(ក្រិក)៖ ព្រះចៅអធិរាជអាឡិចសង់ទី៣ (Alexander the Great) ជាព្រះមហារាជបស្ចិមលោកដ៏ឆ្លើមមួយអង្គនាសម័យបុរាណ ដោយព្រះអង្គបានពង្រីកទឹកដីម៉ាសេដូន និងក្រិកយ៉ាងធំទូលាយក្រៃលែង ជាមួយនឹងមហិច្ចតាចង់ក្ដោបក្ដាប់នគរបុរាណទាំងឡាយឱ្យស្ថិតក្រោមអំណាចតែមួយ ប៉ុន្តែព្រះអង្គក៏បានអស់ព្រះជន្មមុនសម្រេចមហិច្ចតានេះបាត់ទៅ បន្សល់ទុកតែព្រះកិត្តិនាមល្បីរន្ទឺក្នុងប្រវត្តិសាស្ត្រអស់កាលពាន់ឆ្នាំ។

* រាជបុត្ររបស់អាទិទេពសង្គ្រាម

ព្រះរាជឱរស «អាឡិចសង់» ត្រូវបានប្រសូត្រឡើងនាអំលុងខែកក្កដា ឆ្នាំ៣៥៦ មុនគ្រិស្តសករាជ នៅទីក្រុងផេលឡា (Pella) នៃអាណាចក្រម៉ាសេដូន (Macedonia) ដែលមានព្រះបិតាព្រះនាម ព្រះចៅហ្វីលីពទី២ (Philip II) និងព្រះមាតាព្រះនាម អូឡាំព្យា (Olympias)។ កាលណោះ រដ្ឋបុរីមួយចំនួនរបស់ក្រិកបានរួមគ្នាជាសម្ពន្ធមិត្តយោធាជាមួយម៉ាសេដូន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពចក្រភពពែក្យ (Persian) នៅភាគខាងកើត។

ប្រជានុរាស្ត្រក្នុងពិភពក្រិក ពិសេសគឺម៉ាសេដូនខ្លួនឯងបានជឿថា ព្រះរាជកុមារអាឡិចសង់ គឺជាព្រះរាជបុត្ររបស់ព្រះអាទិទេពសង្គ្រាមមួយអង្គក្នុងវប្បធម៌ក្រិកបុរាណ ដែលមានព្រះនាមថា អេរ៉េស (Ares) ពីព្រោះព្រះរាជកុមារមានតេជះចេស្ដាខ្លាំងក្លាខុសពីក្មេងដទៃ មានទេពកោសល្យខាងសឹកសង្គ្រាម និងជំនាញខាងជិះសេះចម្បាំង។ ព្រះរាជកុមារអាឡិចសង់ចូលចិត្តវណ្ណកម្មអក្សរសិល្ប៍ និងសង្គ្រាម តួយ៉ាងដូចជារឿងព្រេងនិទានប្រវត្តិសាស្ត្រ «ទីក្រុងត្រយ» ដែលរៀបរាប់ពីខ្សែជីវិត និងភាពក្លាហានរបស់កំពូលអ្នកចម្បាំង អាគីលីស (Achillis)។ អាឡិចសង់ បានចាត់ទុក អាគីលីស ជានិមិត្តរូបវីវបុរសក្នុងព្រះទ័យរបស់ទ្រង់ជាប់ជានិច្ច។

នៅពេលព្រះរាជកុមារអាឡិចសង់់មានព្រះជន្ម ១៣ព្រះវស្សា ព្រះអង្គមានឫទ្ធានុភាពអាចបង្ក្រាបសេះខ្មៅកម្លាំងមហិមាមួយក្បាល ដែលមិនធ្លាប់មានអ្នកណាអាចបង្ក្រាបវាបានឡើយសូម្បីតែម្ចាស់របស់វា។ សេះជើងឯកខ្លាំងមួយនេះក៏បានក្លាយសេះចម្បាំងហ្លួងតែមួយគត់របស់ព្រះអង្គម្ចាស់អាឡិចសង់ ដោយព្រះអង្គបានប្រទាននាមសម្រាប់វាថា «ប៊ូសេហ្វាលុស»។

