(អាមេរិក)៖ ស្លាកសញ្ញាផ្លូវការ​របស់ទីភ្នាក់ងារ​អវកាស NASA ដែលមាន​អាយុកាល ៥៩ឆ្នាំ មកហើយនោះ​បច្ចុប្បន្ន​ត្រូវគេ​យល់​​ឃើញ​ថា គួរឲ្យត្រូវធ្វើ​ការផ្លាស់ប្តូរឲ្យ​ប្រសើរ​ឡើងជាងមុន ដើម្បីឲ្យសាកសម​នឹងភាព​រីកចម្រើន​ក្នុងវិស័យអវកាស​នាសតវត្សរ៍ទី ២១​​ នេះ។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

អវកាសយានិកអាមេរិកមួយចំនួន បានលើកឡើងថា អង្គការ NASA ត្រូវការស្លាកសញ្ញាថ្មី និងមានភាពប្រសើរជាងមុន ដែលឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​បេសកកម្មនាពេលបច្ចុប្បន្ន រួមជាមួយទស្សនវិស័យនាថ្ងៃអនាគត របស់ទីភ្នាក់ងារអវកាសនេះ។ ចំណែកស្លាញសញ្ញា​ដែល​​មានរហស្សនាមថា Meatball ដ៏ចំណាស់នេះ មើលមិនសាកសមនឹងការរីកចម្រើនក្នុងវិស័យអវកាស នាសតវត្សរ៍ទី២១នេះឡើយ។

ម៉្យាងវិញទៀត​ប្រសិនបើ NASA ចង់ទទួលបាន​កញ្ចប់ថវិកាឧបត្ថម្ភច្រើន​ជាងមុន និងទាក់ទាញចំណាប់​អារម្មណ៍ក្នុងគម្រោង​​របស់ខ្លួន​នោះ NASA ត្រូវបានបង្ហាញ​ឲ្យគ្រប់គ្នាបានឃើញ​នូវរូបភាពតំណាង​មួយ ដែលស្របទៅ​តាមមហិច្ឆតា​របស់ខ្លួន ដោយទីភ្នាក់ងារ​​អវកាសនេះ ត្រូវស្លាកសញ្ញាមួយ ដែលស្តែងពី​គោលដៅ​នៅខាងមុខ និងផ្តល់តម្លៃឲ្យប្រវត្តិសាស្រ្ត​ដែលកន្លង​ហួសទៅ តែពុំមានរូបរាង​​ដូចជាវត្ថុបុរាណដ៏ចំណាស់​ កាលពីអតីតកាល​នោះ​ឡើយ។

គួរជម្រាបថា ស្លាកសញ្ញា NASA បច្ចុប្បន្ន​ត្រូវបានរចនាឡើង​ដោយលោក James Modarelli កាលពី​ឆ្នាំ១៩៥៩ ពោលនៅ​ពេល NASA បង្កើតបាន​០២ឆ្នាំ។ ក្នុងនោះមានរូប​រង្វង់ពណ៌ខៀវ ដែលតំណាង​ឲ្យភព​ផ្កាយពណ៌ស​ តំណាងឲ្យ​ទីអវកាស និងស្លាបពណ៌​ក្រហម​រាង​ដូចអក្ស V តំណាងឲ្យវិទ្យាសាស្រ្ត​នៃការអភិវឌ្ឍន៍​យានអវកាស ហើយខ្សែពណ៌​សមួយវិលជុំវិញ​ឈ្មោះរបស់ទីភ្នាក់ងារ​នេះ តំណាង​ឲ្យ​​ការធ្វើដំណើរ​ក្នុងទីអវកាស។

បើគិតអំពី​ស្នាដៃ និងការចំណាយ​ពេលវេលា ព្រមទាំងថវិកាជាតិ​របស់អង្គការ NASA និងដៃគូ​សហការរបស់ខ្លួនវិញនោះ គឺតែឲ្យយើងមិន​ហ៊ានសូម្បីតែគិត ហើយក៏ដោយសារ​តែ​ការលះបង់ របស់​ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងជាពិសេស​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក ព្រមជា​មួយបណ្តាប្រទេស​ពាក់ព័ន្ធដទៃៗទៀត​នោះហើយ ទើប​មនុស្សម្នា​លើផែនដីបានទទួលផល​ប្រយោជន៍ និងចំណេះដឹងដែលមិនធ្លាប់​មានក្នុងប្រវត្តិសាស្ត្រ​នៃមនុស្សលោក ព្រមទាំង​ការការពារ​អាយុជីវិតពី​គ្រោះធម្មជាតិនានា​រាប់ទសវត្សរ៍​មកនេះ។

បច្ចុប្បន្ន​អង្គការ NASA មានទស្សនវិស័យ​កាន់តែវែងឆ្ងាយ ដោយ​ក្នុងនោះ​មានការផ្តោត​សំខាន់បំផុតលើការស្វែងរក​ជីវិតអេលៀន (ភពអេលៀន) តាមរយៈ​កែវយឺត​អវកាស និងតេឡេស្កូបលើដី​ជាច្រើនដែលត្រូវបាន និងគ្រោង​ផលិតឡើង។ បន្ថែមពីនេះ​ការកសាងមូលដ្ឋាន​ស្រាវជ្រាវ ជុំវិញឋាន​ព្រះច័ន្ទ និងការស្រាវជ្រាវ​ភព​អង្គារ គឺស្ថិតនៅក្នុង​ចំណោមគំរោងធំៗ ដែលអង្គការនេះកំពុងដំណើរ បូករួមទាំងការ​អភិវឌ្ឍ​គ្រាប់រ៉ុក្កែត​ប្រភេទថ្មី​ផងដែរ