(ពិភពលោក)៖ អ៉ីឡន ម៉ាស្គ (Elon Musk) គឺជាមហាសេដ្ឋីលំដាប់ពិភពលោកមួយរូប មានទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជាង ៩០ពាន់លានដុល្លារអាមេរិក (នេះបើតាមប្រភពពី Forbes គិតត្រឹមខែសីហា ឆ្នាំ២០២០)។

កើតនៅឆ្នាំ១៩៧១ មហាសេដ្ឋីរូបនេះ មានក្រុមហ៊ុននៅក្នុងដៃដ៏ធំៗ រួមមាន៖ Zip2 Corporation, PayPal, SpaceX, Tesla Motors, SolarCity, និង The Boring Company ជាដើម។ តើលោក អ៉ីឡន ម៉ាស្គ មានទម្លាប់បែបណាខ្លះ ទើបធ្វើឲ្យលោកក្លាយជាមនុស្សជោគជ័យបែបនេះ?

Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីទម្លាប់របស់មហាសេដ្ឋី អ៉ីឡន ម៉ាស្គ ជូនប្រិយមិត្តអ្នកអានដូចខាងក្រោមនេះ៖

* ទម្លាប់ពេលព្រឹក៖

ដូចមហាសេដ្ឋីដទៃទៀតដែរ អ៉ីឡន ម៉ាស្គ តែងតែក្រោកពីដំណេកឆាប់រហ័ស។ តាមប្រភពពី Reddit AMA លោក អ៉ីឡន ម៉ាស្គ ធ្លាប់ប្រាប់ក្រុមអ្នកព័ត៌មានថា គាត់ក្រោកពីដំណេកនៅវេលាម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ។ បន្ថែមលើនេះគាត់សម្រាន្តដោយប្រើរយៈពេល៦ម៉ោង ជារៀងរាល់យប់។ ប្រភេទនៃទម្លាប់នេះ ស្តាប់ទៅដូចមិនចម្លែកពេកទេ។

ទោះជាយ៉ាងនេះក្តី មានចំណុចខុសពីអ្នកដទៃមួយដែលគួរឲ្យកោតសរសើរចំពោះលោក អ៉ីឡន ម៉ាស្គ។ គាត់ជាធម្មតា មិនទទួលទានអាហារពេលព្រឹកឡើយ ក៏ព្រោះតែលោកចង់ចាប់ផ្តើមធ្វើការឲ្យបានកាន់តែលឿនបំផុតតាមដែលអាចធ្វើបាន។ លោកក៏រៀបពេលវេលាដើម្បីងូតទឹកដែរ ប៉ុន្តែក្រោយពីនោះគាត់ចាប់ផ្តើមធ្វើការតែម្តង។

* ទម្លាប់ការងារ៖

អ៉ីឡន ម៉ាស្គ មានឈ្មោះល្បីល្បាញយ៉ាងខ្លាំងថា គាត់ជាមនុស្សប្រឹងប្រែងធ្វើការងារណាស់។ សប្តាហ៍ខ្លះគាត់ចំណាយពេលលើសពី ៨០ម៉ោង (ជាទូទៅ៨២ម៉ោង) ដើម្បីធ្វើការ។ គាត់មានក្រុមហ៊ុនសំខាន់២ ដែលគាត់ផ្តោតការយកចិត្តទុកដាក់បំផុត គឺ SpaceX និង Tesla។

អ៉ីឡន ម៉ាស្គ ចំណាយពេលសម្រាប់ SpaceX នៅថ្ងៃចន្ទ និងថ្ងៃសុក្រ ហើយពេលខ្លះទៀត គាត់រំលែកម៉ោងខ្លះក្នុងថ្ងៃសៅរ៍ ដើម្បីធ្វើការនៅក្រុមហ៊ុននេះផងដែរ។ មានការវាយតម្លៃខ្លះថា គាត់ត្រូវតែចំណាយពេលសម្រាប់ SpaceX ប្រហែល ៤០ម៉ោង ក្នុងមួយសប្តាហ៍ ដែលចំនួននេះគឺដូចជាគ្នានឹងពេលវេលារបស់អ្នកធ្វើការដទៃទៀត ពេញ១សប្តាហ៍តែម្តង។

គាត់មិនសម្រាកឡើយ ពោលគឺលោក អ៉ីឡន ម៉ាស្គ ចំណាយពេលក្នុងថ្ងៃអង្គារ ពុធ និងព្រហស្បត្តិ៍ នៅឯក្រុមហ៊ុន Tesla វិញម្តង។ អ្នកអាចគិតថា គាត់នឹងចង់ឈប់សម្រាកក្នុងថ្ងៃទំនេរ ដែលសល់ពីក្រុមហ៊ុន SpaceX នោះ។ ប៉ុន្តែតួយ៉ាងបុរសជោគជ័យរូបនេះ យកពេល៤២ម៉ោងទៀត ធ្វើការនៅឯ Tesla ។

ចំណុចសំខាន់បំផុត គាត់យកពេលវេលាកន្លះថ្ងៃ (ថ្ងៃទំនេរពីការងារ) ជួយគាំទ្រគម្រោង OpenAI។ នេះគឺជាអង្គការ ឬក្រុមមួយ ដែលមិនស្វែងរកប្រាក់ចំណេញ ដោយផ្តោតលើការជួយ AI ឲ្យទទួលបានការប្រើប្រាស់កាន់តែទូលំទូលាយ។

គួរកត់សម្គាល់ថា បើគេគិតត្រួសៗទៅ ដោយយកពេល ៨២ម៉ោង ទៅចែកនឹងរយៈពេល ៥ថ្ងៃ នៃថ្ងៃដែលមហាសេដ្ឋី អ៉ីឡន ម៉ាស្គ ធ្វើការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ គេនឹងឃើញថា គាត់ចំណាយពេលលើសពី ១៦ម៉ោង ជារៀងរាល់ថ្ងៃ។