ព្រះចៅហ្វីលីពទី២ បានអញ្ជើញអ្នកប្រាជ្ញទស្សនវិជ្ជាដ៏ល្បីល្បាញម្នាក់របស់ក្រិក គឺលោក អារីស្តូត មកធ្វើជាព្រះរាជគ្រូបង្ហាត់បង្រៀនដល់ព្រះអង្គម្ចាស់អាឡិចសង់ ហើយអារីស្តូតក៏បានយល់ព្រមជាមួយព្រះរាជសំណើនេះ។ អារីស្តូតបានបណ្ដុះបណ្ដាលចំណេះវិជ្ជាជាច្រើនដល់ព្រះអង្គម្ចាស់ រីឯព្រះអង្គម្ចាស់ក៏ព្យាយមស្វែងយល់ និងទទួលបានចំណេះជំនាញជាច្រើនពីព្រះរាជគ្រូដ៏ឆ្នើមរូបនេះ។

បន្ទាប់ពីព្រះបិតាសោយទិវង្គត ដោយសារការលួចធ្វើឃាតពីសំណាក់ពួកបច្ចាមិត្តរួចមក ព្រះរាជទាយាទអាឡិចសង់ក៏បានឡើងគ្រងរាជ្យបល្ល័ង្កនៅរាជធានីផេលឡា នាឆ្នាំ៣៣៦ មុនគ្រិស្តសករាជ ហើយបានក្លាយជា «ព្រះចៅអធិរាជនៃនគរម៉ាសេដូន» ក្នុងព្រះជន្មាយុ២០ព្រះវស្សា។

ព្រះបិតា និងព្រះមាតាធ្លាប់មានរាជបន្ទូលទៅកាន់អាឡិចសង់ថា «នៅភាគខាងកើតមានរតនសម្បត្តិ និងភោគទ្រព្យល្អៗដ៏ច្រើនមហាសាល ហើយអាណាចក្រម៉ាសេដូនរបស់យើង ហាក់តូចចង្អៀតពេកហើយសម្រាប់អំណាចគ្រប់គ្រងរបស់បុត្រ ពីព្រោះបុត្រជាទេវបុត្ររបស់ព្រះអាទិទេពសង្គ្រាម»។ ព្រះរាជឱង្ការបស់ព្រះដ៏មានគុណនេះហើយ បានដាស់ស្មារតីរបស់អាឡិចសង់ «ត្រូវតែមានមហិច្ចតាពង្រីកអំណាច និងទឹកដីរបស់ម៉ាសេដូនទៅកាន់ភាគខាងកើត គឺសំដៅចំចក្រភពពែក្យ»។

នៅឆ្នាំ៣៣៥ មុនគ្រិស្តសករាជ ព្រះចៅអធិរាជអាឡិចសង់បានដឹកនាំកងទ័ពម៉ាសេដូនចូលវាយបង្ក្រាបសម្ពន្ធមិត្ត កូរិនថ៍ ដែលជាក្រុមបះបោរ និងជាអ្នកធ្វើគុតព្រះបិតារបស់ព្រះអង្គ។ ជាមួយនឹងជ័យជម្នះលើពួកបះបោរនេះ កងទ័ពម៉ាសេដូនបានចាប់ឈ្លើយសឹកកូរិនថ៍ប្រមាណ ៣០,០០០នាក់ យកមកធ្វើជាទាសករនៅក្រុងផេលឡា។ នៅឆ្នាំដដែលនោះ ព្រះអង្គបានលើកទ័ពចូលដុតក្រុងធេសសឺលី (Thessaly) និងក្រុងថែប (Thebes) ដែលជារដ្ឋបុរីក្នុងពិភពក្រិក។ ក្រោយពេលវាយយកបានរដ្ឋបុរីទាំងពីរនេះហើយ ព្រះចៅអធិរាជអាឡិចសង់ បានបង្រួបបង្រួមកងទ័ពម៉ាសេដូន និងក្រិកជាកងទ័ពសម្ពន្ធមិត្តតែមួយ ដើម្បីត្រៀមខ្លួនចូលវាយចក្រភពពែក្យ ដែលគ្រប់គ្រងដោយព្រះចៅដារីឧសទី៣ (Darius III)។

