវាបាន រហូតដល់៣០ឆ្នាំឯណោះ យូរដាច់ជាងរយៈពេលគ្រោងទុកគឺត្រឹម២១ខែ។

ចំណែក យាន Pioneer 11 ក៏ទទួលបានជោគជ័យស្រដៀងគ្នាដែរ។ វាបានហោះ Flyby ភពព្រហស្បតិ៍នៅឆ្នាំ១៩៧៤ មុនក្លាយជាយានដំបូងគេ ដែលបានទៅជិតភពសៅរ៍ (Saturn) នៅឆ្នាំ១៩៧៩។ Pioneer 11 បានជួយអ្នកវិទ្យាសាស្រ្តបង្កើនការស្វែងយល់ជាច្រើនអំពីភពនេះ។

ខណៈក្រុមការងារបេសកកម្ម Pioneer 10 និង Pioneer 11 ប្រហែលជាមិនបានរំពឹងទុកពីសមត្ថភាពធ្វើប្រតិបត្តិការដ៏យូរអង្វែងរបស់ពួកវាក្តី ពួកគេតែងតែដឹងជានិច្ចថា ផ្លូវធ្វើដំណើររបស់ Pioneer 10-11 នឹងនាំយកយានទាំងពីរឆ្ពោះទៅចាកចេញពីប្រព័ន្ធព្រះអាទិត្យ។ ដូច្នេះទើបពួកវាមានភ្ជាប់ទៅជាមួយនូវបន្ទះពិសេសៗ ដែលបង្ហាញពីទីតាំងផែនដី និងរូបមនុស្សលោកយើងជាដើម។

បច្ចុប្បន្ន អង្គការ NASA លែងទទួលបានសញ្ញាពីយាន Pioneer ទាំងពីរគ្រឿងជាយូរឆ្នាំមកហើយ ប៉ុន្តែពួកវាកំពុងបន្តរសាត់អណ្តែត ក្នុងទិសដៅឆ្ពោះចេញពីប្រព័ន្ធព្រះអាទិត្យ។

* Voyager 1 និង Voyager 2

ប្រមាណជាកន្លះសតវត្សរ៍មុន NASA បានបង្កើតយានអវកាសភ្លោះឈ្មោះថា Voyager ដើម្បីចាប់យកឱកាសដ៏កម្រនៃការតម្រៀបជួរគ្នា រវាងភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ាណុស និងភពណិបទូន ដែលទាល់តែ១៧៥ឆ្នាំទើបកើតមានម្តង។ ប្រការនេះអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តបញ្ជូនយានទាំងពីរឲ្យទៅកាន់ភពទាំង៤បានយ៉ាងងាយ។ លើសពីនេះទៀត យាន Voyager 1 និង Voyager 2 ក៏នឹងអាចបន្តដំណើរឆ្ពោះ ចេញពីប្រព័ន្ធព្រះអាទិត្យតែម្តងបានផងដែរ។

យាន Voyager 1 ត្រូវបានបញ្ជូនចេញពីផែនដីកាលពីឆ្នាំ១៩៧៧ ហើយវាបានហោះ Flyby ភពព្រហស្បតិ៍នៅឆ្នាំ១៩៧៩ និងកាត់ភពសៅរ៍ នៅឆ្នាំ១៩៨០។ ប៉ុន្តែជាជាងបន្តដំណើរទៅកាន់ណិបទូន និងអ៊ុយរ៉ាណុស ដូចយាន Voyager 2 អង្គការ NASA បានសម្រេចបញ្ជូន Voyager 1 ទៅកាន់ព្រះច័ន្ទ Titan របស់ Saturn វិញ។ Voyager 2 ដែលបានទៅដល់ណិបទូន និងអ៊ុយរ៉ាណុស គឺនៅតែជាយានមួយគត់ ដែលបានទៅកៀកភពទាំងពីរនេះ រហូតមកទល់សព្វថ្ងៃ។

យាន Voyager 1 និង Voyager 2 នៅតែអាចទាក់ទងជាមួយ NASA បាន រហូតមកទល់បច្ចុប្បន្ន។ ពួកវាត្រូវគេចាត់ទុកជាយានអវកាសតែពីរគត់ ដែលបានចេញផុតពីដែនឥទ្ធិពលរបស់ព្រះអាទិត្យដែលគេហៅថា Heliosphere។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ Voyager 1 បានទៅដល់ចំណុច Heliopause (ចុងបញ្ចប់នៃតំបន់ Heliosphere) ហើយចូលទៅដល់តំបន់ចន្លោះប្រព័ន្ធផ្កាយគេហៅថា Interstellar Space។ មកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ យាន Voyager 2 បានសម្រេចបានរឿងដូចគ្នា។ យានទាំងពីរក៏មានផ្ទុកបន្ទះឌីសពិសេស ដែលផ្ទុកនូវព័ត៌មានទាក់ទងអំពីផែនដីនិងមនុស្សលោកយើងដែរ។

យ៉ាងណាក្តី បើតាម NASA យាន Voyager 1 នឹងត្រូវចំណាយពេលប្រហែល៤០,០០០ឆ្នាំទៀត ទើបអាចទៅដល់ជិតប្រព័ន្ធផ្កាយដទៃ ខណៈ Voyager 2 នឹងត្រូវប្រើពេលរហូតដល់ខ្ទង់៣០០,០០០ឆ្នាំ។

* New Horizons

អ្នកវិទ្យាសាស្រ្តបានខិតខំប្រឹងប្រែងអស់រយៈពេលរាប់ទសវត្សរ៍ ដើម្បីឲ្យមានការចេញបេសកកម្មឆ្ពោះទៅកាន់ភពភ្លូតូ (Pluto)។ ប៉ុន្តែត្រឹម ប៉ុន្មានខែប៉ុណ្ណោះ ក្រោយបេសកកម្ម New Horizons បានចាប់ផ្តើមក្នុងឆ្នាំ២០០៦ ភ្លូតូក៏បានបាត់បង់ឋានៈជាភពទី៩នៃប្រព័ន្ធព្រះអាទិត្យ មកនៅត្រឹមភពមិនពេញលក្ខណៈ ឬភពបម្រុងវិញ (Dwarf Planet)។

ទោះជាយ៉ាងណា បេសកកម្ម New Horizons បានបង្កើតរបកគំហើញជាច្រើននៅភ្លូតូ។ ក្រោយបញ្ចប់ការងារនៅភ្លូតូ New Horizons បានបន្តចូលកាន់តែជ្រៅថែមទៀតនៅតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) ជាទីដែលវាបានសិក្សាស្រាវជ្រាវអំពីដុំថ្មអវកាសមួយ មានឈ្មោះសម្គាល់ថា 486958 Arrokoth។

ឥឡូវ New Horizons កំពុងដើរតាមគន្លងរបស់យាន៤គ្រឿងមុនគឺ Pioneer និង Voyager ក្នុងមានជាយានទី៥ ដែលត្រូវចាកចេញពីប្រព័ន្ធព្រះអាទិត្យ។ យ៉ាងណាមិញ New Horizons មិនមានផ្ទុកបន្ទះពិសេសអ្វីទៅជាមួយឡើយ៕