(បរទេស)៖ អស់រយៈពេលប្រមាណជាមួយសហវត្សរ៍ មនុស្សយើងតែងតែទទួលទានអាហារនៅក្រៅផ្ទះ ដូចជាការទិញអាហារសម្រន់នៅ​តាមចិញ្ចើមផ្លូវរឺ ឬការឈប់សម្រាកពេលធ្វើដំណើរ នៅឯតៀមអាហារតាមដងវិថីជាដើម។

នៅលោកខាងលិច គំរូភោជនីយដ្ឋានសម័យទំនើបជំនាន់ដំបូងៗ ភាគច្រើនគឺមកពីប្រទេសបារាំង រួមជាមួយបដិវត្តន៍នៃវិជ្ជាធ្វើម្ហូបដែលបាន​​ ចាប់ផ្តើមឡើង នៅក្នុងទីក្រុងប៉ារីស ក្នុងសតវត្សរ៍ទី១៨។ ប៉ុន្តែគំរូដំបូងបង្អស់មួយនៃវប្បធម៌ភោជនីយដ្ឋានពិតប្រាកដនោះ គឺបានចាប់ផ្តើមពី​​តំបន់ផ្សេងឯណោះទេ កាលពី៦០០ឆ្នាំមុននោះទៅទៀត។

* ដើមកំណើតដំបូងបង្អស់នៃភោជនីយដ្ឋាន
យោងតាមអ្នកស្រាវជ្រាវលោក អ៊ែលលាត ស្ស័រ (Elliott Shore) និងលោកស្រី ខេធី រ៉សុន (Katie Rawson) ដែលជាអ្នកនិពន្ធសៀវភៅ​ប្រភេទ​រៀបរាប់អំពីប្រវត្តិសាស្ត្រនៃភោជនីយដ្ឋាននៅលើពិភពលោក បានឲ្យដឹងថា កន្លែងដំបូងៗបំផុតដែលអាចមើលស្គាល់បានដោយ​ងាយថាជាភោជនីដ្ឋាន បានលេចឡើងនៅខ្ទង់ឆ្នាំ១១០០ ក្នុងប្រទេសចិន នៅពេលដែលទីក្រុងដូចជាកៃហ្វេង និងហាងចូវមានប្រជាជន​រស់នៅយ៉ាងក្រាស់ក្រែល ប្រមាណជាងមួយលាននាក់។

ការធ្វើជំនួញពាណិជ្ជកម្មមានភាពមមាញឹកយ៉ាងខ្លាំង រវាងទីក្រុងនៅប៉ែកខាងជើងនិងខាងត្បូងទាំងនេះ នៃរជ្ជកាលសុងនាសតវត្សរ៍ទី១២។ ភោជនីយដ្ឋាននៅក្នុងទីក្រុងទាំងពីរ គឺត្រូវបានបង្កើតឡើងដើម្បីបម្រើនូវម្ហូបអាហារភាគខាងត្បូង សម្រាប់អ្នកមកពីភាគខាងត្បូង ឬមួយក៏​ដើម្បីបម្រើនូវម្ហូបអាហារភាគខាងជើង សម្រាប់អ្នកមកពីភាគខាងជើង។ ភោជនីយដ្ឋានប្រភេទនេះ ត្រូវគេចាត់ទុកថា ជាភោជនីយដ្ឋាន​​​ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។

ភោជនីយដ្ឋានដំបូងទាំងនេះ ស្ថិតនៅក្នុងតំបន់ពោរពេញដោយកន្លែងកំសាន្តផ្សេងជាច្រើន សម្រាប់បំពេញតម្រូវការអ្នកជំនួញមកពីចម្ងាយ មានដូចជា ផ្ទះសំណាក់ តៀមស្រា និងបនល្បែង-ស្រីញី។ យោងតាមឯកសារចិននាសម័យនោះ ជម្រើសភោជនីយដ្ឋានកាលពីទសវត្សរ៍ឆ្នាំ​​១១២០ គឺមានលក្ខណៈស្រដៀងទៅនឹងតំបន់ទេសចរណ៍នៅតាមទីប្រជុំជន នៃទីក្រុងនាសតវត្សរ៍ទី២១យ៉ាងដូច្នោះ។ បទពិសោធន៍នៃការ​ទទួលទានអាហារ នៅតាមភោជនីយដ្ឋានធំៗនិងប្រណិតៗនាសម័យនោះ គឺមិនសូវខុសពីពេលបច្ចុប្បន្ននោះទេ ហើយមានម្ហូបយ៉ាងសម្បូរ​បែបឲ្យជ្រើសរើស។

នៅប្រទេសជប៉ុនវិញ វប្បធម៌ភោជនីយដ្ឋានពិសេសប្លែកមួយ ត្រូវបានបង្កើតឡើងទៅតាមប្រពៃណីរបស់ប្រទេសជប៉ុន​នៅក្នុងទសវត្សរ៍ឆ្នាំ ១៥០០។ លោក សិន ណូរីយុ (Sen no Rikyu) ដែលជាមេចុងភៅជប៉ុនសតវត្សរ៍ទី១៦ បានបង្កើតនូវប្រពៃណីទទួលទានអាហារច្រើនមុខ មានឈ្មោះថា កៃសេគិ (Kaiseki)។ រសជាតិមុខម្ហូបទាំងអស់នៃអាហារ Kaiseki ត្រូវបានរៀបចំឡើងដោយផ្ដោតសំខាន់លើការពិព័ណ៌នា​អំទីកន្លែងនិងរដូវកាលណាមួយ។