* សមរភូមិពែក្យខាងលិច

នៅឆ្នាំ៣៣៤ មុនគ្រិស្តសករាជ កងទ័ពសម្ពន្ធមិត្តម៉ាសេដូន-ក្រិកប្រមាណ ៤០,០០០នាក់ បានចេញដំណើរឆ្ពោះទៅកាន់ចក្រភពពែក្យ ឆ្លងកាត់នគរចំណុះពែក្យមួយចំនួនត្រង់ប្រទេសតួកគីបច្ចុប្បន្ន ហើយបានបើកឆាកសមរភូមិជាមួយកងទ័ពពែក្យ ត្រង់ទន្លេហ្គ្រេនីខឺស (Granicus)។

បន្ទាប់ពីទទួលជ័យជម្នះនៅសមរភូមិហ្គ្រេនីខឺសខាងលើនេះ កងទ័ពរបស់អាឡិចសង់បានវាយចូលដល់ក្រុងសាឌិស (Sardis) នៃនគរលីឌីយ៉ា (Lydia) ដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសតួកគី និងបន្តទៅដណ្ដើមយកបានទីក្រុង និងកំពង់ផែមួយចំនួនទៀតរបស់នគរលីសៀ (Lycia) ដែលស្ថិតនៅខាងត្បូងនគរលីឌីយ៉ា។

នៅឆ្នាំ៣៣៣ មុនគ្រិស្តសករាជ កងទ័ពឥន្ទ្រិយ៍ទេពរបស់ព្រះចៅអាឡិចសង់ ដែលកំពុងមានមហិទ្ធានុភាពខ្លាំងក្លានោះ ក៏បានបន្តវាយដល់ក្រុងហ្គោឌាម (Gordium) នៃនគរហ្វ្រីហ្គៀ (Phrygia)។

ក្រោយវាយយកបាននគរតូចៗទាំងបីនេះរួចហើយ កងទ័ពសម្ពន្ធមិត្តបានបន្តឆ្ពោះទៅកាន់នគរស៉ីរីយ៉ា (Syria) ដែលស្ថិតនៅប្រទេសស៉ីរីបច្ចុប្បន្ន។ ប៉ុន្តែនៅពេលក្បួនទ័ពធ្វើដំណើរទៅដល់ជ្រលងភ្នំណួរ (Nur) ត្រង់ព្រំប្រទល់ប្រទេសតួកគី-ស៉ីរីបច្ចុប្បន្ន កងទ័ពចក្រភពពែក្យដែលចេញពីរាជធានីបាប៊ីឡូន (Babylon) ក៏បានប៉ះទង្គិចគ្នាជាមួយកងទ័ពអាឡិចសង់ត្រង់តំបន់នោះតែម្ដង ដែលសមរភូមិនេះគេហៅថា សមរភូមិអ៉ីស្ស៊ូស (Issus)។ កងទ័ពរបស់ព្រះចៅអាឡិចសង់ក៏បានទទួលជ័យជម្នះនៅសមរភូមិអ៉ីស្សឺសនេះបន្តទៀត។

នៅឆ្នាំ៣៣២ មុនគ្រិស្តសករាជ កងទ័ពសម្ពន្ធមិត្តក៏បានបន្តវាយដល់នគរហ្វីនីសៀ (Phoenicia) ព្រមទាំងដណ្ដើមបានកំពង់ផែ និងទីក្រុងនានានៅតាមបណ្ដោយឆ្នេរខាងកើត នៃសមុទ្រមេឌីទែរ៉ាណេ ក្នុងគោលបំណងកម្ទេចបន្ទាយយោធាជើងទឹករបស់ពែក្យឱ្យអស់ជាមុនសិន មុនវាយសម្រុកចូលដល់ទីក្រុងបាប៊ីឡូន ដែលជារាជធានីធំរបស់មហាអំណាចអារ៉ាប់មួយនេះ។

* សមរភូមិអេហ្ស៉ីប

នៅចុងឆ្នាំ៣៣២ មុនគ្រិស្តសករាជ ព្រះចៅអាឡិចសង់បានបន្តដឹកនាំកងទ័ពឆ្ពោះទៅនគរអេហ្ស៉ីបដ៏ល្បីល្បាញ ដោយបានវាយបណ្ដេញកងទ័ពរបស់ពែក្យ ដែលគ្រប់គ្រងអេហ្ស៉ីបរាប់រយឆ្នាំមកហើយនោះ ឱ្យថយចេញភ្លាមៗយ៉ាងទាន់ហន់។