អំឡុងពេលធ្វើការ អ៉ីឡន ម៉ាស្គ មានទម្លាប់ប្រចាំខ្លួនតូចៗផ្សេងទៀត ដែលទម្លាប់នេះផ្តល់ប្រយោជន៍ជូនគាត់ជានិច្ច។ គាត់យកពេលវេលាធ្វើការប្រចាំថ្ងៃ បំបែកចេញជា ៥ផែន ហើយរាល់ផែននីមួយៗ សុទ្ធតែមានគោលដៅច្បាស់លាស់។ ទិចនិចនេះ ជួយគាត់ឲ្យផ្តោតអារម្មណ៍ធ្វើការបានល្អប្រសើរ ទោះបីជាវាមានរយៈពេលខ្លីៗក៏ដោយ។

អ៉ីឡន ម៉ាស្គ ប្រើប្រាស់អាសយដ្ឋាន Email ដែលគេមិនសូវស្គាល់នោះទេ ដែលនេះជួយទប់ស្កាត់មិនឲ្យអ្នកដទៃ Spam ប្រអប់សាររបស់គាត់។ ដូច្នេះ ប្រការនេះជួយធ្វើឲ្យប្រាកដថា គាត់ទទួលបានតែសារណា មានសារៈសំខាន់តែប៉ុណ្ណោះ។ បន្ថែមលើនេះ គាត់ថែមទាំងបិទទូរស័ព្ទអំឡុងពេលធ្វើការទៀតផង។

បើនិយាយពីការហូបចុកវិញ អ៉ីឡន ម៉ាស្គ អនុវត្តន៍ទម្លាប់ស្រដៀងៗគ្នា។ គាត់ហូបយ៉ាងលឿនតាមដែលអាចធ្វើបាន ដើម្បីឲ្យគាត់ទៅធ្វើការបានលឿន ហើយពេលខ្លះគាត់កាន់នៅដៃ ព្រមទាំងដើរបណ្តើរ ហូបអាហារបណ្តើរ។ សម្រាប់អាហារថ្ងៃត្រង់វិញ ជារឿយៗគាត់ហូបតាមសម្រួល។ ប៉ុន្តែគាត់តែងតែហូបយ៉ាងបន្ទាន់ គឺត្រឹមតែ ៥នាទីប៉ុណ្ណោះ បើអំឡុងពេលគាត់នៅជាប់ការប្រជុំធុរកិច្ច។

* ទម្លាប់ក្រោយពេលធ្វើការ

យើងអាចគិតថា អ៉ីឡន ម៉ាស្គ នឹងសម្រាកខ្លះក្រោយគាត់បង្ហើយការងារ។ ប៉ុន្តែក្រោយពីមើលកាលវិភាគការងារប្រចាំថ្ងៃគាត់ ច្បាស់ជាបង្ហាញឲ្យយើងឃើញថា កំពូលមនុស្សរូបនេះ រវល់ខ្លាំងជាងយើងស្មានទៅទៀត។

អ៉ីឡន ម៉ាស្គ គិតថាការងារសំខាន់ជាងអ្វីៗទាំងអស់ ហើយគាត់កម្រនឹងទៅធ្វើលំហាត់ប្រាណណាស់ ទោះពេលខ្លះគាត់បង្ហើយការងាររួចក៏ដោយ។ គាត់ត្រូវបានគេវាយតម្លៃថា យ៉ាងហោចណាស់ ទៅធ្វើលំហាត់ត្រឹមតែ ២ដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។

ទោះបីជាមិនធ្វើការ ក៏អ៉ីឡន ម៉ាស្គ បន្តឲ្យខួរក្បាលគាត់រវល់ជានិច្ច។ គាត់ចូលចិត្តអានសៀវភៅ ហើយជាញឹកញាប់ អានរហូតដល់គេងលក់ក៏មាន។ គាត់ចូលដំណេក នៅវេលាម៉ោង ១រំលេងអាធ្រាត្រ ហើយក្រោកឡើងវិញនៅម៉ោង ៧ព្រឹក បន្ទាប់មកក៏ចាប់ផ្តើមបំពេញការងារ តាមទម្លាប់ប្រចាំថ្ងៃបន្តទៀត។

* ទម្លាប់ចុងសប្តាហ៍

នៅថ្ងៃចុងសប្តាហ៍របស់ អ៉ីឡន ម៉ាស្គ មិនគួរឲ្យចាប់អារម្មណ៍ដូចថ្ងៃបំពេញការងារទេ។ សម្រាប់ថ្ងៃសៅរ៍ គាត់អាចបន្តធ្វើការងារនៅក្រុមហ៊ុន SpaceX ដើម្បីឲ្យគ្រប់ការបំពេញការងារ៤០ម៉ោង ក្នុងមួយសប្តាហ៍ នៅក្រុមហ៊ុនេះដូចដែលបាននិយាយខាងលើ។ ទោះយ៉ាងនេះក្តី សម្រាប់ថ្ងៃសៅរ៍នេះ គាត់ក៏ឆ្លៀតពេលវេលាលំហែរជាមួយ កូនទាំង៥នាក់ដែរ។

ចំពោះថ្ងៃអាទិត្យវិញជាទូទៅនោះ គឺជាថ្ងៃសម្រាករបស់ អ៉ីឡន ម៉ាស្គ។ គាត់អាចនឹងចំណាយពេលធ្វើដំណើរទៅកន្លែងផ្សេងៗ ឬក៏គាត់មិនទៅណាសោះឡើយ៕