ទោះបីលោកខាងលិច និងលោកខាងកើត មានទំនាក់ទំនងធ្វើពាណិជ្ជកម្មជាមួយគ្នារាប់សតវត្សរ៍ក៏ដោយ វាពុំមានភស្តុតាងណាមួយដែល​អាចបញ្ជាក់បានឡើយ វប្បធម៌ភោជនីយដ្ឋានដំបូងៗទាំងនេះនៅឯប្រទេសចិន និងជប៉ុន បានជះឥទ្ធិពលទៅលើគំនិតនៃការបង្កើតឡើងនូវ​​ភោជនីដ្ឋាននៃតំបន់អឺរ៉ុបឬយ៉ាងណានោះទេ។

* វប្បធម៌ទទួលទានអាហារលើតុរួមនៅអឺរ៉ុប
អំឡុងពេលស្របាលគ្នា ដែលចុងភៅជប៉ុនបង្កើតបទពិសោធន៍ទទួលទានអាហារ ដែលឆ្លុះបញ្ចាំងអំពីទីកន្លែងនិងរដូវកាល។ វប្បធម៌ហូប​អាហារមួយបានទទួលការពេញនិយមនៅលោកខាងលិច ដែលភាសាបារាំងហៅថា «Table d'hote» ជាការបរិភោគអាហា​នៅតុរួមជាមួយ​គ្នា។

អាហារប្រភេទនេះ ត្រូវគេបរិយោគនៅតាមកន្លែងសាធារណៈជាមួយមិត្តភក្តិ ឬអ្នកដទៃ ដែលប្រមូលផ្តុំគ្នានៅតុវែងធំមួយ។ អ្នកស្រាវជ្រាវ​​បានអះអាងថា វាមើលទៅប្រៀបដូចជាភោជនីយដ្ឋាន ប៉ុន្តែតាមពិតមិនមែននោះឡើយ ដោយសារតែហេតុផលជាច្រើន។ មូលហេតុទី១ មានតែម្ហូបមួយមុខប៉ុណ្ណោះ ដែលត្រូវបម្រើជូនភ្ញៀវក្នុងមួយថ្ងៃ ហើយកំណត់ពេលជាក់លាក់ថែមទៀតគឺនៅម៉ោង១រសៀល។ ក្រៅពីនេះ ភ្ញៀវក៏មិនមានជម្រើសម្ហូបឲ្យជ្រើសរើសដែរ គឺខាងចុងភៅជាអ្នកកំណត់។ ក្រោយមក ចាប់ពីសតវត្សរ៍ទី១៥ទៅ ក៏ Table d'hote ក៏ចាប់​ផ្តើមមានជម្រើសម្ហូបច្រើនទៅៗ ហើយវប្បធម៌ទទួលទានអាហាររបៀបនេះរបស់ពួកអឺរ៉ុប បានបន្តហួសពីពេលដែលភោជនីយដ្ឋានដំបូង បានចាប់កំណើតឡើងទៅទៀត។

* ភោជនីយដ្ឋានសម័យទំនើប លេចឡើងដំបូងនៅប្រទេសបារាំង
ពាក្យ Restaurant ដែលបច្ចុប្បន្នមានន័យថា «ភោជនីយដ្ឋាន» គឺបានមកពីពាក្យបារាំង «Restaurer» ជាកិរិយាស័ព្ទ ដែលមានន័យថា «ស្ដារខ្លួនឡើងវិញ»។ ភោជនីយដ្ឋានពិតប្រាកដដំបូងនៅប្រទេសបារាំង បានចាប់ផ្តើមបើកទ្វារតាំងតែពីមុនបដិវត្តន៍បារាំងឆ្នាំ១៧៨៩ ក្នុងទម្រង់ជាហាងអាហារសុខភាព ដែលមានលក់ម្ហួបគោលតែមួយមុខគត់គឺ ស៊ុប (Bouillon)។ បារាំងបានហៅស៊ុបនោះថា Bouillon Restaurant ឬ Restorative Broth ដែលមានន័យថា «ស៊ុបប៉ូវសុខភាព»។

ភោជនីយដ្ឋានបារាំងដំបូងបំផុតបានលេចឡើងនៅទសវត្សរ៍ឆ្នាំ១៧៦០-៧០ ចំសម័យដែលពួកអ្នកជំនួញមានៗ នៅទីក្រុងប៉ារីសផ្តោត​សំខាន់ទៅលើការហូបអាហារ ដែលមើលទៅមានលក្ខណៈពិសេសជាងអាហារធម្មតាៗ ដែលជនសាមញ្ញក៏អាចហូបបាន ហើយស៊ុបប៉ូវ​​សុខភាពនេះ គឺបានទាក់ទាញពួកគេយ៉ាងផុសផុល។

គួរជម្រាបថា ក្រោយភាពជោគជ័យនៃស៊ុបប៉ូវសុខភាពខាងលើ ក៏បានចាប់ផ្តើមមានមុខម្ហូបដទៃៗទៀត ដែលត្រូវដាក់បញ្ចូលជាជម្រើស​មុខម្ហូបបន្ថែម ហើយពេលមកដល់ចុងទសវត្សរ៍ឆ្នាំ១៧៨០ ហាងអាហារសុខភាពទាំងនោះ បានវិវត្តន៍ក្លាយទៅជាភោជនីយដ្ឋានធំៗប្រចាំ​​​នៅទីក្រុងប៉ារីសដូចជា Trois Frères និង La Grande Tavene de Londres ជាដើម។ តៗក្រោយមកទៀត វប្បធម៌ភោជនីយដ្ឋានក៏បាន​បន្ត​​​​កកើតយ៉ាងរីកសុះសាយទៅដល់អាមេរិក និងតំបន់ដទៃៗទៀត៕

ប្រភពវែបសាយ History.com