នៅអេហ្ស៉ីបនេះ ប្រជាជនម្ចាស់ស្រុកមានការទទួលស្វាគមន៍វត្តមានកងទ័ពសម្ពន្ធមិត្តជាខ្លាំង ពីព្រោះពួកគេមិនចង់ស្ថិតក្រោមការគ្រប់គ្រងដ៏ឃោរឃៅរបស់ពែក្យនោះឡើយ ដោយពួកគេបានយាងព្រះចៅអាឡិចសង់ឱ្យឡើងធ្វើជាព្រះមហាក្សត្រសោយរាជ្យនៅរាជធានីស៉ីវ៉ា (Siwah) និងបានថ្វាយព្រះគោរមងារដល់ព្រះអង្គជា «ផារ៉ាអុង» ថែមទៀតផង។

ព្រះមហារាជអាឡិចសង់ ដែលជាផារ៉ាអុងថ្មីនៃអេហ្ស៉ីបនេះ បានសព្វព្រះទ័យបង្កើតទីក្រុងថ្មីមួយ ដោយបានប្រសិទ្ធនាមថា «ទីក្រុងអាឡិចសង់ទ្រី» គឺយកតាមព្រះនាមរបស់ព្រះអង្គ ហើយព្រះអង្គបានរៀបចំអភិវឌ្ឍទីក្រុងថ្មីនេះឱ្យមានការរីកចម្រើន រហូតក្លាយជាទីក្រុងកំពង់ផែអន្តរជាតិដ៏សំខាន់មួយមកដល់ពេលបច្ចុប្បន្ន។

* សមរភូមិស្ប៉ាតា (ក្រិក)

នៅឆ្នាំ៣៣១ មុនគ្រិស្ដសករាជ ព្រះចៅអាឡិចសង់បានដកទ័ពមួយចំនួនត្រលប់មកនគរម៉ាសេដូនវិញ ហើយបានរៀបចំគម្រោងវាយចូលរដ្ឋស្ប៉ាតា (Sparta) ដែលជារដ្ឋបុរីមួយរបស់ក្រិក តែមិនព្រមចុះចូលជាមួយម៉ាសេដូន។ សមរភូមិមេហ្គាផូលីស (Megapolis) ក៏បានផ្ទុះឡើងនៅរដ្ឋស្ប៉ាតា ហើយម៉ាសេដូនជាអ្នកទទួលបានជ័យជម្នះ។ បរាជ័យនៅសមរភូមិមេហ្គាផូលីសនេះ បានធ្វើឱ្យស្ប៉ាតាព្រមចុះចូលជាមួយម៉ាសេដូន និងរួបរួមជាសម្ពន្ធមិត្តក្រិកបន្ថែមមួយទៀត។

* សមរភូមិបាប៊ីឡូន និងការតាមសម្លាប់អធិរាជពែក្យ ដារីឧសទី៣

ក្រោយទទួលជ័យជម្នះលើពួកស្ប៉ាតា ព្រះចៅអធិរាជអាឡិចសង់បានបន្តលើកទ័ពឡើងច្រាំងខាងកើតសមុទ្រមេឌីទែរ៉ាណេ ឆ្លងកាត់នគរហ្វីនីសៀ និងនគរស៉ីរី តម្រង់ទៅកាន់ទីក្រុងបាប៊ីឡូន ដែលជារាជធានីធំរបស់ចក្រភពពែក្យ។ ប៉ុន្តែកងទ័ពពែក្យក៏បានចេញមកស្ទាក់មុន នៅត្រង់ភាគខាងជើងប្រទេសអ៉ីរ៉ាក់បច្ចុប្បន្ន។ ពេលនោះហើយដែលសមរភូមិហ្គូហ្គាមេឡា (Gaugamela) បានផ្ទុះឡើងនៅឆ្នាំ៣៣០ មុនគ្រិស្តសករាជ ជាហេតុធ្វើឱ្យកងទ័ពពែក្យទទួលនូវបរាជ័យយ៉ាងដំណំ។

