(ពិភពលោក)៖ ការហៅកម្រិតមាស និងសម្គាល់មាស មានបែបបទច្រើនយ៉ាងណាស់ គឺចាប់ពីកម្រិត 10K ដល់ 24K។ ទោះយ៉ាងណា ជាទូទៅ គេយកតែមាស ៤កម្រិតមកហៅ និងសម្គាល់តែប៉ុណ្ណោះ ដែលកម្រិតទាំង៤នោះ រួមមាន៖ 10K, 14K, 18K, និង 24K ។

តើមាសកម្រិត 10K, 14K, 18K, និង 24K ខុសគ្នាបែបណាដែរ?

នេះជាចំណេះដឹងទូទៅមួយដ៏មានសារៈសំខាន់ ហើយ Fresh News Plus សូមចែករំលែកចំណេះដឹងនេះ ដូចខាងក្រោម៖

* មាសកម្រិត 24K៖

24K គឺជាមាសសុទ្ធតែម្តង ឬបង្ហាញថា មាសនោះសុទ្ធចាប់ពី 99.95% ឡើងទៅ។ គួរកត់សម្គាល់ថា ភាគច្រើនយើងមិនដែលឃើញគេយកមាសកម្រិតនេះ ទៅធ្វើជាគ្រឿងអលង្ការឡើយ ដោយសារមាសសុទ្ធមានលក្ខណៈទន់ និងងាយនឹងរងការឆ្កូតណាស់។ ដូច្នេះហើយបានជារឿយៗ គេតែងតែបញ្ចូលលោហៈធាតុផ្សេងទៀតទៅក្នុងមាស ដើម្បីឲ្យវារឹង និងជាប់បានយូរ ដើម្បីធ្វើជាគ្រឿងអលង្ការ។

* មាសកម្រិត 18K៖

18K គឺជាមាសដែលត្រូវបានបង្កើតឡើងដោយផ្ទុកមាស 75% និងមានលោហៈធាតុ 25% ។ មាសប្រភេទនេះ ភាគច្រើនគេសម្គាល់ថា ជាទម្រង់មាសសុទ្ធ ដែលសម្រាប់យកទៅធ្វើជាចិញ្ចៀន នាឡិកា និងគ្រឿងអលង្ការជាច្រើនទៀត។ ទោះបីជា 18K មើលទៅស្រស់ស្អាត ក៏ប៉ុន្តែវាថ្លៃ ហើយក៏ងាយរងការឆ្កូតស្ទើរតែដូចមាសកម្រិត 24K ដែរ។

* មាសកម្រិត 14K៖

14K គឺជាមាសដែលត្រូវបានបង្កើតឡើងដោយមាស 58.3% និងលោហៈធាតុ 41.7% ។ មាសប្រភេទនេះ ជាទូទៅត្រូវបានគេឃើញថា មានប្រើប្រាស់យ៉ាងច្រើនទៅលើគ្រឿងអលង្ការ ដែលលក់នៅប្រទេសអ្នកមាន ដូចជា អាមេរិក អង់គ្លេស និងជាពិសេសប្រទេសលោកខាងលិច។ 14K គឺជាប្រភេទមាសមួយ ដែលមិនងាយឆ្កូត និងរឹងមាំ ប៉ុន្តែថ្លៃជាងកម្រិត 10K បន្តិច។

* មាសកម្រិត 10K៖

10K គឺជាប្រភេទមាសដែលត្រូវបានបង្កើតឡើងដោយមាស 41.7% និងលោហៈធាតុ 58.3% ។ មាសប្រភេទនេះ ធូរថ្លៃជាងគេបំផុត រឹងមាំជាងគេបំផុត ប៉ុន្តែគេហៅវាជាទូទៅថា ជាមាសអន់បំផុតឡើយ ហើយសម្រាប់អ្នកមានលំដាប់ខ្ពស់ គេមិនដែលទិញមាសប្រភេទនេះ ទៅធ្វើជាគ្រឿងអលង្ការឡើយ។ ទោះបីជាវាធូរថ្លៃសម្រាប់អ្នកក្រ និងរឹងមាំជាងកម្រិតមាសផ្សេងទៀត ប៉ុន្តែពណ៌វាមិនសូវស្អាត ហើយងាយនឹងប្រតិកម្មជាមួយស្បែកមនុស្សផងដែរ។

សូមបញ្ជាក់ថា K មានន័យថា ការ៉ាត់ (Karat) សម្រាប់ហៅមាស។ រីឯ ការ៉ាត់ (Carat) ដែលសរសេរដោយអក្សរ C នៅពីមុខ គេសម្គាល់ដល់រង្វាស់រង្វាល់ទម្ងន់ សម្រាប់ហៅពេជ្រ៕