(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ចំនួនអ្នកស្លាប់​នៅក្នុងគ្រោះរអិល​បាក់ដី នៅឯទីក្រុង​ដ៏សំខាន់ៗចំនួនពីរ​របស់ហ្វីលីពីន កាលពី​សប្ដាហ៍មុនបាន​កើនដល់ ៩៥នាក់ហើយ ខណៈ៥៩នាក់​នៅបន្តបាត់ខ្លួន​នៅឡើយ ដោយចំនួននេះ​មិនគិត​ចំពោះមនុស្សស្លាប់ និងបាត់ខ្លួន​សរុបជិត ១០០នាក់ ដោយ​ព្យុះទីហ្វុង​មាំងឃុត (Mangkhut) កាលពី​សប្តាហ៍មុននោះ​ឡើយ។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាម​អាជ្ញាធរហ្វីលីពីន​គិតត្រឹមយប់ថ្ងៃអាទិត្យ​​ម្សិលមិញ សាកសពមនុស្ស ៤៩នាក់ ត្រូវបានគេទាញចេញពី​គំនរបាក់បែក និងល្បាប់ភក់នៅ​ក្នុងទីក្រុង អ៊ីតូហ្គន (Itogon) នៃខេត្ត ប៊ែងហ្គេត (Benguet) ស្ថិតនៅភាគខាងជើង​ប្រទេសហ្វីលីពីន ហើយសាកសព​មនុស្ស ៤៦នាក់ ផ្សេងទៀតត្រូវ​បានរកឃើញក្រោយ​គ្រោះរអិលបាក់ដី​ វាយប្រហារលើ​សហគមន៍មួយ​កន្លែងក្នុង​ទីក្រុង ណាហ្គា (Naga) នៃខេត្ត សេប៊ូ (Cebu) ស្ថិតនៅភាគកណ្ដាល​ប្រទេស​ហ្វីលីពីន។

ដោយឡែក បើតាមក្រុមមន្ត្រីគ្រប់គ្រង​គ្រោះមហន្តរាយ​ហ្វីលីពីន មនុស្សជិត ២០០នាក់ បានស្លាប់ដោយ​សារខ្យល់ព្យុះទីហ្វុង Mangkhut និងគ្រោះរអីល​បាក់ដីចំនួនពីរលើក​​កាលពីសប្ដាហ៍មុន។ បន្ថែម​ពីលើនេះ កសិករ និងអ្នកនេសាទជិត ១.៦លាននាក់ ក៏ទទួលរង​ផលប៉ះពាល់ដោយសារ​ព្យុះទីហ្វុងមួយនេះ​ផងដែរ ខណៈផល​ដំណាំពី ៨០ ទៅ ៩០ភាគរយ ត្រូវបាន​បំផ្លិចបំផ្លាញ។

គួរជម្រាបថា ជារៀងរាល់ឆ្នាំប្រទេសហ្វីលីពីន​ តែងតែរងគ្រោះដោយព្យុះ​យ៉ាងតិចចំនួន ២០ ហើយព្យុះទីហ្វុង​ដែលផ្ដាច់ជីវិត ប្រជាជនហ្វីលីពីនច្រើន​ជាងគេបំផុត គឺព្យុះ ហៃយ៉ាន (Haiyan) ដែលឆក់យក​ជីវិតមនុស្សច្រើន​ជាង ៦,០០០នាក់ កាលពីឆ្នាំ២០១៣ និងព្យុះ កេតសាណា (Ketsana) បានសម្លាប់មនុស្សច្រើន​ជាង ៧០០នាក់ កាលពី​ឆ្នាំ២០០៩៕