កងទ័ពព្រះចៅអាឡិចសង់បានបន្តតាមកម្ចាត់ស្ដេចពែក្យ ដារីឧសទី៣ រហូតដល់ក្រុងស៊ូសា (Susa) និងក្រុងផឺរសិបផូលីស (Persepolis) នៃទឹកដីពែក្យ (ត្រង់ប្រទេសអ៉ីរ៉ាក់ និងអ៉ីរ៉ង់បច្ចុប្បន្ន) ហើយបានដុតកម្ទេចក្រុងទាំងពីរនេះចោលតែម្ដង។

ក្រោយការទទួលបរាជ័យនៅសមរភូមិហ្គូហ្គាមេឡានាឆ្នាំ៣៣០ មុនគ្រិស្តសករាជនោះមក ចក្រភពពែក្យខាងលិច និងរាជធានីបាប៊ីឡូន ក៏បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះចៅអធិរាជអាឡិចសង់ទី៣។

* សមរភូមិពែក្យខាងកើត និងអវសានរបស់អធិរាជពែក្យ

ពែក្យខាងកើតមានមូលដ្ឋាននៅនគរសុកឌីយ៉ា (Sogdia) នគរបាកទ្រីយ៉ា (Bactria) និងនគរក្រអារីយ៉ា (Aria) ក៏នៅប្រឹងតស៊ូប្រឆាំងជាមួយកងទ័ពសម្ពន្ធបន្តទៀត ក្រោមការដឹកនាំរបស់ព្រះចៅដារីឧសទី៣ដដែល ហើយបានផ្ទះសង្គ្រាមនៅទីក្រុងអារីអ័នណា (Alexandria Ariana) នៃនគរបាកទ្រីយ៉ា។ អាណាចក្រទាំងបីនេះ បច្ចុប្បន្នគឺស្ថិតនៅប្រទេសអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន តួកមេនីស្ថាន (Turmenistan) ឧសបេគីស្ថាន (Uzbekistan) និងផ្នែកខាងលិចបន្ដិចនៃប្រទេសតាជីគីស្ថាន។

នៅនគរបាកទ្រីយ៉ានេះ ក៏បានកើតមានរាជ្យប្រហារធ្វើគុតស្ដេចដារីឧសទី៣ ពីសំណាក់មេទ័ពបះបោរពីរនាក់ដែលជាជំនិតរបស់ព្រះអង្គ ក្នុងនោះមានម្នាក់ឈ្មោះ បេស៊ូស (Besus) និងម្នាក់ទៀតឈ្មោះ ណាបាហ្សានេស (Nabarzanes)។ បន្ទាប់ពីធ្វើគុតស្ដេចខ្លួនឯងបានហើយ មេទ័ពទាំងពីរបានដឹកនាំកងទ័ពពែក្យដែលនៅសេសសល់ បន្តប្រឆាំងនឹងកងទ័ពរបស់អាឡិចសង់ ដើម្បីការពារអាណាចក្រនៅភាគខាងកើត។

កងទ័ពសម្ពន្ធមិត្តបានបន្តចូលវាយយកទីក្រុងហ្វ្រាដា (Phrada) របស់នគរអារីយ៉ា។ នៅឆ្នាំ៣២៩ មុនគ្រិស្តសករាជ ព្រះចៅអាឡិចសង់បានលើកទ័ពទៅទិសខាងជើងក្រុងហ្វ្រាដា ដើម្បីចូលវាយយកទីក្រុងគុនឌូ (Kunduz) ដែលជាទីក្រុងភាគខាងកើតរបស់នគរបាក់ទ្រីយ៉ា។ បន្ទាប់ពីវាយយកបានទីក្រុងគុនឌូរួចមក កងទ័ពព្រះមហារាជដែលនៅតែខ្លាំងក្លានោះ បានបន្តវាយយកទីក្រុងម៉ារ៉ាខាន់ដា (Marakanda) និងទីក្រុងអេសខាថេ (Alexandria Eschate) របស់នគរសុកឌីយ៉ា។

ចក្រភពពែក្យក៏បានធ្លាក់ក្រោមកណ្ដាប់ដៃរបស់ព្រះចៅអាឡិចសង់មហារាជស្ទើរតែទាំងអស់ ប៉ុន្តែដើម្បីក្លាយជាស្ដេចថ្មីនៃចក្រភពពែក្យ ព្រះអង្គបានរៀបអភិសេកជាមួយបុត្រីរបស់ស្ដេចដារីឧសទី៣ គឺព្រះនាងស្តេតធីរ៉ា (Stateira II) នៅឆ្នាំ៣២៤ មុនគ្រិស្តសករាជ។

* សមរភូមិហ៉ីដាស្ពេស (ឥណ្ឌា)

ក្រោយដណ្ដើមបានចក្រភពពែក្យបានជាស្ថាពរហើយ នៅឆ្នាំ៣២៧ មុនគ្រិស្តសករាជ ព្រះអធិរាជអាឡិចសង់បានពង្រីកមហិច្ចតាចង់ឆ្លងទន្លេឥណ្ឌូសចូលវាយចក្រភពឥណ្ឌា ដោយបានវាយយកបានទីក្រុងបុរាណមួយចំនួននៅប្រទេសប៉ាគីស្ថានបច្ចុប្បន្ន ដូចជា ទីក្រុងមសគ្គៈ (Massaga) នៅត្រើយខាងលិចទន្លេឥណ្ឌូស និងនគរកត្តសិលា (Taxila) ហើយក៏បានរុលមកដល់ទឹកដីភាគខាងពាយព្យនៃចក្រភពឥណ្ឌាបុរាណ ក្រោមការគ្រប់គ្រងរបស់ព្រះមហារាជ ផូរឺស (Porus)។

នាឆ្នាំ៣២៦ មុនគ្រិស្ដសករាជ កងទ័ពអាឡិសង់ក៏បានប៉ះសឹកជាមួយកងទ័ពដំរីរបស់ម្ចាស់ស្រុកឥណ្ឌា ហើយសមរភូមិហ៉ីដាស្ពេស (Hydaspes) ក៏បានផ្ទុះឡើងនៅនគរបុរវៈ (Pauravas) ដែលជារដ្ឋចំណុះចក្រភពឥណ្ឌា។ ប៉ុន្តែស្ថានការណ៍សឹកគ្រានោះមិនចាញ់មិនឈ្នះឡើយ ដោយសារទ័ពរបស់ព្រះចៅអធិរាជអាឡិចសង់ពូកែខាងទ័ពសេះ តែខាងកងទ័ពរបស់ព្រះមហារាជឥណ្ឌាក៏ពូកែខាងទ័ពដំរីដែរ។

* បរាជ័យនៅឥណ្ឌា

សរមភូមិហ៉ីដាស្ពេសនៅតែបន្តរហូតដល់ឆ្នាំ៣២៥ មុនគ្រិស្តសករាជ ហើយលើកនេះកងទ័ពឥន្ទ្រិយ៍ទេពរបស់ព្រះស្ដែងអាឡិចសង់ ក៏បានស្គាល់នូវការបរាជ័យយ៉ាងដំណំវិញម្ដង ក្រោមមហិទ្ធានុភាពដ៏ខ្លាំងមហិមានៃកងទ័ពគជសារបស់ព្រះមហារាជផូរឺសឥណ្ឌា។

ព្រះចៅអាឡិចសង់ នៅតែបៀមព្រះទ័យចង់ទន្ទ្រានយកទឹកដីចក្រភពឥណ្ឌាបន្តទៀត ខណៈដែលកងទ័ពរបស់ព្រះអង្គកំពុងកើតក្ដីនឿយណាយនឹងសង្គ្រាម។ រយៈពេល១៥ឆ្នាំមកនេះ ពួកគេមិនបានត្រលប់ទៅស្រុកកំណើតម្ដងណាឡើយ ហើយពិតជានឹករឭកដល់កំណើតនៅឯម៉ាសេដូន និងក្រិកជាអនេក ពួកគេបានបាត់បង់បងប្អូន និងមិត្តភក្ត្ររួមសង្គ្រាមជាច្រើននាក់ រសាយអស់ឫទ្ធានុភាពស្មារតីក្លាហានដែលធ្លាប់មាន។

ម្យ៉ាងទៀត មហិច្ចតារបស់កងទ័ពសម្ពន្ធមិត្តដែលចេញមកធ្វើសង្គ្រាមនេះ គឺត្រឹមតែសងសឹកបង្ក្រាបអំណាច និងវាយកម្ទេចចក្រភពពែក្យដែលធ្លាប់ទន្ទ្រានពិភពក្រិកតែប៉ុណ្ណោះ មិនបានគិតដល់មហិច្ចតាវាយមកដល់ឥណ្ឌាដែលជាចក្រភពធំខ្លាំងនោះទេ។ រីឯព្រះចៅអធិរាជក៏គិតតែចង់ពង្រីកមហិច្ចតា លែងសូវខ្វល់ខ្វាយពីសុខទុក្ខ និងការនឿយហត់របស់កងទ័ពដែលខំធ្វើចម្បាំងជួយទ្រង់រាប់ឆ្នាំមកនេះ។ ទាំងនេះហើយទើបធ្វើឱ្យកងទ័ពសម្ពន្ធមិត្តបរាជ័យក្នុងសង្គ្រាមជាមួយឥណ្ឌា និងមិនអាចរុសចូលជ្រៅទៅក្នុងពិភពហិណ្ឌូទៀតបាន។

* អវសានរបស់ព្រះចៅអាឡិចសង់មហារាជ

នៅក្នុងសមរភូមិហ៉ីដាស្ពេស អង្គព្រះអាឡិចសង់បានត្រូវរបួសនឹងលំពែងរបស់កងទ័ពសត្រូវ ហើយបានបាត់បង់ព្រះញាតិវង្ស និងមេទ័ពជំនិតជាច្រើននាក់។ ដោយកើតទុក្ខនឹងរឿងនេះផង រីឯកងទ័ពក៏ធ្លាក់អានុភាពទៀតផងនោះ ធ្វើឱ្យព្រះចៅអាឡិចសង់ធ្លាក់ព្រះកាយប្រឈួនជាទម្ងន់។

ក្រោយមានការទូលស្នើពីសំណាក់កងទ័ពផងនោះ ទេវបុត្រសង្គ្រាមអង្គនេះក៏បានដកទ័ពថយពីទន្លេបេអាស (Beas) នៃភាគពាយព្យឥណ្ឌាចុះទៅកាន់ឈូងសមុទ្រអូម៉ង់ (Oman) ដើម្បីឡើងសំពៅវិលទៅកាន់ទីក្រុងបាប៊ីឡូនវិញ នាឆ្នាំ៣២៥ មុនគ្រិស្តសករាជ។

ឯកសារខ្លះបានសរសេរថា នៅតាមផ្លូវដកទ័ពពីឥណ្ឌាទៅកាន់ទីក្រុងបាប៊ីឡូនវិញនោះ ព្រះមហារាជអាឡិចសង់បានឆ្លងជំងឺគ្រុនចាញ់ប្រឈួនជាទម្ងន់ ខណៈព្រះកាយទ្រង់ក៏ត្រូវរបួសធ្ងន់ ហើយថែមទាំងច្បាំងមិនឈ្នះឥណ្ឌាទៀតនោះ ធ្វើឱ្យព្រះអង្គឈឺចិត្តយ៉ាងខ្លាំង។

នៅពេលសម្រាកព្រះកាយនៅទីក្រុងបាប៊ីឡូន ព្រះចៅអាឡិចសង់ដែលធ្លាក់តែខ្លាំងក្លាគ្មានគូប្រៀប បែរជាវក់វីនឹងការសោយសុរា លែងគិតគូរអំពីរាជ្យកិច្ច និងមិនព្រមព្យាបាលព្រះរោគនោះឡើយ រហូតបណ្ដាលឱ្យបាត់បង់ព្រះជន្មសុគតនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ៣២៣ មុនគ្រិស្ដសករាជ ក្នុងជន្មាយុ៣៣ព្រះវស្សា។

ព្រះចៅអាឡិចសង់មហារាជ (Alexander the Great) ជាព្រះមហាវីរក្សត្រវ័យក្មេងដ៏ឆ្នើម មានមហិច្ចតាធំមហិមា ចេះប្រើក្បួនសឹកសង្គ្រាមខ្លាំងពូកែល្បីល្បាញរន្ទឺពេញទ្វីបលោក ប៉ុន្តែទាស់តែព្រះជន្មខ្លី សោយទិវង្គតមុនសម្រេចមហិច្ចតាលេបយកពិភពហិណ្ឌូ៕